មានដីតែកន្លះហិកតា ដាំខ្ទឹមយកសន្លឹកលក់ដូចកសិករ ព្រីង លៀង រកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុង ១ ខែៗ
ស្រុកស្អាងបានក្លាយជាស្រុកមួយ ដែលមន្ទីរកសិកម្មខេត្តកណ្តាលបានសន្មត់ថា ជាស្រុកមួយ ដែលមានប្រជាកសិករដាំបន្លែច្រើនជាងគេ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងរាជធានីភ្នំពេញ ។ មានបន្លែជាច្រើនប្រភេទ ដែលកសិករនៅក្នុងស្រុកស្អាងបានធ្វើការដាំដុះ ។ ក្នុងនោះខ្ទឹមសន្លឹកត្រូវបានកសិករមួយគ្រសារ នៅក្នុងស្រុកស្អាងបានធ្វើការដាំដុះតាមបច្ចេកទេកសិកម្ម ដោយបានទទួលទិន្ធផលខ្ពស់ និង លក់ទទួលបានចំណូលច្រើនថែមទៀត ។
កសិករ ព្រីង លៀង រស់នៅ ភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ពេលនេះគាត់កំពុងដាំខ្លឹមស្លឹកបានរយៈពេលពី ១៥ ទៅ ២០ ថ្ងៃហើយ លើផ្ទៃដីទំហំ ០,៥ ហិកតា ដែលបានបែងចែកជារងបានចំនួន ៦០ រង ដែលក្នុងមួយរងអាចប្រមូលផលបានប្រមាណជា ១៥០ ទៅ ២០០ គីឡូក្រាម ហើយលក់ក្នុងតម្លៃពី ៣ ៥០០រៀល ទៅ ៤ ០០០ រៀលក្នុង១គីឡូក្រាម ។ ដោយក្នុង ១ ខែ និង ១០ ថ្ងៃ រូបគាត់ អាចលក់សន្លឹកខ្ទឹមបានពី ៣៦ ទៅ ៤៨ លានរៀល នេះមិនទាន់គិតពីចំណាយផ្សេងៗ លើការដាំដុះឡើយ ។
ក្នុងឱកាស ចុះទៅពិនិត្យ ការដាំបន្លែ នៅស្រុកស្អាង នៅពេលដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ពីជំងឺកូវី ១៩នោះ កាលពីពេលថ្មីៗនេះ លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកណ្តាល ក៏បានទៅធ្វើការត្រួតពិនិត្យការដាំដុះ និង ជំរុញឱ្យ កសិករនៅ ស្រុកស្អាងទាំងមូល ចូលរួមដាំបន្លែ និង ចិញ្ចឹមសត្វ ឱ្យបានច្រើនបន្ថែមទៀត ព្រោះពេលនេះ ទីផ្សារកំពុងត្រូវការខ្លាំង ។ ប៉ុន្តែត្រូវតែដាំបន្លែសុវត្ថិភាព ទើបមានទីផ្សារល្អ ។ នេះបើតាមមន្ទីរកសិកម្ម ខេត្តកណ្តាល ៕