ម្ជូរវត្តភ្នំ ១៦៨ ចាប់ផ្តើមលក់ហ្វ្រេនឆាយហើយ
ដោយសារតែការប្រកបរបរលក់ម្ជូរនៅហាងលក់ម្ជូរវត្តភ្នំ១៦៨ មានឈ្មោះល្បី និង ទទួលបានការចាប់អារម្មណ៍គាំទ្រច្រើនពីអតិថិជននោះ ទើបនៅពេលនេះហាងម្ជូរវត្តភ្នំ ១៦៨ បានចាប់ផ្តើមលក់ហ្វ្រេនឆាយបណ្តើរៗហើយ ។
ឥឡូវនេះសាខាម្ជូរវត្តភ្នំ ១៦៨ ដំបូងគេ ត្រូវបានដំណើរការបើកលក់នៅខេត្តកំពង់ចាម ហើយគ្រាន់តែចាប់ផ្តើមលក់ភ្លាម មិននឹកស្មានថា មានអតិថិជនគាំទ្រយ៉ាងច្រើន ដោយក្នុង១ថ្ងៃលក់ម្ជូរអស់ប្រមាណជា ១ តោន ។
លោកស្រី លាភ ដាណេ មានវ័យ ៤៩ ឆ្នាំ ជាអាជីវករលក់គ្រឿងម្ជូរគ្រប់ប្រភេទនៅម្តុំវត្តភ្នំយីហោម្ជូរវត្តភ្នំ ១៦៨ បានបង្ហើបឱ្យដឹងថា៖ ពេលនេះគាត់កាន់តែមានការងារមមាញឹកជាខ្លាំង ព្រោះការលក់ដូរគ្រឿងម្ជូរគ្រប់ប្រភេទរបស់គាត់ លក់ដាច់ស្ទើររកពេលសម្រាកគ្មាន គ្រាន់តែគាត់ប្រកាសទទួលលក់ហ្វ្រេនឆាយភ្លាម ក៏មានអ្នកទាក់ទងទិញប្រមាណជិត ២០ សាខាក្នុងនោះ មាន ៦ សាខាបានកក់លុយរួចហើយ ដែលធ្វើឱ្យគាត់ពិបាក និង រារែកចិត្តជាខ្លាំង ព្រោះមិនទាន់មានបទពិសោធក្នុងការលក់ហ្វ្រេនឆាយសោះ បែរជាមានគេទាក់ទងទិញយ៉ាងគំហុកបែបនេះ វាជាការលំបាកខ្លាចមានបញ្ហា ដូច្នេះទើបសម្រេចចិត្តថា ទទួលរៀបចំតែ ៦ សាខាដែលគេបានកក់រួចសិន ក្រៅពីនោះសូមផ្អាកបណ្តោះអាសន្នរង់ចាំមើលសភាពការណ៍បន្តិចថាសាខាដែលបានបើកលក់មានដំណើរការល្អឬខ្វះខាតចំណុចណារួចធ្វើការកែសម្រួលឱ្យរៀបរយទើបទទួលបន្តទៀត ។ ម្យ៉ាងទៀតរឿងដែលសំខាន់គឺម្ជូរវត្តភ្នំ ១៦៨ លក់ដាច់ខ្លាំងក៏ដោយសារតែរសជាតិអំបិលឆ្ងាញ់ជាប់មាត់ជក់ចិត្តប្លែក ដូច្នេះបើមានសាខាច្រើនការកែច្នៃធ្វើអំបិលដោយដៃពិតជាមិនទាន់ទេ ដូច្នេះទើបត្រូវរកទិញម៉ាស៊ីនលាយអំបិល និង លីងអំបិលឱ្យបានសិន ហើយពេលនេះកំពុងកុម្មង់ម៉ាស៊ីននោះយកមកហើយ ។
ជាក់ស្តែងសាខាម្ជូរវត្តភ្នំ ១៦៨ នៅខេត្តកំពង់ចាម បើកដំណើរការភ្លាមគឺលក់ដាច់រហូត ដែលក្នុងមួយថ្ងៃលក់ម្ជូរអស់ប្រមាណជា ១ តោន ដូច្នេះអាចកំណត់បានថា សាខានេះដំណើរការរលូនល្អ ។
លោកស្រី លាភ ដាណេ បញ្ជាក់ថា រសជាតិរបស់ម្ជូរឆ្ងាញ់ឬមិនឆ្ងាញ់ វាអាស្រ័យលើអំបិលជ្រលក់ ព្រោះតែហេតុនេះហើយ ទើបកន្លែងរបស់គាត់មានអំបិលបុកចំនួនជាង ១០ ប្រភេទប្លែកៗគ្នាព្រមទាំងមានរសជាតិផ្សេងគ្នា ទុកសម្រាប់លក់ជូនអតិថិជន ដែលត្រូវការទៅតាមចំណង់ ចំណូលចិត្ត ។
អំបិលបុកជាង ១០ ប្រភេទនោះ កើតចេញពីការកែច្នៃស្រាវជ្រាវស្វែងយល់របស់ខ្លួនគាត់ផ្ទាល់ដោយមិនបានទិញពីគេធ្វើស្រាប់យកមកលក់ឡើយ ហើយពេលនេះក៏កំពុងកែច្នៃធ្វើអំបិលបុកផ្សំជាមួយរសជាតិបង្គាបន្ថែមទៀតដើម្បីធ្វើឱ្យអតិថិជនមានការប្លែកមាត់ជក់ចិត្ត ។
ដោយសារតែម្ជូរវត្តភ្នំ ១៦៨ មានឈ្មោះបោះសម្លេងល្បី ទើបមានអតិថិជន បានទាក់ទងទិញ ហ្វ្រេន ឆាយ ពីលោកស្រីជាបន្តបន្ទាប់ ។
លោកស្រីបានប្រកាន់ខ្ជាប់នូវគំនិតផ្ទាល់ខ្លួនថា ការបង្កើតអាជីវកម្មលក់ម្ជូរនេះគឺមិនមែនដើម្បីតែប្រាក់ចំណូល ឬ ប្រាក់ចំណេញតែម្យ៉ាងនោះឡើយ សំខាន់គឺយកចំណេញតិចដើម្បីលក់ឱ្យដាច់បានច្រើន ពិសេសចង់ផ្តល់ជូននូវសុខភាពល្អដល់មនុស្សទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរ តាមរយៈការទទួលទាននូវម្ជូរដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ មានអនាម័យ ពិសេសមានតម្លៃសមរម្យ ៕