គួរឱ្យសរសើរពីក្មេងកំព្រាម្នាក់ បង្កើតក្រុមច្នៃប្រឌិតយន្តហោះគប់ និង បញ្ជាដោយតេឡេ ឱ្យហោះលើអាកាសបាន (វីដេអូ)
ជីវិតជាក្មេងកំព្រាឪពុកម្តាយ តាំងពីកុមារភាពមកនោះ ប្អូនប្រុស ជឿន ចននី បានរសាត់អណ្តែតទៅរស់នៅជាមួយគេ និង ទៅរស់នៅតាមអង្គការពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែប្អូនប្រុសបានតស៊ូ និង ព្យាយាមជម្នះគ្រប់ឧបសគ្គទាំងឡាយដើម្បីខំសិក្សារៀនសូត្ររកពន្លឺក្នុងជីវិតរបស់ខ្លួនឱ្យត្រចះត្រចង់ នាពេលអនាគត ។ បច្ចុប្បន្ននេះ ចននី បានបង្កើតក្រុមមួយហៅថា «ក្រុមគំនិត» ដែលមានរូបគេ ជាអ្នកដឹកនាំ ដែលក្រុមនេះត្រូវបានគេចាត់ទុកថា ជាក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេង ដែលបានបង្កើត និង ផលិតយន្តហោះគប់ ឬ យន្តហោះបញ្ជា ដោយតេឡេក្នុងចម្ងាយយ៉ាងឆ្ងាយ ។
ក្រៅពីបង្កើត ឬ ផលិតយន្តហោះគប់ និង យន្តហោះបញ្ជាដោយតេឡេនោះ ចននី ក៏មានគម្រោងផលិតយន្តហោះ ដែលមនុស្សអាចជិះបានពី ២ ទៅ ៣នាក់ផងដែរ ប៉ុន្តែវាក៏អាស្រ័យលើថវិកា និង ការគាំទ្រពីមហាជន និង រដ្ឋាភិបាលផងដែរ ។ ពេលជួបជាមួយ«ប្រជាប្រិយ»ប្អូនប្រុស ជឿន ចននី បានរៀបរាប់ថា ខ្ញុំកើតមកមិនស្គាល់ឪពុកម្តាយនោះទេ គឺខ្ញុំរស់នៅជាមួយគេ នៅក្នុងខេត្តកំពង់ចាម ។ នៅពេលអាយុ ៣ឆ្នាំមានគ្រួសារមួយបានយកខ្ញុំមកចិញ្ចឹមនៅក្នុងទីក្រុងភ្នំពេញ ហើយនៅអាយុ ៨ឆ្នាំ គេបានឈប់ចិញ្ចឹម ខ្ញុំក៏បានទៅរស់នៅ និង សិក្សារៀនសូត្រនៅក្នុងអង្គការ ដោយបន្តពីអង្គការមួយទៅអង្គការមួយ ។ ចាប់តាំងពីដឹងក្តីមក ខ្ញុំមានបំណងចង់ក្លាយជាអ្នកបើកបរយន្តហោះ និង ធ្វើយន្តហោះនេះ តាំងពីពេលនោះមកម្ល៉េះ ។ ខ្ញុំចាប់ផ្តើមគម្រោងស្រាវជ្រាវធ្វើយន្តហោះនេះ នៅក្នុងឆ្នាំ២០០៥ នៅពេលនោះ មិនមានអ៊ិនធើណេត និង យូធូបក្នុងការស្រាវជ្រាវនោះទេគឺមានតែការអានតាមកាសែត និង ទស្សនាវដ្តី នៅពេលអានទាក់ទងនឹងបច្ចេកវិទ្យា ឬ បច្ចេកទេសធ្វើយន្តហោះ ខ្ញុំតែងតែកាត់វាមកចង់ក្រងជាឯកសារដើម្បីយកមកធ្វើការវិភាគពីរបៀបធ្វើយន្តហោះ ដោយយើងយកចំណុចរួម ប៉ុន្តែនៅពេលនោះ ការស្រាវជ្រាវមិនបានទទួលលទ្ធផលអ្វីទាំងអស់ ។
នៅពេលខ្ញុំចូលរៀន នៅថ្នាក់វិទ្យាល័យ នៅឆ្នាំ ២០០៧ ឯកសាររៀននៅថ្នាក់វិទ្យាល័យ លើមុខវិជ្ជារូបវិទ្យា ក៏មានសរសេរ ឬ បង្រៀនពីរបៀបធ្វើយន្តហោះនេះដែរ ដូច្នេះវាជាមូលដ្ឋានគ្រឹះសម្រាប់រូបខ្ញុំធ្វើយន្តហោះនេះ ។ លុះដល់ក្រោយមកទៀត មានជនជាតិអូស្ត្រាលីម្នាក់ គាត់មកលេងនៅក្នុងអង្គការរបស់ខ្ញុំ ( អង្គការប៊ីឡិច )ហើយគាត់បានសួរមកខ្ញុំថា ធំឡើងចង់ធ្វើអ្វី ?ខ្ញុំក៏បានឆ្លើយទៅវិញថា ចង់ក្លាយជាអ្នកបើកបរយន្តហោះ និង ធ្វើយន្តហោះ ពេលនោះគាត់ក៏បានណែនាំឱ្យខ្ញុំចេះប្រើប្រាស់អ៊ិនធើណេត ដើម្បីធ្វើការស្រាវជ្រាវពីរបៀបធ្វើយន្តហោះនេះ ។ ពេលគាត់វិលត្រឡប់ទៅប្រទេសគាត់វិញ គាត់បានផ្ញើសៀវភៅជាច្រើនក្បាលទាក់ទងនឹងការធ្វើយន្តហោះនេះ ។ បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមធ្វើវា ប៉ុន្តែការធ្វើមុនដំបូងគឺមិនទទួលបានជោគជ័យឡើយ ខ្ញុំក៏ចាប់ផ្តើមធ្វើការស្រាវជ្រាវបន្តទៀត ពេលនោះអាយុជាង ១០ឆ្នាំប៉ុណ្ណោះ ។ រហូតដល់ឆ្នាំ ២០១៣ -២០១៤ ពេលដែលខ្ញុំចូលរៀននៅថ្នាក់ទី ១២ ខ្ញុំបានស្រាវជ្រាវធ្វើយន្តហោះគប់ ដោយទទួលបានជោគជ័យគឺមិនចាញ់ខ្យល់ និង មានភាពរឹងមាំ អាចគប់បង្ហោះបានចម្ងាយពី ៣០ ទៅ ៤៥ម៉ែត្រ ។
យន្តហោះប្រភេទគប់ ដែលប្អូនប្រុស ជឿន ចននី ធ្វើលក់រាល់ថ្ងៃនេះ មានបីប្រភេទគឺប្រភេទធុនតូចជាងគេលក់ក្នុងតម្លៃពី ៣ ដុល្លារទៅ ៤ដុល្លារ ប្រភេទយន្តហោះធុនមធ្យមលក់ក្នុងតម្លៃពី ៥ដុល្លារទៅ ៦ដុល្លារ និង ប្រភេទធំជាងគេលក់ក្នុងតម្លៃពី ១០ដុល្លារទៅ ១២ដុល្លារ ។ ដោយឡែក ចំពោះប្រភេទយន្តហោះ ដែលបញ្ជាការហោះហើរ ដោយប្រើតេឡេនោះគឺប្អូនប្រុសធ្វើតែមួយប្រភេទប៉ុណ្ណោះ ដែលមានប្រវែង ៣,៣ម៉ែត្រ លក់ក្នុងតម្លៃ ១៨០ដុល្លារ ដែលអាចបញ្ជាការហោះហើរបានក្នុងរយៈកម្ពស់ពី ៥០ម៉ែត្រ ទៅ ៧០ម៉ែត្រ និង ចម្ងាយពី ១គីឡូម៉ែត្រ ទៅ ២គីឡូម៉ែត្រ ទៅតាមប្រភេទតេឡេបញ្ជាបានជិត ឬ ឆ្ងាយ ។ បើតេឡេ អាចបញ្ជាហោះបានចម្ងាយ ៣ ឬ ៤គីឡូម៉ែត្រ វាក៏អាចហោះបានចម្ងាយទៅតាមនោះដែរ ។
ប្អូនប្រុស ជឿន ចននី បានរៀបរាប់បន្តទៀតថា ក្នុងការធ្វើយន្តហោះនេះ ធ្វើកាន់តែធំគឺកាន់តែពិបាក ប៉ុន្តែយើងធ្វើវាបានជោគជ័យទាំងប្រភេទយន្តហោះគប់ និង ប្រភេទយន្តហោះបញ្ជាដោយតេឡេ ។ ហើយឥឡូវនេះ ខ្ញុំកំពុងចាប់ផ្តើមគម្រោងធ្វើយន្តហោះបញ្ជាដោយតេឡេ ប្រវែងជិត ១០ម៉ែត្រ ប៉ុន្តែនៅពេលបញ្ជាការហោះហើរទាល់តែខ្ចីព្រលានគេហោះ ។ នៅពេលបញ្ចប់គម្រោងយន្តហោះប្រវែងជិត ១០ម៉ែត្រនេះ ខ្ញុំនឹងធ្វើយន្តហោះ ដែលមនុស្សអាចជិះបានពី ២ទៅ ៣នាក់ ប៉ុន្តែវាអាស្រ័យលើថវិកា និង ការគាំទ្រពីមជ្ឈដ្ឋានទូទៅ ជាពិសេសពីរដ្ឋាភិបាលផងដែរ គឺពួកខ្ញុំអាចធ្វើបាន នៅខ្វះតែធនធានថវិកាតែប៉ុណ្ណោះ ។ ចាប់តាំងពីឆ្នាំ ២០១៨មករហូតមកដល់ពេលនេះ ខ្ញុំលក់យន្តហោះបានចំនួន ១ ០០០គ្រឿងហើយ ។ ហើយក្នុងរយៈពេល ២សប្តាហ៍កន្លងមកថ្មីៗនេះ ខ្ញុំលក់យន្តហោះប្រភេទគប់ និង ប្រភេទយន្តហោះបញ្ជាដោយតេឡេ បានរហូតដល់ទៅ ៥០គ្រឿង ។ នៅពេលនេះដែរ ខ្ញុំសូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ និង អង្គការ ជាពិសេសរដ្ឋាភិបាលមេត្តាជួយឧបត្ថម្ភ គាំទ្រ ដល់ក្រុមគំនិតរបស់ខ្ញុំផង ដើម្បីធ្វើការស្រាវជ្រាវពីការផលិតយន្តហោះនេះបន្តទៀត ។
បច្ចុប្បន្ន ជឿន ចននី មានអាយុ ២៩ឆ្នាំ ក្រៅពីជាអ្នកដឹកនាំ ក្រុមគំនិត ដែលមានសមាជិកចំនួន ៨នាក់ក្នុងការស្រាវជ្រាវធ្វើយន្តហោះនោះ រូបលោកក៏ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និង បង្រៀនលើមុខជំនាញផ្នែកអេឡិចត្រូនិចនៅតាមអង្គការមួយចំនួនផងដែរ ។ ហើយមុខជំនាញផ្នែកវិស្វករអេឡិចត្រនិចនេះ គឺលោករៀន និង សិក្សាស្រាវជ្រាវដោយខ្លួនឯងរហូតមានអង្គការ ស្ថាប័ន និង ក្រុមហ៊ុនមួយចំនួនឱ្យលោកធ្វើគម្រោងធំៗឱ្យគេ ។ បច្ចុប្បន្ននេះ លោកកំពុងតែសិក្សាបន្តខាងផ្នែកព័ត៌មានវិជ្ជានៅសាកលវិទ្យាល័យ NPIC ។ សមាជិកទាំង ៨នាក់ នៅក្នុងក្រុមគំនិតរបស់ ចននី គឺជាកូនគ្រួសារអ្នកក្រីក្រ និង កូនកំព្រា ហើយកម្រៃដែលរូបគេបានមកពីបង្រៀន និង ធ្វើការនៅក្នុងអង្គការនោះ គឺមួយផ្នែកយកមកចិញ្ចឹម និង ឧបត្ថម្ភក្នុងការសិក្សារបស់ពួកគេ ។
បើបងប្អូនមានទឹកចិត្តសប្បុរសធម៌ចង់ជួយឧបត្ថម្ភ គាំទ្រ និង លើកទឹកចិត្ត ឬ ជួយទិញយន្តហោះរបស់ ចននី គឺអាចទាក់ទងទៅប្អូនដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ៖ ០៩៨ ៣៣១ ២១៣ ។
បើចង់ដឹងថា យន្តហោះ ដែល ចននី និង ក្រុមរបស់គាត់បានធ្វើ អាចបង្ហោះបានយ៉ាងណានោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖