ពុច វៃ សុខចិត្តចោលប្រាក់ខែរាប់ពាន់ដុល្លារនៅជប៉ុន មកបើកកសិដ្ឋានដាំបន្លែនៅស្រុកកំណើត
ពិតជាមិនគួរឱ្យជឿ ដែលបុរសម្នាក់បានចាកចេញទៅធ្វើការងារនៅប្រទេសជប៉ុនប្រាក់ខែរាប់ពាន់ដុល្លារហើយ បែរជាគាត់វិលត្រឡប់មកស្រុកកំណើតវិញ ហើយបានសម្រេចចិត្តបើកសិដ្ឋានដាំបន្លែលើទឹក ដែលមានឈ្មោះ Hydro Farm ក្នុងគោលបំណង់ចង់ឱ្យ ប្រជាពលរដ្ឋខ្មែរ មានបន្លែសុវត្ថិភាព គ្មានគីមីសម្រាប់ទទួលទាន ។
លោក ពុច វៃ ជាបញ្ញាវ័ន្តម្នាក់ ក្រោយពីបញ្ចប់ការសិក្សា លោកបានប្រឡងជាប់ទៅធ្វើការងារនៅប្រទេសជប៉ុន អស់រយៈពេលជាច្រើនឆ្នាំ ខាងផ្នែកបកប្រែភាសា នៅកសិដ្ឋានដាំបន្លែមួយកន្លែងនៅក្នុងប្រទេសជប៉ុននោះ ។ ដោយសារតែលោកបានធ្វើការនៅកសិដ្ឋានដាំបន្លែនោះហើយ ទើបលោកបានរៀនពីបទពិសោធន៍ជាច្រើនពីប្រទេសជប៉ុន ហើយលោកក៏បានសម្រេចចិត្តវិលត្រឡប់មកស្រុកវិញ ដោយមុនដំបូង នៅឆ្នាំ ២០១៣ លោកបានបើកកសិដ្ឋានដាំបន្លែលើទឹក( Hydro Farm ) នៅក្នុងទីក្រុងភ្នំពេញ ។ ក្រោយពីបើកសិដ្ឋាន ដាំបន្លែលើទឹក អស់រយៈពេល ២ឆ្នាំនៅក្នុងទីក្រុងភ្នំពេញមក លោកក៏បានសម្រេចចិត្តទៅរៀនបច្ចេកទេសដាំបន្លែលើទឹកនេះបន្ថែមទៀតនៅប្រទេសថៃ បន្ទាប់ពីរៀនចប់លោកក៏បានត្រឡប់មកស្រុកកំណើតវិញ ដោយបានទៅបើកកសិដ្ឋានដាំបន្លែលើទឹកនេះ នៅក្នុងភូមិ ព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ចាប់តាំងពី ឆ្នាំ ២០១៥មក រហូតមកដល់ពេលនេះតែម្តង ។
លោក ពុច វៃ បានរៀបរាប់ថា ការដាំបន្លែលើទឹក វាចំណាយលុយច្រើនបន្តិច ក្នុងទិញសម្ភារៈទុយោរៀបចំ ប្រពន្ធទឹក ប៉ុន្តែទិញម្តងអាចប្រើប្រាស់វាបានជាង ១០ ទៅ ២០ ឆ្នាំ ឯណ្ណោះ ។ លោកមានផ្ទៃដី កន្លះហិកតា ប៉ុន្តែលោករៀបចំដាំវាតែនៅលើផ្ទៃដីទំហំ ៣០ គុណ ៤០ ម៉ែត្រការ៉េប៉ុណ្ណោះ ។ ការដាំបន្លែលើទឹកនេះ វាទាមទារឱ្យយើងមានការឧស្សាព្យាយាម មើលថែទាំព្រឹក ល្ងាចរាល់ថ្ងៃ ទើបវាលូតលាស់ ល្អ និង អាចផ្គត់ផ្គង់ឱ្យទីផ្សារ តាមកិច្ចសន្យាយ៉ាងទៀងទាត់បាន ។
នៅក្នុងកសិដ្ឋាន បន្លែលើទឹក Hydro Farm របស់លោកមានដាំតែបន្លែពីរមុខប៉ុណ្ណោះ គឺបន្លែស្ពៃ និង សាឡាត់ ។ បន្លែស្ពៃមាន ពូជ ស្ពៃចង្កិះ ស្ពៃខ្មៅ ស្ពៃតឿ ស្ពៃក្រញ៉ាញ់ និង ស្ពៃក្ងោក ឯពពួកសាឡាត់វិញមានដូចជាសាឡាត់ពូជឡូឡូ សាឡាត់ស្លឹកក្រហម សាឡាត់ស្វាយ សាឡាត់ការ៉ុត សាឡាត់អីតាលី សាឡាត់ប៉ាត់តារីយ៉ា និង សាឡាត់ខ្មែរ ។ ការបន្លែនេះគឺដាំរបៀបវិលជុំ គ្រប់មុខ រាល់ថ្ងៃ ព្រោះការកុម៉ង់ទិញ គេត្រូវការគ្រប់មុខរាល់ថ្ងៃជាប្រចាំដែរ ហើយទីផ្សារ សំខាន់ៗ គឺនៅផ្សារទំនើបក្នុង ក្រុងភ្នំពេញ ផ្សារទួលទំពូង និង ផ្សារឡាក់គី ដែលក្នុងមួយខែៗ លោកអាចលក់បន្លែបានយ៉ាងតិចក៏ ១ តោនដែរ ។ ដោយបន្លែស្ពៃមានតម្លៃ ៦ ០០០ រៀលក្នុងមួយគីឡូក្រាម និង សាឡាត់មានតម្លៃ ១០ ០០០ រៀល ក្នុង មួយគីឡូក្រាម ដោយលោកបានចុះកុងត្រាជាមួយអ្នកទិញ ក្នុងតម្លៃថេរ ទោះនៅរដូវប្រាំង ឬ រដូវវស្សាក៏ដោយ ។
លោក ពុច វៃ បានបង្ហាញ ពីការដាំបន្លែលើទឹកថា មែនទែនទៅ ការដាំដុះបន្លែលើទឹកនេះគឺ តាមប្រព័ន្ធហាយដ្រូផូណិក អាចចំណេញជាងការដាំដុះដំណាំតាមបែបប្រពៃណីសព្វថ្ងៃនេះ ព្រោះថា ប្រសិនបើយើងរៀបចំដំឡើងប្រព័ន្ធហាយដ្រូផូណិក ដោយចំណាយប្រាក់តែម្ដង គឺយើងអាចប្រើប្រាស់រហូតដល់ ១០ ទៅ ២០ឆ្នាំ អាស្រ័យលើទុយោរបស់យើងមានគុណភាពប៉ុណ្ណា ។ចំណែកការដាំដុះលើដីដាំម្ដងប្រមូលផល ត្រូវភ្ជួរដីម្ដង ហើយបើយើងគិតពីការចំណាយកម្លាំង និង ការជួលគេភ្ជួរដី គឺអស់លុយរហូត ។ យ៉ាងណាមិញ ដើម្បីក្លាយជាអ្នកជំនាញ នៃការដាំដុះបន្លែលើទឹក តាមប្រព័ន្ធហាយដ្រូផូណិក ត្រូវចេះជំនាញ ៣ គឺ ទី១ ចេះដំឡើងប្រព័ន្ធនៃការដាំដុះ ទី២ ចេះបណ្ដុះកូន និង ទី ៣ ចេះលាយជី សម្រាប់បន្លែ តាមប្រព័ន្ធហាយដ្រូផូណិក ប្រសិនបើលោកអ្នកចង់ទិញបន្លែលើទឹក គ្មានគីមី និង ចង់រៀនដាំបន្លែលើទឹក អាចទាក់ទង លោក ពុច វៃ តារយៈលេខទូរស័ព្ទនេះ៖ ០១៦ ៧៨ ០០ ៧៧ ៕