គ្រវាត់ប្រាក់ខែជាង ១០០០ ដុល្លារ មកបើកកសិដ្ឋានចិញ្ចឹមសត្វ ឥលូវរកចំណូលបានជាង ១ ម៉ឺនដុល្លារផុយៗក្នុងមួយខែ
ដោយសារតែមានជំនាញ និង បទពិសោធខាងផ្នែកកសិកម្ម ការចិញ្ចឹមសត្វ និង ផ្នែកវារីវប្បកម្មផងនោះ លោក ហាច ឆន បានបោះបង់ការងារនៅតាមអង្គការ ដែលមានប្រាក់ខែ ១០០០ដុល្លារនោះចោល មកបើកកសិដ្ឋានចិញ្ចឹមសត្វ និង ផ្នែកវារីវប្បកម្មនេះវិញម្តង ដោយក្នុងមួយខែៗ លោកអាចរកចំណូលបានពីកសិដ្ឋាននេះ រហូតដល់ ១២ ០០០ដុល្លារ (កាត់ចំណាយផ្សេងៗរួច )នេះជាចំណូលមួយ ដែលធ្វើឱ្យគ្រួសាររបស់លោក ហាច ឆន មានជីវភាពរស់នៅបានសមរម្យ មិនដូចកាលពីធ្វើការ នៅអង្គការនោះឡើយគឺជីវភាពគ្រួសាររបស់លោកមានការខ្វះខាតយ៉ាងខ្លាំង ។
កសិដ្ឋានរបស់លោក ហាច ឆន មានឈ្មោះកសិដ្ឋាន ៤០០ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។ ដោយនៅក្នុងកសិដ្ឋានរបស់លោកមានចិញ្ចឹមសត្វជាច្រើនប្រភេទទាំងសត្វ នៅលើគោក និង សត្វក្នុងទឹក ។ សត្វលើគោករួមមាន៖ សត្វមាន់ខ្មែរ មាន់ពូជថ្លៃៗ ក្រួច ព្រាប ទាកប៉ា ក្ងាន ប្រភេទមាន់ខ្មៅ ជាដើម ។ ដោយឡែកសម្រាប់សត្វក្នុងទឹកវិញរួមមាន៖ ខ្ចង ខ្ចៅ កង្កែប អន្ទង់ បង្កង កំពិស កន្ធាយ ជន្លេន និង ត្រីជាដើម ។
លោក ហាច ឆន បានផ្តល់បទសម្ភាសជាមួយ «ប្រជាប្រិយ»តាមប្រព័ន្ធទូរស័ព្ទពីខេត្តមណ្ឌលគិរីមកថា« កាលពីមុន ខ្ញុំធ្វើការនៅអង្គការ ដែលមានប្រាក់ខែ ១០០០ដុល្លារ ដោយមើលឃើញថា ប្រាក់ចំណូលប៉ុណ្ណេះ មិនអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានជីវភាពធូរធារបាននោះ ហើយដោយមានជំនាញខាងផ្នែកកសិកម្ម ចិញ្ចឹមសត្វ និង ផ្នែកវារីវប្បកម្មផងនោះ ខ្ញុំបានមកបង្កើតកសិដ្ឋានចិញ្ចឹមសត្វដោយខ្លួនឯង ។ ពីដំបូងខ្ញុំបានសន្សំលុយពីធ្វើការនៅអង្គការនោះបន្តិចម្តងៗយកមកចិញ្្ចឹមសត្វទាំងក្នុងទឹក និង លើគោក នៅពេលវាបានដំណើរការល្អហើយនោះ ខ្ញុំបានសម្រេចចិត្តឈប់ពីធ្វើការនៅអង្គការ មកបើកកសិដ្ឋាននេះ នៅក្នុងឆ្នាំ ២០០៦ រហូតមកដល់សព្វថ្ងៃនេះ ។ ដោយក្នុងមួយខែៗខ្ញុំអាចរកចំណូលបានពីការចិញ្ចឹមសត្វទាំងអស់នេះ បានចំនួន ១៨ ០០០ដុល្លារ បើកាត់ថ្លៃចំណាយផ្សេងៗអស់គឺនៅសល់ចំនួន ១២ ០០០ដុល្លារដែរក្នុងមួយខែៗ »។
ក្រៅពីជាម្ចាស់កសិដ្ឋាន ៤០០នោះ ជារៀងរាល់ថ្ងៃនេះ លោក ហាច ឆន ក៏ធ្វើជាគ្រូបង្រៀនផ្នែកកសិកម្ម ដូចជាការបង្រៀនពីការចញ្ចឹមសត្វលើគោក និង សត្វក្នុងទឹកជាច្រើនប្រភេទ ។ ហើយកូនសិស្សរបស់លោកគឺមានទាំងនៅក្នុងប្រទេស និង នៅក្រៅប្រទេស សម្រាប់អ្នកនៅក្រៅប្រទេស លោកបង្រៀនតាម Online រៀនមួយចេះពីការចិញ្ចឹមសត្វលើគោក ឬ ក្នុងទឹកនោះ លោកយកតែ ៥០ដុល្លារប៉ុណ្ណោះ ។ ដូច្នេះ បើបងប្អូនចង់រៀនផ្នែកកសិម្ម ចិញ្ចឹមសត្វលើគោក និង សត្វក្នុងទឹកឱ្យទទួលបានជោគជ័យនោះ អាចទាក់ទងទៅលោក ហាច ឆន ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៩៧ ៨៨ ១១ ៤០០ ៕