ចប់ទី ១២ មិនដឹងធ្វើអី កញ្ញា ចាន់នេត្រា រត់ទៅរៀនរូបមន្តធ្វើកាហ្វេដូងនៅថៃ ត្រឡប់មកវិញបើកហាង ឥលូវអង្គុយកើបលុយ
វាមិនមែនជាការចៃដន្យឡើយ ក្នុងការចាប់យកមុខរបរលក់កាហ្វេថៃ ដូងក្រអូប នៅតាមដងផ្លូវម្តុំខាងក្រោយមន្ទីរពេទ្យលោកសង្ឃអស់រយៈពេល ៦ឆ្នាំកន្លងមកនេះគឺកញ្ញា ខៀវ ចាន់នេត្រា ហៅ យូអាយ បានគិតគូរពិចារណាច្បាស់លាស់ហើយ ទើបបានទៅហាត់រៀនពីរបៀបធ្វើ កាហ្វេដូងក្រអូបនេះនៅប្រទេសថៃ ទើបរកទីតាំងសមស្របដើម្បីបើកលក់មុខរបរនេះ ។
កញ្ញា ខៀវ ចាន់នេត្រា ហៅ យូអាយ មានអាយុទើបតែ ២៤ ឆ្នាំប៉ុណ្ណោះគឺជាស្ថាបនិកបង្កើតកន្លែងលក់” អាយកាហ្វេថៃដូងក្រអូប”នៅតាមបណ្ដោយផ្លូវ ២៦៥ កែងនឹងផ្លូវ ១៥០ ចំពីខាងក្រោយមន្ទីរពេទ្យព្រះកុសុមៈ ( ពេទ្យលោកសង្ឃ) បានបង្ហើបឱ្យដឹងពីមូលហេតុ ដែលនាំឱ្យទទួលបាននូវភាពជោគជ័យក្នុងមុខរបរនេះថា៖« ការលក់កាហ្វេថៃដូងក្រអូបនេះគឺក្នុង១កែវមានតម្លៃ ៤០០០រៀល ស្មើនឹង ១ដុល្លារ ហើយក្នុងមួយថ្ងៃនាងខ្ញុំអាចលក់បានពី ៨០០កែវ ទៅ ១០០០ កែវ ។ ហើយខ្ញុំនៅមានសាខា ២កន្លែងទៀត ដែលមួយកន្លែងនៅក្បែរហាងទីក្រុងអាន់ឆ័រ ដែលទើបតែបើកកាលពីពេលថ្មីៗនេះកន្លងមកនេះ និង មួយកន្លែងទៀត នៅឯខត្តបាត់ដំបងឯណោះគឺនៅម្តុំខាងក្រោយសាលា សហឺ ដែលបានបើកដំណើរការអស់រយៈពេលប្រមាណជា ៣ខែមកហើយ» ។
បន្ទាប់ពីឈប់រៀនត្រឹមថ្នាក់ទី១២នៃសាលាសន្ធរម៉ុក កាលពីឆ្នាំ២០១៣ យូអាយ បានធ្វើដំណើរទៅប្រទេសថៃ ហើយបានឃើញពីរបៀបលក់ដូររបស់គេសាមញ្ញគឺគេលក់ហូរហែតាមដងផ្លូវ កញ្ញា ក៏នឹកឃើញចង់លក់បែបនោះ នៅក្នុងស្រុកខ្មែរដែរ ព្រោះសង្កេតឃើញថា ភេសជ្ជៈប្រភេទដូងក្រឡុកនោះមានលក់តែនៅតាមហាងទំនើបហាងប្រេនៗប៉ុណ្ណោះ ដោយគេលក់មួយកែវ១ម៉ឺនរៀល ទាល់តែអ្នកមានជីវភាពធូរធារទើបមានលទ្ធភាព ។ ដោយ កញ្ញាមានគំនិតចង់ជួយសម្រួលដល់អ្នកមានជីវភាពមធ្យម និង សាមញ្ញឱ្យបានស្គាល់រសជាតិកាហ្វេដូងក្រឡុកនេះដែរ ទើបកញ្ញា សម្រេចចិត្តទៅហាត់រៀនពីរបៀបធ្វើភេសជ្ជៈទាំងនេះ ។ ក្រោយពីរៀនចេះចប់ កញ្ញា ក៏បានវិលត្រឡប់មកវិញនាឆ្នាំ២០១៤ ហើយបានដើររកទីតាំងលក់នៅក្នុងទីក្រុងភ្នំពេញ ។
កញ្ញា យូ អាយ បានរៀបរាប់ទៀតថា «ទម្រាំតែដើររកទីតាំងដើម្បីលក់បាននោះ ក៏មានការលំបាកខ្លាំងណាស់ដែរ ព្រោះត្រូវសិក្សាស្វែងយល់ថាតើជាកន្លែងសមស្របដែរឬទេ ព្រោះបើលក់នៅលើផ្លូវធំពិតជាមិនសូវមានភ្ញៀវចូលទេ ដោយសារ តែភាគច្រើនគេជិះរថយន្តទៅហួសមកហួស បើចូលវិញ ក៏គេរកតែហាងធំៗដូច្នេះគឺមានតែតាមផ្លូវក្នុងដែលមានការធ្វើចរាចរណ៍ចុះឡើងច្រើន ហើយជាអ្នកមានជីវភាពមធ្យម ដែលគេមិនរើសអើង ឬ ប្រកាន់ដោយអាចឆៀងចូលទិញបាន ។ ទីបំផុតក៏សម្រេចជ្រើសយកទីតាំង នៅខាងក្រោយមន្ទីរពេទ្យលោកសង្ឃនេះ ព្រោះមានភាពអ៊ូអរក្បែរមន្ទីរពេទ្យ ហើយក៏ជិតសាលារៀនផងដែរ »។
” អាយកាហ្វេថៃដូងក្រអូប” សព្វថ្ងៃនេះ មានលក់ប្រមាណជា ៣០មុខបំពេញទៅតាមតម្រូវការអតិថិជន និង លក់ដាច់ខ្លាំងណាស់ ជារៀងរាល់ថ្ងៃគេសង្កេតឃើញ អ្នកចូលទិញកាហ្វេនេះ ជាហូរហែតាំងពីព្រឹករហូតដល់យប់ ដោយភ្ញៀវភាគច្រើនជាយុវវ័យ ,ជាបុគ្គលិកក្រុមហ៊ុន ,ជាសិស្សនិស្សិត,ជាក្រុមគ្រួសារ…។ល។ ក្នុងនោះភាគច្រើនគេនិយមទិញ កាហ្វេដូង , តែបៃតងដូង ,តែទឹកឃ្មុំព្រៃ,តែក្រូចឆ្មា,ផាសិន និង ពេលរសៀលដល់យប់ គេនិយមផ្លែឈើក្រឡុក ឬ ប៊រក្រឡុកជាដើម ។
ការបើកលក់កាហ្វេដូងមុនដំបូងនៅតាមដងផ្លូវនេះ កញ្ញា យូអាយ បានប្រាប់ថា នាងបានប្រើដើមទុនដំបូងតែ ២០០០ ដុល្លារប៉ុណ្ណោះ ដែលបានមកពីការជួយជ្រោមជ្រែងរបស់ឪពុកម្តាយ ។ រហូតមកដល់ពេលនេះ នាងមានដើមទុនកើនដល់រាប់ម៉ឺនដុល្លារ មានកន្លែងលក់ ៣ កន្លែង និង បុគ្គលិកសរុបចំនួន ១២ នាក់ ។
មូលហេតុដែលនាំឱ្យកាហ្វេរបស់កញ្ញាទទួលបានការគាំទ្រកាន់តែច្រើនឡើងៗនេះ ដោយសារតែកញ្ញា ចេះកែច្នៃកាហ្វេនេះឱ្យមានរសជាតិប្លែកពីគេ ពោលគឺរសជាតិថ្មីប្លែកបែបថៃ ដោយក្នុងមួយកែវមានគ្រឿងផ្សំចំនួនដល់ទៅ ៩ មុខ ហើយវត្ថុធាតុដើមទាំងអស់សុទ្ធសឹងនាំចូលមកពីប្រទេសថៃ ។ អ្វីដែលកាន់តែទទួលបានការគាំទ្រពីអតិថិជនទៀតនោះគឺកាហ្វេរបស់កញ្ញាមិនមែនជាកាហ្វេខ្លាំងនោះទេ ហើយក៏មានលក់តែបៃតងផងដែរ ដូច្នេះអាចស្រូបយកអតិថិជនគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ ។ ពោលគឺទាំងក្មេង ចាស់គឺសុទ្ធតែអាចញ៉ាំបានទាំងអស់ ព្រមទាំងលក់ក្នុងតម្លៃសមរម្យទៀតនោះ មានអតិថិជនចូលទិញជាហូហែឥតដាច់ឡើយ ។
**គម្រោងការទៅថ្ងៃអនាគត
កញ្ញា ខៀវ ចាន់នេត្រា ហៅ យូអាយ ដែលជាស្ថាបនិកបង្កើតកន្លែងលក់” អាយកាហ្វេថៃដូងក្រអូប”បានប្រាប់ថា សម្រាប់កញ្ញាផ្ទាល់គឺនឹងធ្វើការលក់ហ្វ្រែនឆាយ សំខាន់គឺចង់ជួយដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលមានទីកន្លែងសមស្របអាចបើកលក់បានកុំទុកកន្លែងចោលគឺគាត់អាចសហការជាមួយកញ្ញាធ្វើឱ្យមនុស្សមានការងារធ្វើផង និង មានមុខរបររកស៊ីដោយខ្លួនឯងផង ៕