មិននឹកស្មានថា សក់ខ្មែរមានទីផ្សារ និង មានតម្លៃថ្លៃបែបនេះសោះ
នៅមុនពេលជំងឺ កូវីដ ១៩ ចូលរាតត្បាត មុខរបររកស៊ីទិញសក់ ឬ លក់សក់មានទីផ្សារល្អ ដែលសក់ភាគច្រើនត្រូវបានគេដើរប្រមូលទិញ ឬ កាត់ពីប្រជាពលរដ្ឋមួយចំនួននៅតាមតំបន់ជនបទ ដាច់ស្រយាល នៅតាមបណ្តាខេត្តក្រុងនានា នៅទូទាំងប្រទេសកម្ពុជា ដែលពួកគេភាគច្រើនមានជីវភាពក្រីក្រ ដើម្បីយកមកលក់ឱ្យឈ្មួញកណ្តាល ឬ នៅតាមហាងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និង ធ្វើការនាំចេញទៅកាន់ទីផ្សារបរទេស ប៉ុន្តែនៅពេលជំងឺកូវីដចូលមកដល់ ជំនួញសក់បានធ្លាក់ចុះយ៉ាងខ្លាំង ។ តែអ្នកធ្វើជំនួញសក់បាននិយាយថា នៅក្នុងខែកក្កដា ឆ្នាំ ២០២០នេះ ជំនួញជួញដូរសក់បានហក់ឡើងមកវិញប្រមាណជា ៧០ ភាគរយហើយ ។
អ្នកស្រី លន់ សុខហេង ដែលជាម្ចាស់ហាង ហេង ហេង លក់សក់ នៅផ្សារអូឫស្សីបានមានប្រសាសន៍ថា នៅមុនពេលដែលជំងឺកូវីដ ១៩ចូលរាតត្បាត ការលក់សក់គឺលក់ដាច់ច្រើន ព្រោះខ្ញុំមានលក់បោះដុំនៅតាមខេត្ត ហើយយើងលក់តាមអនឡាញផងដែរ ។ ប៉ុន្តែរយៈពេលប៉ុន្មានខែកន្លងទៅនេះ នៅពេលដែលជំងឺកូវីដចូលរាតត្បាត ស្ថានភាពនៃការលក់សក់មានការធ្លាក់ចុះប្រហែល ៥០% ។ ប៉ុន្តែនៅក្នុងខែកក្កដា ឆ្នាំ ២០២០នេះ ទីផ្សារជួញដូរសក់បានហក់ឡើងមកវិញ ៧០%ហើយ ។ ជាទូទៅ នៅក្នុងហាងរបស់ខ្ញុំនេះ មានលក់សក់ពាក់ សក់ពិត ដែលយើងយកមកដេរជាបន្ទះៗសម្រាប់ពាក់ បើសក់គីឡូ ដែលគេទិញគិតជាគីឡូ ក្នុងមួយថ្ងៃអាចលក់បាន ពី ៣គីឡុក្រាម ទៅ ៥គីឡូក្រាម។ សក់ពិតជាសក់ធម្មជាតិ ដែលទិញ ឬ កាត់ពីប្រជាពលរដ្ឋនៅតាមភូមិ ប៉ុន្តែជាទូទៅយើងទិញយកមកដេរខ្លួនឯង ហើយយើងមិនលក់ជាគីឡូនោះទេគឺលក់ជាបន្ទះៗយកទៅពាក់តែម្តង ។ បើភ្ញៀវមកពីក្រៅ ទើបគេទិញជាគីឡូទៅ ដោយគេទិញយកទៅដេរដោយខ្លួនគេ ។ ការលក់សក់ជាគីឡូនេះគឺតម្លៃមានទៅតាមប្រវែងរបស់វា តម្លៃនេះ វាមិនថេរនោះទេ ដោយសារសក់គេពិបាករកទិញ ពិបាកកាត់មិនសូវសម្បូរគឺវាមានតម្លៃថ្លៃ ទៅតាមនោះដែរ។ ជាទូទៅសក់ ដែលត្រូវខ្នាតមានប្រវែងពី៣តឹក ទៅដល់៧តឹក ហើយប្រវែង ៨តឹក កម្រមានណាស់ យូរៗមានមួយ ហើយវាថ្លៃខ្លាំងពេក មានការពិបាកលក់ដែរ សក់ដែលលក់ដាច់ជាងគេមានប្រវែង ៧តឹក និង ៧តឹកកន្លះ ។
អ្នកស្រី លន់ សុខហេង បានរៀបរាប់ពីតម្លៃសក់ថា ប្រភេទសក់ប្រវែង ៣តឹកមានតម្លៃ ១៥០ដុល្លារក្នុង១គីឡូក្រាម ,សក់ប្រវែង ៤តឹកមានតម្លៃ ២៨០ដុល្លារ, សក់ប្រវែង ៦តឹកមានតម្លៃ ៤៥០ដុល្លារ និង សក់ប្រវែង ៨តឹក មានតម្លៃ ៨០០ដុល្លារក្នុង១គីឡូក្រាម ដែលជាតម្លៃទិញចូល ។ សក់ពិតឬសក់ធម្មជាតិនេះ យើងមានលក់រាល់ថ្ងៃ ។ សក់ទាំងនេះ ភាគច្រើនខ្ញុំទិញពីម៉ូយ ដែលទិញពីអ្នកដើរទិញ ឬ កាត់តាមស្រុក ភូមិ ។ បើសក់មកពីក្រៅ ឬ សក់មកពីឥណ្ឌា មិនសូវបានថ្លៃដូចសក់ខ្មែរយើងនោះទេ សក់ខ្មែរមានគុណភាពល្អជាង ខុសគ្នាត្រង់ថា ហ្ស៊ែនសក់ខ្មែរយើងកាន់ទៅមានទំងន់ តែបើសក់មកពីឥណ្ឌា មកពីម៉ាឡេស៊ី សសៃសក់ហោះៗ( ស្រាល)បើអតិថិជននៅប៉ែកអឺរ៉ុ គេច្រើនតែចូលចិត្តសសៃសក់ខ្មែរយើង ។ ហើយសក់ខ្មែងយើងប្រភេទវែងៗភាគច្រើនលក់ទៅខាងប្រទេសវៀតណាម ។ កាលពីមុនខ្ញុំមានម៉ូយនាំចេញទៅក្រៅប្រទេសច្រើន ប៉ុន្តែដោយសារតម្លៃយើងមិនអាចប្រកួតប្រជែងជាមួយគេបាន ដោយសារយើងមិនអាចកំណត់តម្លៃថេរឱ្យគេបាន ព្រោះថាបើយើងកំណត់តម្លៃថេរ ហើយយើងមិនអាចរកទិញឱ្យគេបាន ដោយសារមិនសូវមានអ្នកកាត់សក់លក់ ដែលធ្វើឱ្យសក់ឡើងថ្លៃ ដូច្នេះយើងមិនអាចលក់ឱ្យគេបានក្នុងតម្លៃថេរនោះឡើយ ធ្វើឱ្យយើងមិនចំណេញ ។
ចំពោះបរទេសគេរកស៊ី គេត្រូវការនិយាយមាត់ណា មាត់នឹង តម្លៃណាគឺតម្លៃនឹង ហើយមានពេលខ្លះជនជាតិកូរ៉េ យើងទិញពីគាត់ ពេលដែលសក់ឡើងថ្លៃគឺពួកគាត់ចងកៅស៊ូច្រើន ឱ្យឡើងទំងន់ តែលក់ទៅក្រៅគេកាត់កៅស៊ូចេញ គេថា គេទិញសក់មិនមែនទិញកៅស៊ូនោះទេ ។ យើងមានខ្សែបណ្តាញរបស់យើងក្នុងការទិញសក់នេះនៅតាមភូមិ តាមស្រុក ខេត្តឆ្ងាយៗ ។បើអ្នកទីក្រុង ឬ អ្នកនៅជិតៗក្រុងគេកាត់អស់ហើយ លែងមានសក់លក់ហើយ ឥឡូវនេះសក់ថ្លៃ ដោយសារពិបាករកទិញ ។ ភាគច្រើនសក់ឥឡូវខ្ញុំទិញយកមកពីចិនវិញ ហើយចិនធ្វើការនាំចូលមកពីប្រទេសឥណ្ដាវិញសុទ្ធតែជាសក់ពិតដូចគ្នា ហើយភាគច្រើនបើយើងលក់តែនៅក្នុងស្រុកគឺយើងប្រកួតប្រជែងអត់ឈ្នះគេទេ ខ្ញុំយកមកពីចិនក៏មានម៉ូយនាំទៅអាមេរិកដែរ តែជាលក្ខណៈតូចតាច ជាលក្ខណៈគ្រួសារ ។ កន្លងមកមានម៉ូយទាក់ទាក់ទងទៅក្រៅប្រទេសច្រើនដែរ ប៉ុន្តែពេលខ្លះមិនសូវត្រូវតម្លៃ បើប្រកួតប្រជែង និងប្រៀបធៀបជាមួយចិនគឺយើងចាញ់គេហើយ ព្រោះគេធូរថ្លៃជាងយើង ហើយរឿងដេរ និង ម៉ាស៊ីនរបស់គេក៏ទំនើបលឿនជាងយើង បច្ចេកទេសគេក៏ល្អជាងយើង ។
អ្នកកាត់សក់លក់ភាគច្រើន សុទ្ធតែជាអ្នកមានជីវភាពក្រីក្រ អត់មានលុយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទើបគេយល់ព្រមលក់សក់ឱ្យ ។ ឥឡូវនេះ ដោយសារការរាត្បាតនៃជំងឺកូវីដនេះធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ ដូច្នេះអតិថិជនភាគច្រើនងាកមកប្រើសក់សូត្រវិញ ព្រោះវាមានការធូថ្លៃជាងសក់ពិត ប៉ុន្តែទីផ្សារនាពេលបច្ចុប្បន្ននេះ បានឡើងជាងមុនច្រើន ។ សក់ប្រេហ្ស៊ីលថ្លៃជាងសក់ខ្មែរយើង ប៉ុន្តែសក់ខ្មែរយើង ក៏ជាប់ជាចំណាត់ប្រភេទសក់ល្អដែរ ហើយជនជាតិបរទេសភាគច្រើនគេចង់បានសក់ខ្មែរយើង ។
អ្នកកាត់សក់លក់ជាស្ត្រី ដែលពួកគេភាគច្រើនត្រូវបានគេដឹងថា មានអាយុជាង ២០ឆ្នាំឡើងទៅ ដែលពួកគេទាំងនោះ ភាគច្រើនស្ថិតនៅក្នុងគ្រួសារ ដែលមានជីវភាពក្រីក្រ នៅតាមតំបន់ជនបទស្រុកស្រែចម្ការ ។ អ្នកស្រី វ៉ន សាវឿន ជាឈ្មួញកណ្តាលទិញសក់ រស់នៅភូមិ ជ្រនាង ឃុំជ្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ បានឱ្យដឹងថា ភាគច្រើនអ្នកទិញសក់ សុទ្ធតែជាអ្នកនៅក្នុងភូមិខ្ញុំ ដែល ក្នុងមួយថ្ងៃៗមានអ្នកដើរកាត់ ឬ ទិញសក់ផ្ទាល់ស្ទើរតែ២៥ខេត្តក្រុងហើយ បានយកសក់មកលក់ឱ្យ ។ ដោយប្រវែងសក់ចាប់ពី ៣តឹក ទៅដល់ ៦តឹកគឺមានតម្លៃ ២៥០ដុល្លារ ( ៣ ,៤,៥,៦ តឹក)តម្លៃរបស់សក់មិនថេរនោះទេ វាមានក្រោមនេះ ឬ លើសនេះ ។ រយៈពេលមួយសប្តាហ៍ ទៅ ១០ថ្ងៃ ទើបអ្នកដើរកាត់សក់ ឬ អ្នកទិញសក់ផ្ទាល់នៅតាមស្រុកភូមិ គេយកសក់មកលក់ឱ្យម្តង ដោយក្នុងម្តងៗទិញសក់បានប្រហែល ២០គីឡូក្រាម ។ ក្នុងការប្រកបមុខរបរទិញសក់នេះគឺខ្ញុំបានចំណាយដើមទុនប្រមាណជាជាង ១ម៉ឺនដុល្លារដែរ ។ អ្នកលក់សក់ ឬ អ្នកមានសក់វែងគឺភាគច្រើនជាក្មេងស្រី ដែលមានអាយុប្រហែល ២០ឆ្នាំឡើងទៅ ។ អ្នកដែលលក់សក់ភាគច្រើន សុទ្ធតែជាអ្នកមានជីវភាពក្រីក្រ ហើយជាពិសេសនៅក្នុងពេល ដែលជំងឺកូរីដ ១៩ ចូលរាតត្បាត មិនមានចំណូលសម្រាប់ទប់ទល់ជាមួយស្ថានភាពនេះបាន ពួកគាត់ក៏បានសម្រេចចិត្តលក់សក់ ដើម្បីយកលុយទៅដោះស្រាយជីវភាពក្នុងគ្រួសារ ។ ខ្ញុំបានប្រកបរបរទិញសក់នេះ អស់រយៈពេលជាង ១៨ឆ្នាំមកហើយ ៕