ប៉ុន្មានថ្ងៃមកនេះ ហាងលក់ម្ជូរវត្តភ្នំ ១៦៨ វិលទៅរកស្ថានភាពដើមវិញ លក់ក្នុង ១ ថ្ងៃដាច់រហូតជាង ២ តោន
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ «ប្រជាប្រិយ»បានធ្វើការផ្សព្វផ្សាយរួចម្តងមកហើយ អំពីហាងលក់ម្ជូរវត្តភ្នំ ១៦៨ នេះថា មានការធ្លាក់ចុះច្រើន បន្ទាប់ពីជំងឺកូវីដ ១៩ បានចូលរាតត្បាតនៅពាសពេញពិភពលោកនោះមកគឺការលក់ម្ជូរបានធ្លាក់ចុះមកនៅត្រឹមជាង ១តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលកាលពីមុនជំងឺនេះចូលរាតត្បាតគឺក្នុងមួយថ្ងៃអាចលក់បានរហូតដល់ទៅជាង ២តោន ទៅជិត ៣តោន ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការលក់ដូរម្ជូរនៅក្នុងហាងម្ជូរវត្តភ្នំ ១៦៨ ហាក់មានសន្ទុះកើនឡើងវិញគឺអាចលក់បានរហូតដល់ទៅជាង ២តោនក្នុងមួយថ្ងៃ អាចនិយាយបានថា លក់ដាច់ប្រហាក់ប្រហែលមុនពេលជំងឺកូវីដចូលរាតត្បាត ។ ក្រៅពីំមានអ្នកទៅទិញដោយផ្ទាល់ ក៏មានអ្នកកុម្ម៉ង់ទិញតាមអនឡាញឱ្យដឹកទៅដល់ផ្ទះផងដែរ ។
ហាងលក់ម្ជូរវត្តភ្នំ ១៦៨ មានទីតាំងស្ថិតនៅខាងជើងវត្តភ្នំ ខាងកើតមន្ទីរពេទ្យគន្ធបុប្ផា ដែលមានលក់គ្រឿងម្ជូរគ្រប់ប្រភេទប្រមាណជា ១០០ មុខ មានទាំងជ្រក់ម្ជូរ,ទាំងស្រស់ និង ទាំងក្រៀម ដែលសុទ្ធសឹងតែមានរសជាតិឆ្ងាញ់ ជាមួយនឹងតម្លៃថោកសមរម្យ និង សេវាកម្មបើកលក់ពេញ ២៤ ម៉ោង ។
លោកស្រី លាភ ដាណេ វ័យ ៤៩ ឆ្នាំ ជាម្ចាស់ហាងម្ជូរវត្តភ្នំ ១៦៨ បានឱ្យដឹងថា ការលក់ដូរគ្រឿងម្ជូរគ្រប់ប្រភេទរបស់គាត់ ពេលមានជំងឺកូវីដ ១៩ ចូលរាតត្បាតពាសពេញពិភពលោក និង នៅក្នុងប្រទេសកម្ពុជានោះមក ការលក់ដូរម្ជូររបស់គាត់មានការធ្លាក់ចុះប្រមាណជា៣០ ភាគរយដែរ តែពេលនេះហាក់វិលទៅរកសភាពធម្មតាវិញគឺលក់ម្ជូរដាច់ប្រមាណជាង ២ តោនក្នុងមួយថ្ងៃ ។
ឆ្លៀតពេលឡាយលក់ម្ជូរតាមអនឡាញបណ្តើរផងនោះ លោកស្រី លាភ ដាណេ បានបង្ហើបឱ្យដឹងថា៖ ពេលនេះ រូបគាត់លក់ផ្លែស្តូបឺរីដាច់ខ្លាំងណាស់គឺក្នុងមួយថ្ងៃអាចលក់អស់រាប់ពាន់ប្រអប់ ។ ពិសេសចំពោះផ្លែថ្កូវបរទេសក៏លក់ដាច់ខ្លាំងណាស់ដែរ ព្រោះវាប្លែក និង មានរសជាតិឆ្ងាញ់ ។
ចំណែកក្តិបស្វាយទាំងស្រស់ ទាំងជ្រក់គឺមានការពេញនិយមពីសំណាក់អតិថិជនជាខ្លាំងគេថាគ្រាន់តែឃើញគឺស្រក់ទឹកមាត់ច្រោកចង់ញ៉ាំភ្លាមតែម្តង ។
លោកស្រី លាភ ដាណេ បានបញ្ជាក់ថា រសជាតិរបស់ម្ជូរឆ្ងាញ់ ឬ មិនឆ្ងាញ់វាអាស្រ័យលើអំបិលជ្រលក់ទៅវិញទេ ព្រោះតែហេតុនេះហើយ ទើបហាងម្ជូររបស់គាត់មានអំបិលបុករហូតជាង ១០ ប្រភេទប្លែកៗពីគ្នា ព្រមទាំងមានរសជាតិផ្សេងគ្នា ទុកសម្រាប់លក់ជូនអតិថិជន ដែលត្រូវការទៅតាមចំណង់ ចំណូលចិត្ត ។
អំបិលបុកទាំងជាង ១០ ប្រភេទនេះ កើតចេញពីការកែច្នៃស្រាវជ្រាវស្វែងយល់របស់គាត់ផ្ទាល់ដោយមិនបានទិញពីគេធ្វើស្រាប់យកមកលក់ឡើយ ហើយពេលនេះ ក៏កំពុងកែច្នៃធ្វើអំបិលបុកផ្សំជាមួយរសជាតិបង្គាបន្ថែមទៀតដើម្បីធ្វើឱ្យអតិថិជនមានការប្លែកមាត់ជក់ចិត្ត ។ ដោយសារតែម្ជូរវត្តភ្នំ ១៦៨ មានឈ្មោះបោះសម្លេងល្បី ទើបមានអតិថិជន នៅតាមបណ្តាខេត្តខ្លះបានទាក់ទងទិញ ហ្វ្រេនឆាយ ពីលោកស្រីបណ្តើរៗហើយ ។
ការបង្កើតអាជីវកម្មលក់ម្ជូរនេះគឺមិនមែនដើម្បីតែប្រាក់ចំណូល ឬ ប្រាក់ចំណេញតែម្យ៉ាងនោះទេ តែវាជាការផ្តល់ជូននូវសុខភាពល្អដល់មនុស្សទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរ តាមរយៈការទទួលទាននូវម្ជូរ ដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ មានអនាម័យ ពិសេសមានតម្លៃសមរម្យ ៕