គំនិតច្នៃប្រឌិត! កសិករខ្មែរដាំបន្លែក្នុងផ្ទះសំណាញ់ រកបានចំណូលខ្ពស់ជាងដាំតាមធម្មតា
ក្រោយពីដាំបន្លែតាមបែបធម្មជាតិមិនសូវបានទទួលផល និង ប្រើប្រាស់ថ្នាំគីមីខ្ពស់ ពិបាករកទីផ្សារផងនោះ បានធ្វើឱ្យកសិករ សំបាត់ សម្រេចចិត្តងាកមកដាំបន្លែក្នុងផ្ទះសំណាញ់វិញម្តង ទោះបីការធ្វើផ្ទះសំណាញ់នោះមានតម្លៃខ្ពស់បន្តិចក្តី ក៏គាត់អាចរកផលចំណេញយ៉ាងខ្ពស់ ពីការដាំបន្លែក្នុងផ្ទះសំណាញ់នេះដែរ ។
កសិករ សេង សំបាត់ រស់នៅក្នុងភូមិបីម៉ែត្រ ឃុំទួលស្នួរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា ដំបូងឡើយគាត់បានដាំបន្លែនៅលើដីទីវាលធម្មតាតាមទម្លាប់តៗគ្នាពីមុន ដោយប្រើប្រាស់ជីគីមី និង ថ្នាំកម្ចាត់សត្វល្អិតកម្រិតខ្ពស់ ពេលដាំបានហើយពុំសូវមានអ្នកទិញឡើយ ពេលខ្លះដាំអត់បានផលសត្វស្អិតបំផ្លាញគ្មានសល់ ធ្វើឱ្យគាត់ខាតចុងខាតដើមទៀតផង ម៉្យាងវិញទៀតដាំបន្លែនៅលើទីវាលដីលាតធម្មតា ជួបបញ្ហាជាច្រើនដូចជា ទឹកភ្លៀងធ្វើឱ្យងាយរលួយ ក្តៅ ខ្លាំងខ្វះទឹក សត្វល្អិតចង្រៃ ស្មៅចង្រៃ បំផ្លាញ ។
ដោយមួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយពីការដាំបន្លែក្នុងផ្ទះសំណាញ់បានទិន្នផលខ្ពស់ ងាយស្រួលថែទាំផងនោះ កាលពី ៣ ឆ្នាំមុនគាត់ក៏សម្រេចចិត្តទិញផ្ទះសំណាញ់មួយដែលមានទំហំ ៥០ ម៉ែត្រការេ មកដាំបន្លែវិញម្តង ដោយតម្លៃនៃការទិញផ្ទះសំណាញ់ដាំបន្លែ ពី ១៥ ទៅ ២០ ដុល្លារក្នុង ១ ម៉ែត្រការេ ។ ការចាប់ដាំបន្លែក្នុងផ្ទះសំណាញ់របស់គាត់ឃើញថាបានទទួលទិន្ធផលល្អ ដូចការរំពឹងទុកមែន ។
ក្នុង ១ ឆ្នាំ កសិករ សេង សំបាត់ ដាំបន្លែក្នុងផ្ទះសំណាញ់បានពី ១០ ទៅ ១១ ដង ដែលគាត់ដាំតែប្រភេទបន្លែស្លឹក ដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្តោប ខាត់ណាតែប៉ុណ្ណោះ ព្រោះវាឆាប់បានទទួលផល គឺចាប់ពីពេលដាំរហូតដល់ពេលប្រមូលផលប្រើរយៈពេលតែ ២០ ទៅ ២៥ ថ្ងៃប៉ុណ្ណោះ ដែលក្នុង ១ ម៉ែត្រការេ ទទួលផលបាន ពី ២,៥ ទៅ ៥ គីឡូក្រាម ឯតម្លៃលក់វិញ ចាប់ពី ១ ម៉ឺរៀល ឡើងទៅ ការដាំបន្លែ ១ លើកៗគាត់លក់បានលុយយ៉ាងតិច ៥០ ម៉ឺនរៀលដែរ ។
ដោយសង្កេតឃើញ កសិករ សេង សំបាត់ មានការឧស្សាព្យាយាមក្នុងការដាំបន្លែក្នុងផ្ទះសំណាញ់នោះ ទើបមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានផ្តល់ផ្ទះសំណាញ់មួយដែលមានទំហំ ៣៦០ ម៉ែត្រការេ ដល់គាត់ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ ។
ចាប់តាំងពីបានទទួលផ្ទះសំណាញ់ថ្មីបន្ថែមទៀត និង ធំជាងមុនកាលពីជាងពីរខែមុនបានធ្វើឱ្យកសិករ សេង សំបាត់ មានសេចក្តីត្រេកអរយ៉ាងខ្លាំង ព្រមទាំងចាប់ផ្តើមដាំបន្លែលើផ្ទះសំណាញ់ថ្មីបន្ថែមទៀតបានចំនួន ២ ដងរួមកហើយ ដោយទទួលផលគួរជាទីគាប់ចិត្ត ដោយលក់បន្លែមួយលើកៗបានយ៉ាងតិច ៥០០ ដុល្លារដែរ ។ ចំពោះ បញ្ហាទីផ្សារលក់បន្លែវិញ គាត់មិនមានការបារម្ភឡើយ ព្រោះមានផ្សារទំនើបនៅភ្នំពេញគេទិញយក និង ដាំលក់ឱ្យអ្នកភូមិហួបមិនបានផង ព្រោះអ្នកទទួលទិញ ទោះបីទិញបន្លែក្នុងផ្ទះសំណាញ់របស់គាត់ថ្លៃជាងបន្លែដាំទីវាលធម្មតាបន្តិចក្តី ក៏បន្លែគាត់មានសុវត្ថិភាពដល់អ្នទទួលទាន ដោយគាត់មិនប្រើប្រាស់ជីគិមី និង ថ្នាំកម្ចាត់សត្វស្អិតឡើយ ។
កសិករ សេង សំបាត់ បានចែករំលែកបទពិសោធការដាំបន្លែក្នុងផ្ទះសំណាញ់របស់គាត់ថា កសិករដែលដាំបន្លែគួរតែងាកមកដាំបន្លែក្នុងផ្ទះសំណាញ់វិញ ព្រោះមិនពិបាកថែទាំ ដាំបានគ្រប់រដូកាល ពេញមួយឆ្នាំតែម្តង ។ ការដាំបន្លែក្នុងផ្ទះសំណាញ់ចំណាយលុយច្រើន ទៅលើការទិញផ្ទះសំណាញ់ម្តង ប្រើបានដល់ទៅជាង ១០ ឆ្នាំ ហើយដាំបន្លែតែ ៥ ដងអាចរួចថ្លៃផ្ទះសំណាញ់ហើយ ។ ការដាំបន្លែក្នុងផ្ទះសំណាញ់ដំបូងយើងត្រូវរៀបចំដីឱ្យបានល្អ កុំឱ្យទឹកជ្រាបរហូរចូលក្នុងផ្ទះសំណាញ់ បន្ទាប់មករៀបចំប្រព័ន្ធស្រោចស្រប់ជាពីរគឺ ប្រពន្ធស្រោចដំណក់ទឹក និង ប្រពន្ធស្រោចសាចខាងលើ បន្ទាប់មកបាចជីកំប៉ុស្តិ៍ បាចកំបោរ រួចលើរងបន្លែ រួចយកកូនបន្លែដែលបណ្តុះខាងក្រៅមកស្ទូងតែម្តង ។
កសិករ សេង សំបាត់ បញ្ជាក់ថា ការដាំបន្លែក្នុងផ្ទះសំណាញ់ មានលក្ខណៈងាយស្រួល ៣ យ៉ាង ទី ១ ងាយស្រួលការគ្រប់គ្រង ថែរក្សា សំណើមបានយូរ កាត់បន្ថយការប្រើប្រាស់ទឹកបានច្រើន ។ ទី ២ ការពារសត្វល្អិតបានល្អមិនបាច់បាញ់ថ្នាំគីមី ។ ទី៣ ធន់នឹងអាកាសធាតុ ទោះរដូវប្រាំង រដូវភ្លៀង ក៏ដាំបាន ព្រោះដំបូលផ្ទះសំណាញ់ប្រក់ទៅដោយកៅស៊ូ ការពារកំដៅព្រះអាទិត្យ UV ទៀតផង ហើយការដាំបន្លែក្នុងផ្ទះសំណាញ់បានផល ១០០ ភាគរយ ដែលខុសពីដាំនៅទីវាលពេលខ្លះ គ្មានបានផលអ្វីទាំងអស់ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តត្បូងឃ្មុំ ក្នុងឱកាសចុះពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាពេលថ្មីៗនេះ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កសិករ សេង សំបាត់ ដែលបានដាំប្រភេទបន្លែស្លឹកដូចជា ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ក្នុងផ្ទះសំណាញ់ ព្រទាំងឱ្យកសិករក្នុងខេត្តត្បូងឃ្មុំ គួរងាកមកដាំបន្លែក្នុងផ្ទះសំណាញ់វិញ វាបានទិន្នផលខ្ពស់ មានទីផ្សារទៀត ព្រមទាំងមានមន្ត្រីជំនាញជួយបង្ហាត់បង្រៀតទៀតផង ។ បើកសិករចង់ដាំបន្លែក្នុងងផ្ទះសំណាញ់នោះមានមន្ត្រីរបស់យើងអាចបង្រៀនពីរបៀបដាំ អាចទាក់ទងមកកាន់អ្នកបច្ចេកទេសតាមរយៈលេខទូរស័ព្ទ ០៩៧ ៧១ ១៧ ៣៤៦ /០៨៨ ៩៥ ៥៥ ៣៣២ ឬ ទាកទងទៅកាន់កសិករ សេង សំបាត់ ក៏បានតាមរយៈលេខទូរស័ព្ទ ០៩៧ ៥៨ ០៨ ២៩២ ៕