ដោយសារមុខរបរដាំត្រសក់ ធ្វើឱ្យគ្រួសារ នាក់ ថុន មានជីវភាពប្រសើរជាងមុន
ត្រសក់គឺជាបន្លែមួយប្រភេទ ដែលមានទីផ្សារល្អ ហើយក៏មិនពិបាកក្នុងការដាំដុះ និង ថែទាំប៉ុន្មានដែរ ប្រជាកសិករនៅតាមតំបន់ជនបទស្រុកស្រែចម្ការមួយចំនួនបានចាប់យកមុខរបរដាំបន្លែត្រសក់នេះ ជាមុខរបរបន្ទាប់បន្សំដើម្បីរកចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ជាក់ស្តែងកសិករ នាក់ ថុន បានចាប់យកមុខរបរដាំបន្លែត្រសក់នេះ សម្រាប់ចិញ្ចឹមគ្រួសារ ដែលក្នុងមួយថ្ងៃៗរូបគាត់អាចរកប្រាក់ចំណូលពីការលក់ត្រសក់នេះបានជាង ១៥ ម៉ឺនរៀល ។
កសិករ នាក់ ថុន ជាប្រជាកសិកររស់នៅក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានមានប្រសាសន៍ នៅខណៈពេល ដែលលោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ចុះទៅពិនិត្យដល់ទីតាំងចម្ការនោះថា រូបគាត់មានផ្ទៃដីដាំត្រសក់នេះទំហំ ៥០ម៉ែត្រ គុណ ១០០ម៉ែត្រ ហើយរូបគាត់អាចប្រមូលផលត្រសក់បានជាង ១០០គីឡូក្រាមក្នុងមួយថ្ងៃ ។ ចំពោះតម្លៃវិញ បើរូបគាត់លក់ឱ្យឈ្មួញកណ្តាលគឺ បាន ១៥០០រៀលក្នុង១គីឡូក្រាម ។
ដោយសារតែមុខរបរដាំបន្លែត្រសក់នេះ បានធ្វើឱ្យជីវភាពគ្រួសាររបស់កសិករ នាក់ ថុន មានភាពប្រសើរជាងមុន ហើយនៅពេលខាងមុខនេះរូបគាត់ ក៏មានគម្រោងពង្រីកផ្ទៃដីដាំបន្លែត្រសក់នេះ ឱ្យបានដល់ ៥០អា បន្លែមទៀត ៕
ប្រភព៖ ក្រសួងកសិកម្ម