សាងសង់ផ្ទះពីឥដ្ឋបរិស្ថាន ធ្វើឱ្យចំណេញពេលវេលា និង សន្សំសំចៃថវិកា
ឥដ្ឋបរិស្ថាន Environmental Brick ឬ ផ្ទះតាមក្តីប្រាថ្នា My Dream Home ត្រូវបានបង្កើតឡើងមុនដំបូងគេ នៅក្នុងប្រទេសកម្ពុជា ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ការផលិតឥដ្ឋបរិស្ថាននេះឡើងគឺក្នុងគោលបំណង ជួយកាត់បន្ថយ ការកាប់ព្រៃឈើ យកអុសមកប្រើប្រាស់ សម្រាប់ ដុតឥដ្ឋ និង ជួយដល់អ្នករកចំណូលបានកម្រិតទាប និង មធ្យម ឱ្យមានផ្ទះរស់នៅបានសមរម្យ ។
ជាទូទៅការសាងសង់សំណង់ផ្សេងៗ ភាគច្រើននៅក្នុងប្រទេសកម្ពុជា គឺគេច្រើនតែប្រើប្រាស់ឥដ្ឋក្រហម ដែលធ្វើពីដីឥដ្ឋ និង ឆ្លងកាត់ការដុតកម្តៅដើម្បីឱ្យឥដ្ឋនោះឆ្អិន ដើម្បីឱ្យមានភាពរឹងមាំ ។ ប៉ុន្តែបច្ចុប្បន្ននេះ ក៏មានឥដ្ឋប្រភេទផ្សេងៗជាច្រើនទៀតបានហក់ចូលក្នុងទីផ្សារសំណង់នៅក្នុងប្រទេសកម្ពុជា ។
លោក ស វណ្ណនេត ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកន្ទោកត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាអ្នកសង់ផ្ទះប្រើឥដ្ឋបរិស្ថានដែរនោះ បានឱ្យដឹងថា គាត់សង់ផ្ទះទំហំ ៩ គុណ ១១ ម៉ែត្រ គឺចំណាយលុយ អស់តែ ១២ ០០០ ដុល្លារ ដោយចំណាលុយជួលតែមេជាងម្នាក់ប៉ុណ្ណោះ ។ ការសាងសង់ផ្ទះពីឥដ្ឋប្រភេទនេះ បានធ្វើឱ្យគាត់ចំណេញច្រើន ព្រោះវាចំណាយលុយសាងសង់តិច និង ធ្វើបានលឿនជាងការសាងសង់ ដោយឥដ្ឋក្រហម ។
លោក ហាវ គង់ងី ជាម្ចាស់សហគ្រាសផលិតឥដ្ឋបរិស្ថាននេះបានឱ្យដឹងថា បន្ទាប់ពីចំណាយពេលពីរឆ្នាំនៅប្រទេសអូស្រ្តាលី និង អាល្លឺម៉ង់ លោកហាក់មានគំនិតថ្មី សម្រាប់បង្កើតអាជីវកម្មមួយដោយខ្លួនឯង ។ ដោយលោកបានចាប់ផ្តើមគិតពីអាជីវកម្មមួយ ដែលអាចជួយរកប្រាក់ចំណេញផង និង អាចជួយប្រជាពលរដ្ឋក្រីក្រ ដែលមានចំណូលទាប និង មធ្យមផង ។ សហគ្រាសផលិតឥដ្ឋបរិស្ថាននេះ ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៥ ដែលសព្វថ្ងៃមានទីតាំងនៅក្នុងភូមិកន្ទោកត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង មួយទីតាំងទៀត នៅខេត្តសៀបរាប និង ទៅថ្ងៃអនាគត លោកមានគម្រោងបង្កើតនៅតាមខេត្តសំខាន់ៗជាច្រើនទៀត ។ មុនដាក់ចរាចរនៅលើទីផ្សារ លោកបានយកឥដ្ឋបរិស្ថាននេះទៅពិសោធន៍ នៅសាលាតិចណូ ដោយទទួលបានស្តង់ដារកម្រិតខ្ពស់ជាងឥដ្ឋធម្មតាទៀតផង ។
ឥដ្ឋបរិស្ថាន ជាផលិតផលរបស់សហគ្រាសសង្គមមួយមានឈ្មោះថា ផ្ទះតាមក្តីប្រាថ្នា ឬ ហៅជាភាសាអង់គ្លេសថា My Dream Home ការផលិតឥដ្ឋបរិស្ថាននេះឡើង គឺក្នុងគោលបំណងដើម្បើជួយកាត់បន្ថយការប្រើប្រាស់អុស ដែលកាប់ព្រៃឈើយកមកដុតឥដ្ឋ និង កាត់បន្ថយការប្រើស៊ីម៉ង់ឱ្យនៅកម្រិតទាប ។ ការប្រើប្រាស់ឥដ្ឋប្រភេទនេះធ្វើឱ្យម្ចាស់សំណង់ចំណេញទាំងថវិកា និង ពេលវេលាសាងសង់ ប្រមាណជា ៣០ ភាគរយ ព្រោះឥដ្ឋប្រភេទនេះត្រូវការប្រើស៊ីម៉ងត៍តិច រៀបបានលឿន មានភាពរឹងមាំ និង ម្ចាស់ផ្ទះខ្លួនឯងក៏ធ្វើវាបានដែរ គ្រាន់តែជួលមេជាងម្នាក់បានហើយ ។ បច្ចុប្បន្នឥដ្ឋបរិស្ថាន ត្រូវបានដាក់លក់ក្នុងតម្លៃ ៧ ដុល្លារក្នុង ១ម៉ែត្រការ៉េ ដោយមិនគិតថ្លៃដឹកជញ្ជូនឡើយ ។
ទន្ទឹមនឹងនេះ លោក ហាវ គុង់ងី ដែលជាស្ថានិកនៃ ផ្ទះតាមក្តីប្រាថ្នានេះ កំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ ។ ផ្ទះតាមក្តីប្រាថ្នាគឺជាសហគ្រាសសង្គម ដែលផលិតឥដ្ឋបរិស្ថាន ដើម្បីសាងសង់ផ្ទះ លក់ក្នុងតម្លៃសមរម្យ៖ «ផ្ទះតាមក្តីប្រាថ្នា គឺជាសហគ្រាសសង្គម ដែលមានគោលបំណងចូលរួមដោះស្រាយនូវបញ្ហាកង្វះខាតផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតនូវឥដ្ឋបរិស្ថាន ដែលមានតម្លៃសមរម្យ ងាយស្រួលសាងសង ។
លោក ហាវ គុង់ងី បានផ្តាំផ្ញើដល់អ្នកចាប់ផ្តើមធ្វើអាជីកម្មរកស៊ីថ្មីៗគ្រប់ប្រភេទថា អាជីកម្មណាក៏ដោយ ពេលចាប់ផ្តើមធ្វើ តែងតែជួបឧបសគ្គ ទោះបីអាជីវកម្មនោះមានគេគាំទ្រក៏ដោយ គង់ជួបឧបសគ្កដូចគ្នា ប៉ុន្តែបើយើងបង្កើតសេវាកម្មអ្វីមួយ ដែលបំរើឱ្យអតិថិជនពិតប្រាកដនោះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ គឺត្រូវព្យាយាមបង្កើតផលិតផលណាមួយនោះឱ្យមានគុណភាពពិតប្រាកដ ទើបមានអ្នកគាំទ្រច្រើន កុំពឹងផ្អែទៅលើ ម៉ាកាធីងខ្លាំងពេក ៕