មានដីនៅជាយៗក្រុង ដាំតែផ្កាចម្រុះ ក៏អាចរកបានច្រើន ហើយមិនសូវហត់ខ្លាំង!
ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់ ដែលកសិករមួយគ្រួសារមានផ្ទៃដីពីរហិកតា ដោយពួកគាត់មិនប្រកបរបរអ្វីផ្សេងឡើយគឺពួកគាត់ទុកដាំតែផ្កា សម្រាប់ឱ្យភ្ញៀវទេសចរចូលថតរូបកម្សាន្តលេង ក៏អាចធ្វើឱ្យគាត់រកចំណូលបានច្រើនដែរក្នុងមួយខែៗ ។
លោក សៅ សារ៉ន រស់នៅ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរៀបរាប់ថា គាត់មានផ្ទៃដីទំហំ ២ ហិកតា ដោយសម្លឹងមើលឃើញ ប្រជាពលរដ្ឋនិយមចូលចិត្តដើរលំហែរកាយ និង រកកន្លែងស្អាតៗសម្រាប់លម្ហែកាយនោះ រូបគាត់ក៏សម្រេចចិត្តជ្រើសរើសយកមុខរបរដាំផ្កា ឱ្យភ្ញៀវចូលកម្សាន្ត និង ថតរូបលេង ដែលមុខរបរនេះ បានធ្វើឱ្យគាត់ រកចំណូលបានច្រើនគួរសម មិនបាច់ភ័យរឿងខាតបង់់ ឬ ចំណេញ ដូចការរកស៊ីអ្វីផ្សេងៗនោះឡើយ ។
លោក សៅ សារ៉ន បានបន្តទៀតថា ដំបូងឡើយ នៅឆ្នាំ ២០១៨ រូបគាត់បានសាកល្បងដាំផ្កា តែជាងកន្លះហិកតា ដើម្បីទុកឱ្យភ្ញៀវទេសចរ ចូលថតរូបលេង ដោយសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃមានភ្ញៀវចេញចូលទៅថតរូបលេងកន្លែងគាត់ច្រើនឡើងៗនោះ គាតក៏ចាប់ផ្តើមពង្រីកវាបន្តិចម្តងៗរហូតបាន ១ ហិកតា ដែលរហូតដល់ពេលនេះអាចឱ្យគាត់មានលទ្ធភាពពង្រីកការដាំដុះផ្កា រហូដល់ ២ ហិកតា ។ ផ្កាដែលគាត់ដាំនេះ មានចំនួន ៥ ប្រភេទ គឺ ផ្កាឈូករ័ត ផ្កាម្យោរ៉ា ផ្កាស្បៃរឿង ផ្កាសេមាន់ និង ផ្កាទំហួរ ដែលមានភ្ញៀងទេសចរ ចូលមកកម្សាន្ត និង ថតរូបលេង ក្នុងមួយថ្ងៃៗរាប់រយនាក់ ។ ដោយរូបគាត់យកតម្លៃចូលថតរូបលេងតែ ១ ពាន់រៀលប៉ុណ្ណោះ ក្នុងមនុស្សម្នាក់ ។ ប៉ុន្តែលោកបានទទួលស្គាល់ថា ក្នុងរដូវ កូវីដ ភ្ញៀវមានការថយចុះបន្តិច ប៉ុន្តែពេលនេះ ភ្ញៀវហាក់បីដូចជាចូលមក ថតរូបលេងច្រើនជាងមុនបន្តិច ។
លោក សៅ សារ៉ន បានបញ្ជាក់ទៀតថា ការដាំផ្កាវាមិនមានអ្វីពិបាកឡើយ សំខាន់ យើងរៀបចំប្រព័ន្ធទឹកស្រោចស្រពឱ្យបានល្អ ថែទាំកុំឱ្យមានស្មៅ និង បាញ់ថ្នាំការពារសត្វល្អិតបន្តិចបន្តួចមុនពេលវាចេញផ្កា ជាការស្រេច ។ បើបងប្អូន ឬ ភ្ញៀវទេសចរ ចង់ទៅថតរូបលេង នៅសួនផ្កា ភូមិបោះអង្កាញ់ អាចទាក់ទងទៅកាន់លេខទូរស័ព្ទរបស់គាត់ ដោយផ្ទាល់គឺ ០៨៦ ៩១ ៥៥ ១៤ ៕