ផ្តើមលក់ពី១គ្រែនៅមុខផ្ទះ ដល់ពេលឥឡូវពង្រីករហូតដល់ជិត ១០០តុ
ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង ៨ យប់ ក៏នៅតែមានអតិថិជនចេញ ចូល ជាហូរហែ ដែលក្នុងមួយថ្ងៃៗមានភ្ញៀវមិនក្រោមមួយពាន់នាក់នោះទេ ដែលបានចូលពិសារអាហារនៅក្នុងហាង «អាយវីន» នេះ ។ ហើយភ្ញៀវដែលទៅទីនោះភាគច្រើនគឺគេចូលចិត្តញ៉ាំបាញ់ឆែវ និង នំគ្រក់ ដែលគេបានល្បីតៗគ្នាថា ឆ្ងាញ់ ។
ហាងអាហារ «អាយវីន »នេះ មានទីតាំង ស្ថិតនៅតាមផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅទល់មុខសាលារៀនសុវណ្ណភូមិ ត្រូវបានអតិថិជននាំគ្នាហៅថា «ហាងអាហារ ១០០ មុខ» ព្រោះនៅទីនោះមានលក់ស្ទើរគ្រប់មុខអាហារ ដែលអតិថិជនត្រូវការរាប់ទាំងអាហារពេលព្រឹក ,អាហារថ្ងៃត្រង់ និង ពេលល្ងាចមានដូចជា៖ បាញ់ឆែវ,បាញ់ហយ,បាញ់ស្រុង,នំគ្រក់,គុយទាវកាត់,នំបញ្ចុក,គួង,សង្វាក់បាត់ដំបង ជាដើម។ល។
កូនស្រីម្ចាស់ហាងអាហារ «អាយវីន »ឈ្មោះ ថុល សុខហ៊ុយ អាយុ ២៦ ឆ្នាំបានផ្តល់បទសម្ភាសជាមួយ «ប្រជាប្រិយ»ជុំវិញកិច្ចដំណើរការអាជីវកម្មរបស់ហាងនេះថា៖« បើគិតមកដល់ពេលនេះ ហាងរបស់ខ្ញុំនេះ មានរយៈពេលជាង ១០ ឆ្នាំហើយ ។ ដោយចាប់ផ្តើមលក់ដំបូងគឺមានលក់ត្រឹមតែមួយគ្រែប៉ុណ្ណោះ ដែលអាចឱ្យភ្ញៀវអង្គុយញ៉ាំអាហារម្តងបានត្រឹមតែ ៤ ទៅ ៥នាក់ រហូតមកដល់ពេលនេះ ហាងត្រូវបានពង្រីកធំទូលាយ ដែលមានតុសម្រាប់ភ្ញៀវ ប្រមាណជិត ១០០ តុហើយក្នុង១តុអាចអង្គុយបានពី ៤ ទៅ ៥ នាក់ ។ការលក់ម្ហូបអាហារចាប់ផ្តើមពីព្រឹកព្រលឹមរហូតដល់ម៉ោង ៨ យប់ ដែលក្នុងនោះពេលព្រឹកសម្បូរភ្ញៀវចូលម្តង ពេលថ្ងៃត្រង់ក៏ច្រើន ហើយពេលរសៀល ក៏កាន់តែលក់ដាច់ខ្លាំង ចំពោះភ្ញៀវដែលនិយមចូលចិត្តបាញ់ឆែវ,នំគ្រក់ជាដើម »។
បើតាមការសង្កេតផ្ទាល់ ភ្ញៀវដែលចូលទៅពិសារអាហារក្នុងហាងនេះគឺចម្រុះ មានទាំងបុគ្គលិកក្រុមហ៊ុន,មន្រ្តីរាជការ,សិស្សនិស្សិត,អ្នកបើកបរ ជាដើម ។ សម្រាប់ម្ហូបអាហារនៅទីនោះគឺមានតម្លៃចាប់ពី ៥០០០ រៀលឡើងទៅ និង ម្ហូបកុម្មង់មានតម្លៃចាប់ពី ៨០០០ រៀលឡើងទៅ ។ ហើយបាញ់ឆែវមួយបន្ទះ មានតម្លៃ ៦០០០រៀល ទៅ ៧០០០រៀល តាមប្រភេទស្នូលរបស់វា ។ ដោយឡែកនំគ្រក់ ១០ គ្រាប់មានតម្លៃ ៦០០០ រៀល ។
**មូលហេតុ ដែលធ្វើឱ្យអតិថិជននិយមចូលចិត្តទៅញ៉ាំម្ហូប អាហរនៅទីនោះ ៖
ប្អូនស្រី ថុល សុខហ៊ុយ បានរៀបរាប់បន្តទៀតថា« មូលហេតុដែលភ្ញៀវពេញចិត្តចូលញ៉ាំអាហារនៅក្នុងហាង «អាយវីន » នេះ សំខាន់នៅត្រង់ម្ហូបអាហារមានតម្លៃធូរថ្លៃ មិនកាប់តម្លៃភ្ញៀវ ,ម្ហូបអាហារមានរសជាតិឈ្ងុយឆ្ងាញ់,សេវាកម្មរហ័សទាន់ចិត្ត ,អ្នកលក់មានទឹកមុខស្រស់ស្រាយរួសរាយរាក់ទាក់ ពិសេសម្ហូបអាហារទាំងអស់គឺសុទ្ធសឹងតែប្រកបដោយអនាម័យខ្ពស់ ។ ទឹកត្រីជ្រលក់ប្រចាំហាងធ្វើឱ្យភ្ញៀវឆ្ងាញ់ជាប់មាត់ ។ ជាក់ស្តែងសូម្បីតែបាញ់ឆែវឆ្ងាញ់គឺអាស្រ័យលើរសជាតិស្នូល និង ពិសេសទឹកត្រីសម្រាប់ជ្រលក់ ដែលក្នុងនោះគឺត្រូវបានផ្សំឡើងដោយម្ជូរសណ្តាន់ »។
ខុសប្លែកកាលពីជាង ១០ ឆ្នាំមុន ដែលហាង « អាយវីន »មានលក់តែត្រឹមមួយគ្រែមានអាហារ ៣ មុខចំណាយដើមទុនទិញបន្លែ ម្ហូប ត្រីសាច់ យកមកលក់អស់ត្រឹម ៣០ ម៉ឺនរៀលក្នុងមួយថ្ងៃ ។ ប៉ុន្តែនៅពេលនេះ មុខម្ហូបមានជិត ១០០ មុខ ហើយគ្រាន់តែបុគ្កលិកបម្រើការនៅក្នុងហាងនេះ មានរហូតដល់ទៅ ៣០ នាក់ ។ ហើយការចំណាយដើមទុនបានកើនឡើងដល់ ៥០០ ដុល្លារក្នុងមួយថ្ងៃសម្រាប់ទិញបន្លែ ត្រី សាច់ និង គ្រឿងផ្សំផ្សេងៗ ដោយមិនបានគិតពីបន្លែមួយចំនួនដែលដាំបានដោយខ្លួនឯង នៅកៀនស្វាយលើផ្ទៃដីទំហំជាង ១ ហិកតាឡើយ ។
ទៅថ្ងៃអនាគតម្ចាស់ហាង «អាយវីន »មានគម្រោង រៀបចំបង្កើតជារមណីយដ្ឋានមួយកន្លែង នៅខេត្តសៀមរាប ដែលជាដីផ្ទាល់ខ្លួន ទិញទុកនៅទីនោះ ៕