មានលុយ ៣ ៥០០ ដុល្លារ ចិញ្ចឹមមាន់ដូចកសិករ ចាន់ សឿន រកចំណូលបានជិត ១ ពាន់ដុល្លារក្នុង ១ ខែ
ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែមានភាពប្រសើរនោះ កសិករ ចាន់ សឿន បានចាប់យកមុខរបរចិញ្ចឹមមាន់ និង ភ្ញាស់មាន់លក់ រហូតមកដល់ពេលនេះ មុខរបរចិញ្ចឹមមាន់របស់គាត់កំពុងទទួលបានជោគជ័យ ដែលធ្វើឱ្យរូបគាត់អាចរកចំណូលបានរាប់លានរៀលក្នុងមួយខែៗ ដោយមិនបាច់ធ្វើចំណាក់ស្រុកទៅរកការងារធ្វើនៅបណ្តាខេត្តឆ្ងាយៗនោះទេ ។
លោក ចាន់ សឿន មានអាយុ៥៣ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិបន្ទាយឆ្មារ ឃុំឆ្នាល់មាន់ ស្រុកគាស់ ក្រឡ ខេត្តបាត់ដំបង ។ គាត់បានចាប់ផ្តើមចិញ្ចឹមមាន់អស់រយៈពេល ១ឆ្នាំមកហើយ ពេលនេះមាន់របស់គាត់ សរុបមានចំនួន៨៤៥ក្បាល ក្នុងនោះមេពូជមានចំនួន ២០០ក្បាល មាន់បាមានចំនួន ៤៥ក្បាល និង មាន់សម្រាប់យកសាច់មានចំនួន ៦០០ក្បាល។
លោក ចាន់ សឿន បានមានប្រសាសន៍ប្រាប់មន្ត្រីការិយាល័យកសិកម្មស្រុក គាស់ ក្រឡ ដែលបានចុះទៅពិនិត្យមើលការចិញ្ចឹមមាន់របស់គាត់ថា ក្នុងការចិញ្ចឹមមាន់នេះ លោកបានចំណាយទៅលើការសាងសង់ទ្រុងចំនួន០២ទ្រុង អស់ទឹកប្រាក់ចំនួន ៣ ៥០០ដូល្លារ ដោយទ្រុងនីមួយៗមានទំហំ ៦ម x២៣ម ។ លោកមានទូរភ្ញាស់កូនមាន់ចំនួន ១ទូរ និង ម៉ាស៊ីនសម្រាប់កិនពោតដើម្បីលាយជាមួយចំណីដែលទិញមកពីផ្សារចំនួន ១ គ្រឿង ។ ក្នុងមួយខែ លោកបានចំណាយសរុបចំនួន ២ ០០០ ០០០រៀល (ក្នុងនោះទៅលើចំណីចំនួន ១ ៥០០ ០០០រៀល ភ្លើងសម្រាប់កម្តៅ និង ភ្ញាស់កូនមាន់ចំនួន ៣៤០ ០០០រៀល និង ទឹកសម្រាប់ឱ្យផឹកចំនួន ៨០ ០០០រៀល)។ ហើយចំណូលសរុប ដែលបានមកពីការចិញ្ចឹមមាន់នេះមានចំនួន ៥ ៧០០ ០០០រៀល ក្នុង០១ខែ ក្នុងនោះគាត់លក់មាន់សាច់បាន ០៣ដង គិតជាទឹកប្រាក់ចំនួន ៥ ០០០ ០០០រៀល និង លក់កូនមាន់បានចំនួន ៧០០ ០០០រៀល ។ ជាមួយគ្នានោះ លោកទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៣ ៧០០ ០០០រៀលក្នុង១ខែ។ ហើយនៅឆ្នាំបន្ទាប់នេះ រូបលោកមានបំណងពង្រីកមេពូជឱ្យបានចំនួន ៥០០ក្បាលបន្ថែមទៀត ។ នេះបើយោងតាមក្រសួងកសិកម្ម ៕