ទ្រី ដាណា បង្ហើបគន្លឹះ ៥ យ៉ាង ដើម្បីឱ្យការធ្វើជំនួញទទួលបានជោគជ័យ ក្លាយជាអ្នកមានឆាប់
ទម្រាំតែបានក្លាយជាម្ចាស់ហាងមាសពេជ្រ និង ជាអ្នកជំនួញមួយរូបដ៏ជោគជ័យដូចពេលនេះអ្នកនាង ទ្រី ដាណា បានហែលឆ្លងកាត់ព្យុះភ្លៀង ទុក្ខលំបាកវេទនាជាច្រើនរាប់មិនអស់ ដូច្នេះហើយ ទើបអ្នកនាងសម្បូរទៅដោយបទពិសោធក្នុងកិច្ចការធ្វើជំនួញ ។ ដោយសារតែមានបទពិសោធក្នុងការធ្វើជំនួញ និង ជោគជ័យក្នុងជីវិតនេះហើយ អ្នកនាងបានផ្តល់នូវចំណុចគន្លឹះល្អៗដើម្បីឱ្យការធ្វើជំនួញទទួលបានជោគជ័យ និង ក្លាយជាអ្នកមាន ដូចជារូបអ្នកនាង ។
តើអ្នកនាង ទ្រី ដាណា មានចំណុចគន្លឹះអ្វីខ្លះ ដើម្បីចែករំលែកដល់មហាជន ដើម្បីឱ្យការធ្វើជំនួញទទួលបានជោគជ័យ និង ក្លាយជាអ្នកមានដូចជារូបអ្នកនាង ?
នៅក្នុងការឡាយវីដេអូមួយ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាងទ្រី ដាណា បានធ្វើការចែករំលែកនូវចំណុចគន្លឹះរបស់ខ្លួនថា៖ គន្លឹះសំខាន់ ដែលនាំឱ្យការធ្វើជំនួញទទួលបានជោគជ័យ និង ក្លាយជាអ្នកមាននោះគឺទី១ ត្រូវមានគោលដៅច្បាស់លាស់ក្នុងការធ្វើអាជីវកម្មរបស់ខ្លួន កុំរារែក ឬ អល់អែកក្នុងចិត្ត បើតាំងចិត្តថា ចាប់ប្រកបរបរនោះហើយ ។ ទី២ ត្រូវប្រកាន់នូវគោលជំហរស្មោះត្រង់ ជាមួយអតិថិជនដើម្បីឱ្យអតិថិជនមានទំនុកចិត្ត បើជារបស់ល្អប្រាប់គេថាល្អ ហើយបើវាមិនល្អ ក៏ត្រូវប្រាប់គេត្រង់ថា វាមិនល្អ ។ ទី៣ បើសហការគ្នារកស៊ីកុំព្រោះតែលុយក្បត់គ្នា វាមិនរីកចម្រើនទេ ។ ទី៤ មិនត្រូវអំនួតហួសហេតុពេក និង លោភលន់ហួសព្រំដែន ពោលគឺត្រូវចេះធ្វើការចែករំលែកគ្នា ។ ទី៥ ត្រូវចេះស្វែងរកអ្វីដែលថ្មីៗដើម្បីឱ្យអតិថិជនមានការចាប់អារម្មណ៍ចូលចិត្ត ព្រោះបើច្រំដែលៗនោះផលដែលបានមក ក៏វាដដែលដែរ ។
អ្នកនាង ទ្រី ដាណា មានស្រុកកំណើតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ កើតមកនៅក្នុងត្រកូលអ្នកក្រីក្រ ដែលម្តាយ និង ឪពុកជាអ្នកបោះដុំលៀសនៅភូមិផ្សារលិច ។ នាងជាក្មេងស្រី ដែលមិនសូវមានភាពសប្បាយរីករាយដូចគេនោះទេ រហូតដល់វ័យ ១៧ ឆ្នាំ អ្នកនាងក៏ចាប់ផ្តើមអាជីវកម្មតូចមួយ ដោយគ្រាន់តែជាអ្នកលក់ខោអាវក្រោមឆ័ត្រនៅម្តុំផ្សារធំទូលសង្កែ(ហៅផ្សារសាំហាន់) ។ លក់បានត្រឹម ១ ឆ្នាំ អ្នកនាងបានប្តូរមក លក់ដុំ និង រាយគ្រឿងក្រអូបនៅក្នុងផ្សារវិញ ។ លុះដល់ ៥ឆ្នាំក្រោយមក អ្នកនាងក៏សម្រេចក្តីស្រមៃរបស់ខ្លួនឯង ដោយបានបើក ក្រុមហ៊ុនដាណា ទ្រី(ខេមបូឌា) ត្រេឌីងខូអិលធីឌី នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាក្រុមហ៊ុននាំចូលគ្រឿងសម្អាងម៉ាក អិន អិន ភី (ខេមបូឌា) NNP Cambodia ជាផលិតផលនាំចូលមកពីប្រទេសថៃ ដែលមានការទទួលស្គាល់អំពីស្តង់ដារ និងគុណភាពរបស់ផលិតផលពីក្រសួងសុខាភិបាល នៃ ប្រទេសថៃ និង ព្រះរាជាណាចក្រកម្ពុជា ។ សព្វថ្ងៃនេះ ក្រុមហ៊ុន របស់អ្នកនាង មានអ្នកតំណាងចែកចាយទូទាំងប្រទេសប្រមាណជិត ៧ ម៉ឺននាក់ ។
កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩ អ្នកនាងក៏បានផ្តើមបើកអាជីវកម្មថ្មីមួយទៀតគឺហាង ដាណា លក់គ្រឿងអលង្កាគ្រប់ប្រភេទ ។ អ្វីដែលគួរឱ្យកត់សំគាល់នោះគឺទាំងក្រុមហ៊ុន ដាណា ទ្រីខេមបូឌាត្រេឌីងខូអិលធីឌី និង ហាង ដាណា លក់គ្រឿងអលង្ការ មានអតិថិជនគាំទ្រយ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃ ។ ដោយស្រលាញ់សិល្បៈ និង មាននិស្ស័យតាំងពីក្មេង ជាពិសេសគឺចង់មានចម្រៀងផ្ទាល់ខ្លួនផងនោះ អ្នកនាង ក៏បានចូលប្រឡូកក្នុងវិស័យសិល្បៈជាមួយផលិតកម្ម TOWN កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ចម្រៀងរបស់នាងមានប្រមាណជិត ១០ បទ បានកំពុងចាក់ផ្សាយតាម Facebook និង YouTube ៕