ល្បីថា បង្កងអូស្ត្រាលី ងាយស្រួលចិញ្ចឹម ហើយទទួលបានប្រាក់ចំណូលខ្ពស់ទៀត
ដោយសារតែជំងឺកូវីដ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនផ្លាស់ប្តូរការងារធ្វើ ពីការធ្វើការងារស៊ីប្រាក់ខែគេ ឬ ប្រកបរបរការងារផ្សេង ងាកមកប្រកបរបរកសិកម្ម ដាំដុះបន្លែ បង្ការ និង ចិញ្ចឹមសត្វ ត្រី សាច់ ដើម្បីដោះស្រាយ និង ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ នៅកំឡុងពេលជំងឺ កូវីដកំពុងរាតត្បាតនេះ ។
លោក សុខ សំណាង អតីតជាមគ្គុទេសក៍ទេសចរមួយរូប រស់នៅក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប នៅពេលជំងឺកូវីដចូលរាតត្បាតបានធ្វើឱ្យប៉ះពាល់ដល់ការងាររបស់គាត់ ដែលគាត់បានបម្រើការងារលើវិស័យនេះ អស់រយៈពេល១០មកហើយនោះ ។ ឥឡូវនេះ រូបលោកបានងាកមកប្រកបរបរចិញ្ចឹមជីវិត ដោយការចិញ្ចឹមបង្កងអូស្ត្រាលីលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារវិញម្តង ។ ព្រោះថា ការចិញ្ចឹមបង្កង់អូស្ត្រាលីនេះ វាមានលក្ខណៈងាយស្រួលជាងការចិញ្ចឹមសត្វដទៃទៀត ចិញ្ចឹមតែរយៈ ពេលពី ៦ ទៅ៩ខែប៉ុណ្ណោះ វានឹងផ្តល់ផល ហើយទទួលបានប្រាក់ចំណូលខ្ពស់ ។
លោក សុខ សំណាង បានឱ្យដឹងថា ខ្ញុំបានចាប់ផ្ដើមចិញ្ចឹមបង្កងអូស្ដ្រាលីនេះ នៅកំឡុងខែវិច្ឋិកា ឆ្នាំ២០១៩ ដោយមានការណែនាំពីមិត្តភក្តិ និង សាកល្បងអនុវត្ត តាមវីដេអូណែនាំ ដែលគេបានបង្ហោះនៅតាមបណ្ដាញសង្គមយូធូប ។ បច្ចុប្បន្ននេះ ខ្ញុំមានបង្កងពូជរាប់ពាន់ក្បាល និង ចិញ្ចឹមលើផ្ទៃដីទំហំប្រហែល ៨០ ម៉ែត្រការ៉េ។
ចំពោះទីផ្សារបង្កងអូស្ដ្រាលីរាល់ថ្ងៃនេះ គឺមួយគីឡូក្រាមមានតម្លៃ ២៥ ដុល្លារ ។ បង្កងអូស្ដ្រាលីនេះ ងាយស្រួលចិញ្ចឹមណាស់ អាចចិញ្ចឹមក្នុងអាងស៊ីម៉ងត៍ ក្នុងស្រះ ក្នុងស្រែ ក្នុងលូស៊ីម៉ង់ត៍ អាងធ្វើពីតង់ ក៏បាន ។ ជាពិសេសកន្លែងណាដែលមានប្រភពទឹកស្អាត ។ ចំពោះបង្កងឈ្មោល ដែលមានអាយុចាប់ពី ៤ ទៅ ៥ខែ មានទម្ងន់ប្រហែល ៦០០ក្រាម ហើយបង្កងញីមានទម្ងន់ ៤០០ក្រាម ។ ដើម្បីរកចំណូលបន្ថែម ក្រៅពីចិញ្ចឹមបង្កងអូស្ដ្រាលី ខ្ញុំក៏បានចិញ្ចឹសត្វមាន់ស្រែ ទាកាប៉ា និង សត្វកង្កែបពូជផងដែរ ។
ដោយសារតែងាកមកប្រកបរបរកសិកម្ម ចិញ្ចឹមបង្កងអូស្ត្រាលី មាន់ស្រែ ទាកាប៉ា និង សត្វកង្កែបពូជនេះ បានធ្វើឱ្យគ្រួសាររបស់លោក សុខ សំណាង មានជីវភាពល្អប្រសើរជាងកាលពីពេលមុន ៕
រូបថត៖ មន្ទីព័ត៌មានខេត្តសៀមរាប