ប៊ុន ចាន់វិរៈ ផ្តើមពីការចិញ្ចឹមចៀម ១០ ក្បាលរហូតក្លាយជាកសិដ្ឋាន
នេះអាចចាត់ទុកថា ជាកសិដ្ឋានចិញ្ចឹមចៀម ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានជោគជ័យ លើមុខរបរថ្មីមួយនេះ ។ កសិដ្ឋានចិញ្ចឹមចៀមនេះ មានទីតាំងស្ថិតនៅក្នុង ភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់នឹងព្រំប្រទល់ជាមួយ ខេត្តកំពង់ស្ពឺ ។ ក្រោយពីបង្កើតកសិដ្ឋានចិញ្ចឹមចៀមទទួលបានជោគជ័យអស់រយៈពេល៥ ឆ្នាំមកនេះ ម្ចាស់កសិដ្ឋានក៏មានគម្រោងប្រែក្លាយទីនេះ ឱ្យទៅជាកសិទេសចរណ៍ដ៏ស្រស់ត្រកាលមួយ នាពេលអនាគត សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្ត ។
លោក ប៊ុន ចាន់វិរៈ បានមានប្រសាសន៍ថា លោក និង ក្រុមគ្រួសាររបស់លោកបានទៅរស់នៅដាច់ស្រយាលម្តុំជួរភ្នំឱរ៉ាល់ ជាប់ព្រុំប្រទល់ ខេត្តកំពង់ស្ពឺ គឺនៅក្នុង ភូមិ ខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង អស់រយៈពេល ៥ ឆ្នាំមកហើយ ដើម្បីចិញ្ចឹមសត្វ និង ដាំដើមឈើហូបផ្លែ ។ ដោយសារតែគ្រួសាររបស់លោកមានផ្ទៃដីទូលាយ និងដាំដំណាំផងនោះ លោក ក៏មានគំនិតចិញ្ចឹម សត្វចៀម និង ពពែ នៅក្នុងដីចម្ការនោះ ដោយចិញ្ចឹមវាតាមបែបធម្មជាតិ ឱ្យវាស៊ីស្មៅក្នុងដីចម្ការ ដោយមិនបានចាក់វាក់សាំងការពារអ្វីឡើយ ។
ការចិញ្ចឹមសត្វ ចៀម និង ពពែ បានធ្វើឱ្យគាត់សង្កេតឃើញថា សត្វពពែ មានជំងឺច្រើន មិនខុសពីការចិញ្ចឹម គោ ក្របីឡើយ ហើយពិបាកថែទាំណាស់ ។ ឯ ចៀម វិញ វាគ្មានជំងឺអ្វីមកបៀតបៀនឡើយ ហើយងាយស្រួលចិញ្ចឹមជាងពពែ ឬ គោ ក្របីទៅទៀត ហើយវាធន់នឹងជំងឺទៀតផង ទើបរូបលោកសម្រេច បង្កើតជាកសិដ្ឋានចិញ្ចឹមចៀម មួយនេះតែម្តង ។ ដំបូងឡើយរូបលោកចិញ្ចឹមចៀមតែ ១០ ក្បាលប៉ុណ្ណោះ តែពេលនេះ កសិដ្ឋានរបស់លោកមានសត្វចៀមទាំងតូចទាំងធំរហូតដល់ទៅជាង១០០ ក្បាល ។ ចំពោះ ពូជចៀមវិញ ដំបូងលោកបានទិញបន្តពីគេ ដែលបាននាំចូលពីអ៊ីតាលី ដែលចៀមឈ្មោលអាចមានទម្ងន់ដល់ទៅ ៧៨ គីឡូក្រាម ។
ដោយសារតែកសិដ្ឋានរបស់លោករីកធំជាងមុន ក៏មានហាងចំនួន ១០ បានកុម្ម៉ង់ទិញសត្វចៀមពីលោកក្នុង ១ ថ្ងៃចំនួន ១០ក្បាល យកទៅដុតតាមហាងរបស់គេ ។ ប៉ុន្តែលោកមិនអាចបំពេញ តាមសេចក្តីត្រូវការរបស់គេបានឡើយ ដោយពេលនេះ លោកបានបង្វែរពីការ លក់សាច់ចៀម ដែលលក់ ១ គីឡូក្រាម ៧ ដុល្លារ ទៅជាការលក់សត្វចៀមឱ្យកសិករចិញ្ចឹមវិញ ដោយចៀមញី ១ ក្បាលមានតម្លៃ ៣០០ ដុល្លារ ហើយខាងលោក ផ្តល់ជូន ប្រឹក្សា និង បច្ចេកទេសចិញ្ចឹម ដោយឥតគិតថ្លៃ ។ ហើយលោកក៏បានកុម្ម៉ង់ឱ្យគេនាំចៀម មកពីប្រទេសអូស្ត្រាលីបន្ថែមទៀត ដែលពូជថ្មីនេះ ចៀមឈ្មោលមានទម្ងន់រហូតដល់ទៅ ១២០ គីឡូក្រាម និង ចៀមញីមានទម្ងន់ពី ៨០ ទៅ ៩០ គីឡូក្រាម ហើយលោកនឹងពង្រីកសិដ្ឋានឱ្យបានចៀមរហូតដល់ទៅ ៨០០ ក្បាល និង លក់ពូជជូនកសិករ ដែលចង់ចិញ្ចឹមចៀមផងដែរ ។
លោក ប៊ុន ចាន់វិរៈ បានឱ្យដឹងទៀតថា ដោយសារតែតំបន់កសិដ្ឋានរបស់លោក មានទេសភាពស្អាត ជាប់ជួរភ្នំឱរ៉ាល់ និង មានហ្វូងសត្វចៀមរកស៊ីចំណី ជាប់ជើងភ្នំផងនោះ ទើបធ្វើឱ្យភ្ញៀវទេសចរ មានការជាប់ចិត្ត ជាមួយនឹងទេសភាពបែបនេះ ដែលទេសភាពទាំងនេះពីមុនមក គេធ្លាប់តែឃើញ នៅបរទេសតែប៉ុណ្ណោះ ។ ដោយមើលឃើញពីសក្តានុពលទេសចរណ៍បែបនេះហើយ ទើបលោក និង ក្រុមគ្រួសារ ចង់ពង្រីក កសិដ្ឋាននេះឱ្យទៅជា កសិទេសចរណ៍ មួយ ដែលពុំធ្លាប់មាននៅក្នុងស្រុកខ្មែរពីមុនមក ។
លោក ប៊ុន ចាន់វិរៈ បានរៀបរាប់ពីការចិញ្ចឹមចៀមត្រួសៗថា សត្វចៀម ជាប្រភេទសត្វធន់ន២ងជំងឺ ចៀមចិញ្ចឹមលឿនឆាប់បានផលណាស់ ។ បើមានដីធំទូលាយ កសិករ គួរតែចិញ្ចឹមចៀមប្រសើរជាងចិញ្ចឹមសត្វផ្សេងៗ បើគិតចាប់តាំងពីវាកើតមកចៀមញីមានរយៈពេល តែ ១ ឆ្នាំ ទៅ ១ ឆ្នាំ ២ ខែ វានឹងបង្កើតកូនហើយ មេចៀម ១ ក្បាល ១ ឆ្នាំកូន ២ ដង ការចិញ្ចឹម ចៀម ចំណាយលុយតិចជាងការចិញ្ចឹមគោ ហើយឆាប់ទទួលបានផលជាងគោ ហើយលក់សាច់បានថ្លៃជាងគោ ។
ការចិញ្ចឹមសត្វចៀម ត្រូវមានអ្នកគង្វាលត្រឹមត្រូវ ចៀសវាងកុំឱ្យឆ្កែខាំ ឬ ទៅស៊ីពោត សណ្តែក និង មិនត្រូវឱ្យវាស៊ីអ្វីក្រៅពីស្មៅឡើយ ព្រោះចំណីផ្សេងក្រពះរបស់វាមិនអាចរំលាយបានឡើយ ដែលអាចនាំឱ្យវាមានជំងឺរលាកក្រពះ ពោះវៀន នាំឱ្យវាងាប់ តែបើវាស៊ីតែស្មៅមួយមុខ មិនមានជំងឺអ្វីកើតឡើងចំពោះវាឡើយ ហើយក៏មិនបាច់ចាក់វ៉ាក់សាំងការពារវាអ្វីដែរ ។ ចៀមដែលចិញ្ចឹមយកសាច់ ត្រូវមានអាយុចាប់ពី ៦ ទៅ ៨ ខែ ទើបអាចលក់បាន ការចិញ្ចឹមចៀមមានផលប្រយោជន៍ដល់យើង ៣ យ៉ាង គឺទី១ បានសាច់លក់ ,ទី២ វាអាច កំចាត់ស្មៅក្នុងកសិដ្ឋានយើងមិនឱ្យដុះ ដំណាំលូតលាស់ល្អ និង ទី៣ លាមករបស់វា ផ្តល់ជាជីធម្មជាតិ សម្រាប់ដំណាំក្នុងកសិដ្ឋានរបស់យើទៀតផង ។ បើកសិករចង់ចិញ្ចឹមចៀម អាចពិគ្រោះ ជាមួយ លោក ប៊ុន ចាន់វិរៈ ដោយឥតគិតថ្លៃ ឬ អាចទាក់ទងតាមរយៈ លេខទូរស័ព្ទ ០៩៣ ៦១ ៥១ ០២ ៕