មុយ រ៉ាដូ ប្រាប់ពីបទពិសោធដាំការ៉ុតឱ្យទទួលបានជោគជ័យ និង ផលល្អ
ដំណាំការ៉ុត ទើបតែមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប៉ុណ្ណោះ ដែលប្រជាកសិករបាននាំគ្នាដាំនៅក្នុងខេត្តមណ្ឌលគិរី ។ កន្លងមកមើមការ៉ុតត្រូវបានគេធ្វើការនាំចូលមកពីបណ្តាប្រទេសជិត ប៉ុន្តែឥឡូវនេះប្រជាកសិកររបស់យើងអាចដាំដំណាំការ៉ុតនេះបាន ដោយមិនបាច់ធ្វើការនាំចូលមកពីប្រទេសជិតខាង ដូចកាលពីពេលមុនទៀតឡើយ ។ កសិករ មុយ រ៉ាដូ ជាអ្នកដាំដំណាំការ៉ុតម្នាក់ ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយមុខរបរដាំការ៉ុតរបស់គាត់កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ។ ប៉ុន្តែទម្រាំតែទទួលបានជោគជ័យបែបនេះ កសិកររូបនេះបានសាកល្បងដាំពិសោធន៍ និង តស៊ូ ព្យាយាមគ្រប់បែបយ៉ាងរហូតទទួលបានផលជាទីគាប់ចិត្ត ។
លោក មុយ រ៉ាដូ ជាកសិករម្នាក់ រស់នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានឈ្មោះបោះសម្លេង ខាងដាំបន្លែធម្មជាតិជាច្រើនមុខ គ្មានសារធាតុគីមី នៅក្នុងខេត្តភាគឦសាន្តមួយនេះ ។ សូម្បីតែអភិបាល ខេត្តមណ្ឌលគិរី និង រដ្ឋមន្ត្រីរ ក្រសួងកសិកម្ម ក៏កោតសរសើរការខិតខំប្រឹងប្រែងរបស់លោកដែរ ការដាំការ៉ុតវាមានការលំបាកបន្តិច ដែលទាមទារឱ្យអ្នកដាំ មានការអត់ធ្មត់ និង ឧស្សាព្យាយាម ទើបបានទទួលផលល្អ ។
**បច្ចេកទេសក្នុងការដាំដុះការ៉ុត
លោក មុយ រ៉ាដូ បានរៀបរាប់ពីវិធីដាំការរ៉ុត ថា ដំបូងឡើយ យើងត្រូវជ្រើសរើសពូជការ៉ុតណាដែលត្រូវដាំ និង ដីដែលយើងបម្រុងទុកដាំ ចំពោះរូបគាត់បានជ្រើសរើសពូជការ៉ុត ៣ ប្រភេទមកដាំគឺទី១ ការ៉ុតជប៉ុន, ទី២ ពូជការ៉ុតវៀតណាម និង ទី៣ គឺ ការ៉ុតពូជមកពីចិន ។ តាមការពិសោធន៍ និង ការដាំនាពេលកន្លងមករបស់ខ្ញុំឃើញថា ពូជ ការ៉ុតជប៉ុន វាឱ្យផលល្អជាងគេ វាមានសាច់ ក្រាស់ បណ្តូលតូច ខុសពី ពូជការ៉ុតមកពីចិន និង វៀតណាម ដែលមាន សាច់ស្តើង និង បណ្ទូលធំ ប៉ុន្តែពូជការ៉ុតជប៉ុនវាថ្លៃបន្តិច ដែលអ្នកដាំបានចំណេញតិច ។ ដើម្បីដាំការ៉ុតឱ្យទទួលបានផលល្អនោះ ដំបូងត្រូវភ្ជួរដីហាលរយៈពេល ១៥ ថ្ងៃ រួចបាចកំបោរ ភ្ជួរដីកប់ទុករយៈពេល ១៦ ថ្ងៃទៀត ទើបលើកជារងដាំ ដោយរងនីមួយៗ មានទទឹង ១,២ ម៉ែត្រ ឯបណ្តោយរង វែង ឬ ខ្លីទៅតាមការចង់បាន ឬ ទៅតាមដីចម្ការនិមួយៗ តែមុននឹងដាំការ៉ុតត្រូវរៀបចំប្រពន្ធទឹកជាមុនសិន ដើម្បីងាយស្រួលក្នុងការស្រោចស្រព ។
បន្ទាប់មកទើបយើងយកគ្រាប់ពូជរបស់វា ដែលបានត្រៀមទុកនោះ យកមកដាំ ហើយបើកទឹកស្រោចស្រពមួយថ្ងៃ ១ដង ទៅ ២ដង ទៅតាមអាកាសធាតុ និង សណ្ឋានដី បើមានភ្លៀងធ្លាក់គឺយើងមិនបាច់ស្រោចទឹកឡើយ ។ ការថែទាំបោចស្មៅត្រូវធ្វើជាប្រចាំ ដើម្បីកុំឱ្យស្មៅដុះ ទើបការ៉ុតដុះលូតលាស់ និង មើមធំល្អ ។ ក្រោយពីដាំបានរយៈពេល ៦០ ថ្ងៃ ការ៉ុត អាចប្រមូលផលបានហើយ ។ ការ៉ុត ដែលគាត់ដាំ លក់ក្នុងចម្ការមានតម្លៃ ៤ ០០០ រៀលក្នុងមួយគីឡូក្រាម ។
លោក មុយ រ៉ាដូ បានឱ្យដឹងទៀតថា រូបគាត់មានម៉ូយ ដែលមានផ្សារបន្លែធម្មជាតិ មានប្រភពបន្លែពីខេត្តមណ្ឌលគិរី ដែលមានឈ្មោះ «ពិភពបន្លែផ្លែឈើ មណ្ឌលគិរី» ដែលបានទិញបន្លែ ឬ ការ៉ុតរបស់គាត់យកទៅលក់នៅភ្នំពេញ ។ សព្វថ្ងៃគាត់ដាំការ៉ុត តាមរបៀបវិលជុំ ដោយមួយសប្តាហ៍ ដាំកន្លះហិកតា ហើយគាត់អាចប្រមូលផលបានពី ៥០០ គីឡូក្រាម ទៅ ១ តោនជារៀងរាល់ថ្ងៃ ដើម្បីបម្រើទីផ្សារ ។
ក្រៅពីដាំការ៉ុក លោក មុយ រ៉ាដូ ក៏បានដាំបន្លែជាច្រើនមុខទៀត ពិសេសគឺ ឪឡឹកពណ៌លឿង ដែលកំពុងមានការពេញនិយម និង ស្រកានាគពណ៌ស្វាយ លើផ្ទៃដីកសិកម្មសរុបមានចំនួនមាន ២២ ហិកតា ។
ក្រៅពីដាំដំណាំផ្សេងៗ និង បន្លែជាច្រើនប្រភេទនោះ លោក មុយ រ៉ាដូ ក៏កំពុងដាំស្មៅ និង គ្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោទៀតផង ។ ប្រសិនបើលោក លោកស្រី ចង់រស៊ីចិញ្ចឹកគោ អាច ប្រវាស់ជាមួយគាត់ក៏បាន ដោយគាត់ជាអ្នកចិញ្ចឹមថែទាំទាំងស្រុង ហើយភាគហ៊ុនម្ខាងទៀត គាត់ គ្រាន់តែចំណាយលុយទិញពូជគោ ពេលបានផលចំណេញនឹងចែកគ្នាពាក់កណ្តាលម្នាក់។ ប្រសិនបើ បង ប្អូន មានការចាប់អារម្មណ៍ ចង់ទិញ ការ៉ុត បន្លែធម្មជាតិគ្រប់មុខ ឬ ចង់ចិញ្ចឹមគោ ប្រវាស់ អាចទាក់ទង មកកាន់លេខ ទូរសព្ទ ០៦០៩៣ ២០០៧ /០៩៩ ៤៤ ៩៨ ៩៩/ ០៩៦ ៣០៣៦ ៩៩៩ ៕