ពីចិញ្ចឹមបង្កងសាច់លើផ្ទៃដី ២ ហិកតាបានជោគជ័យខ្លាំង ហង្ស ភារម្យ សម្រេចពង្រីផ្ទៃដីចីញ្ចឹមដល់ ១០ ហិកតា
មុខរបរចិញ្ចឹមបង្កង អូស្ត្រាលី កំពុងតែមានការពេញនិយមយ៉ាងខ្លាំង ដោយសារតែបង្កងអូស្ត្រាលីមានការងាយស្រួលចិញ្ចឹម ហើយលក់បានតម្លៃថ្លៃ ។ លោក ហង្ស ភារម្យ ជាអ្នកចិញ្ចឹមបង្កងអូស្ត្រាលីមួយរូប ដែលមុខរបរចិញ្ចឹមបង្កងរបស់លោកកំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ។ បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមបង្កងរបស់លោក មានទីតាំងស្ថិតនៅក្នុងភូមិទួលទ្រា ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកបានប្រកបរបរចិញ្ចឹមបង្កងអូស្ត្រាលីនេះ អស់រយៈពេលជាង ៣ឆ្នាំមកហើយ ។
កសិដ្ឋានចិញ្ចឹមបង្កង របស់លោក ហង្ស ភារម្យ មានឈ្មោះ“ភារម្យសត្យា” លោកបានឱ្យដឹងថា ខ្ញុំបានចាប់ផ្ដើមបើកកសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីនៅទីនេះ ពីដំបូងឡើយគឺចិញ្ចឹមកូនបង្កងត្រឹម១ពាន់ក្បាលប៉ុណ្ណោះ ដោយដាក់ចិញ្ចឹមក្នុងអាងចិញ្ចឹមសិប្បនិមិត្ត ចំនួន២ ។ ការចិញ្ចឹមដំបូងទទួលបានជោគជ័យខ្លះ បរាជ័យខ្លះ ប៉ុន្តែខ្ញុំបានពង្រីកកសិដ្ឋានជាបន្តបន្ទាប់ទៀត ក្នុងរយៈពេលជាង ១ ឆ្នាំក្រោយមក ក៏បានទទួលជោគជ័យ ស្ទើរតែទាំងស្រុងដោយសារតែការថែទាំ និង ស្គាល់ច្បាស់ពីជីវិតបង្កងអូស្ត្រាលី ឬ បង្កងដង្កៀបក្រហម និង ចេះធ្វើការបង្កាត់ពូជបន្តកូនរបស់វា ។
បច្ចុប្បន្នដោយសារលោកបានពង្រីកធ្វើកន្លែងបង្កាត់ពូជ ភ្ញាស់កូនអស់ ធ្វើឱ្យទីតាំងកសិដ្ឋាននេះ មានលក្ខណៈតូចចង្អៀត ទើបលោកសម្រេចមិនដាក់ចិញ្ចឹមបង្កងយកសាច់នោះទេ គឺទុកធ្វើតែកន្លែងបង្កាត់ពូជទាំងអស់ ដោយបានជីកស្រះចំនួន០៧ កន្លែង និង ធ្វើកន្លែងសម្រាប់មេភ្ញាស់កូន១កន្លែង លើផ្ទៃដីទំហំជាង១ហិកតា ។ ចំណែកទីតាំងចិញ្ជឹមបង្កងយកសាច់ គឺលោកបាន រៀបចំស្រែបង្កង ១កន្លែងផ្សេងទៀត ដែលមានផ្ទៃដីទំហំ ១០ ហិកតា ស្ថិតនៅក្នុងភូមិស្ដុកកប្បាស ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មកដល់ពេលនេះ លោកទើបតែធ្វើបាន ២ហិកតាប៉ុណ្ណោះ ដោយបានដាក់កូនបង្កងប្រមាណជាង២ ម៉ឺនក្បាលរួចទៅហើយ ។
សព្វថ្ងៃនេះ លោក ហង្ស ភារម្យ លក់បង្កងសាច់បានក្នុង១គីឡូក្រាម ៣០ ដុល្លារ ។ បើសម្រាប់កូនបង្កងវិញ គាត់លក់បានពី១ម៉ឺនក្បាល ទៅ ២ម៉ឺនក្បាលក្នុងខែ ដោយលក់បានក្នុងតម្លៃពី ១ ៥០០ រៀល ទៅ ២ ០០០ រៀលក្នុង១ក្បាល ដោយឡែកសម្រាប់មេ ឬ បាបង្កងវិញក្នុង១គូ អាចលក់បានពី ៣ ទៅ ៤ ម៉ឺនរៀល ៕
រូបថត ៖ សុក្ខារិន