ផ្តើមចេញពីការចិញ្ចឹមគោ ៧ ក្បាលទៅជាកសិដ្ឋានដ៏ធំមួយ មានគោជាង ២០០ ក្បាល
សព្វថ្ងៃការចិញ្ចឹមគោជាលក្ខណៈគ្រសារទុកសម្រាប់ជាកម្លាំងភ្ជួររាស់ដីស្រែចំការត្រូវបានកាត់បន្ថយជាបណ្តើរៗស្ទើរតែអស់ទៅហើយ ប៉ុន្តែគេក៏សង្កេតឃើញមានកសិករមួយចំនួនបានងាកមកចិញ្ចឹមគោយកសាច់សម្រាប់លក់វិញជាបណ្តើរៗដែរ ដែលអ្នកខ្លះឈានរហូតដល់ទៅបង្កើតកសិដ្ឋានចិញ្ចឹមគោទៀតផង ។
កសិករ ហួត លាង រស់នៅ ភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ដំបូងឡើយគាត់ចិញ្ចឹមគោ ដោយបានចាប់ផ្តើមពីគោ ៧ ក្បាល នៅឆ្នាំ ២០១៣ និង កើនដល់ ៣៨ ក្បាល នៅឆ្នាំ ២០១៦ ដោយកាលនោះគាត់ចិញ្ចឹមវាលែងឱ្យស៊ីស្មៅនៅទីវាល ដោយសង្កេតឃើញថាការចិញ្ចឹមបែបនេះ គោមិនសូវធំឡើយ ហើយតែងតែឈឺមិនឈប់ និង មិនសូវបានគោលក់ឡើយ ។ បន្ទាប់ពីមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តត្បូងឃ្មុំ បានចុះណែនាំ និង ផ្តល់បច្ចេកទេសចិញ្ចឹមគោក្នុងក្រោលជាបន្តបន្ទាប់ ដោយមិនលែងឱ្យវាគោស៊ីស្មៅតាមទីវាលដូចមុននោះមក ចាប់ពី ឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន គោរបស់គាត់កើនជាង ២០០ ក្បាល សម្រាប់លក់មានទាំងគោសាច់ និង គោមេយកកូន ហើយពង្រីកបានក្រោល ២ ខ្នង ព្រមទាំងមានរោងរក្សាទុកចំបើង ដែលប្រមូលរមូជាដុំៗពីវាលស្រែ ដោយប្រើឧបករណ៍សម្រាប់ប្រមូល និង រមូចំបើងដែលបានទិញពីក្រៅប្រទេស ។ សព្វថ្ងៃ កសិករ ហួត លាង បានដាំដុះស្មៅចំនួន ២ ហិកតា សម្រាប់លាយជាមួយចំបើង និង កាកសំណល់ស្រាបៀរ ហើយគាត់មានផែនការពង្រីកដីដាំស្មៅឱ្យបាន ៦ ហិកតា នៅ ឆ្នាំ ២០២០ នេះ ។
ម្ចាស់កសិដ្ឋានចិញ្ចឹមគោរូបនោះ បានរៀបរាប់ពីបច្ចេកទេសចិញ្ចឹមគោរបស់គាត់ថា ការចិញ្ចឹមគោមិនមែនឱ្យវាស៊ីស្មៅតែមួយមុខនោះឡើយ គឺយើងត្រូវចាក់វ៉ាក់សាំងទៀងទាត់ ត្រូវចេះផ្សំចំណីដែលមានវីតតាមីនគ្រប់គ្រាន់ដល់វា ក្នុង ១ ថ្ងៃ គាត់ឱ្យគោស៊ីចំណី ២ ដង និង ងូតទឹកលាងសម្អាតខ្លួនគោ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ដើម្បីឱ្យគោត្រជាក់ខ្លួន មានអារម្មណ៍ល្អ ដែលធ្វើឱ្យវាស៊ីចំណីបានច្រើន ឆាប់ធំធាត់ ហើយបើវាមានបញ្ហាត្រូវតែទាក់ទងទៅ ពេទ្យសត្វជុំនាញរបស់មន្ទីរកសិកម្មជាបន្ទាន់ ។ ហើយចំពោះទីផ្សារ គឺមានការបញ្ជាទិញជារៀងរាល់ថ្ងៃ តែគាត់មិនអាចលក់ឱ្យអ្នកបញ្ជាទិញគ្រប់តាមតម្រូវការនោះ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តត្បូងឃ្មុំ មានប្រសាសន៍ក្នុងការចុះពិនិត្យ កសិដ្ឋានចិញ្ចឹមគោរបស់ កសិករ ហួត លាង នាពេលថ្មីៗនេះថា ដើម្បីចិញ្ចឹមគោបានជោគជ័យ ដំបូងត្រូវរៀបចំកសិដ្ឋានចិញ្ចឹមគោឱ្យបានល្អប្រសើរតាមលក្ខណៈបច្ចេកទេសទំនើប ។ នៅជុំវិញកសិដ្ឋាន និង ក្នុងកន្លែងចិញ្ចឹម ត្រូវរៀបចំឱ្យបានស្អាតមានអនាម័យ ។ ត្រូវជ្រើសយកគោចិញ្ចឹមដែលផ្តល់សាច់ច្រើន ជាពិសេសការបង្កាត់គោមេបែបសិប្បនិម្មិត ដោយប្រើគោពូជសាច់ច្រើន ដូចជាពូជប្រាម៉ាន់ ជាដើម ។ ត្រូវឱ្យមានបច្ចេកទេសបង្កាត់គោតាមបែបសិប្បនិម្មិត ដើម្បីបម្រើក្នុងកសិដ្ឋានខ្លួនឯងផងនិងជួយផ្សព្វផ្សាយ ឬ ជួយបង្កាត់គោតាមបែបសិប្បនិម្មិតជូនកសិករក្នុងភូមិជាមួយគ្នាផង ។ ចំពោះបងប្អូនដែលចង់ទិញគោអាចទាក់ទងលោក ហួត លាង តាមលេខទូរស័ព្ទ ០៩៧ ៣៨៦ ៨៨ ៩៨ ៕