ស្រ្ដីវ័យចំណាស់ពីរនាក់បងប្អូន បង្កើតកសិដ្ឋានដាំប្រទាលកន្ទុយក្រពើលក់ អាចរកចំណូលបាន ១៥០ ដុល្លារក្នុង ១ ថ្ងៃ
មនុស្សភាគច្រើនគិតថា ដល់ពេលចាស់ទៅ ត្រូវរស់នៅដោយក្តីសុខ ក្រោមការចិញ្ចឹមបីបាច់ថែរក្សាពីកូនចៅ ប៉ុន្តែសម្រាប់ស្ត្រីចំណាស់ពីរនាក់បងប្អូននេះវិញ គាត់មិនបានឱ្យភាពចាស់ជរាមកគាបសង្កត់ចិត្តគាត់ឱ្យទម្រន់ រងចាំរស់ ដោយសារកូនចៅនោះឡើយ ។ ដោយពួកគាត់បានបង្កើតជាកសិដ្ឋាន ដាំប្រទាល់កន្តុយក្រពើមួយនៅក្បែរផ្ទះដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយមិនរងចាំសុំលុយពីកូនចៅឡើយ ។ អ៊ុំស្រីពីរនាក់បងប្អូននោះម្នាក់មានឈ្មោះ ឡុង ជូ អាយុ ៧៦ ឆ្នាំជាបង និង អ៊ុំស្រីប្អូនមានឈ្មោះ ឡុង សុឃីម អាយុ ៧២ ឆ្នាំ ពួកគាត់រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
អ៊ុំស្រី ឡុង សុឃីម បានរៀបរាប់ថា ដំបូងឡើយគាត់បានឃើញបុរសអ្នកជិតខាងគាត់ម្នាក់មានជំងឺស្គមស្គាំង ដែលអ្នកភូមិគាត់មួយចំនួនគិតថា បុរសរូបនោះកើតអេដ៍ ប៉ុន្តែប៉ុន្មានខែក្រោយមក គាត់បានឃើញបុរសនោះមានសាច់ឈាមស្រស់ថ្លាឡើងវិញ គាត់ក៏សួរថា បានថ្នាំអីហូបបានជាសះស្បើយ យ៉ាងនេះ ? បុរសរូបនោះប្រាប់គាត់ថា គេទិញប្រទាលកន្ទុយក្រពើមកពិសាររាល់ថ្ងៃ ទើបជាសះស្បើយពីជំងឺក្រពះនេះ ។
ក្រោយពីឮអ្នកជិតខាងនិយាយប្រាប់ដូចនេះ រូបគាត់ និង បងស្រីក៏មានគំនិតមួយចង់ដាំប្រទាលកន្ទុយក្រពើលក់ បន្ទាប់មកគាត់ក៏ចូលមើលយូធូប ឃើញថា ប្រទាលកន្ទុយក្រពើមានសារៈសំខាន់យ៉ាងច្រើន ទើបគាត់បានចាប់ផ្តើមដាំប្រទាល់កន្ទុយក្រពើនេះ ជាទ្រង់ទ្រាយតូចកាលពី ៩ ឆ្នាំមុន ប៉ុន្តែចាប់តាំងពីខែ៦ ឆ្នាំ២០១៨ គាត់ក៏ចាប់ផ្តើមដាំវាជាកសិដ្ឋានតូចល្មមនៅក្បែរផ្ទះតែម្តង ដោយដាំប្រទាលកន្ទុយក្រពើ ក្នុងផើង និង ក្នុងកេះស្នោរ ដែលរហូតមកដល់ពេលនេះ គាត់ដាំបានរហូតដល់ទៅជាង ១៤ ០០០ គុម្ភ ។
អ្នកស្រី សុឃីម បានឱ្យដឹងទៀតថា កូនប្រទាល ១ ដើមលក់ក្នុងតម្លៃ ៤០០០ រៀលជាតម្លៃបោះដុំ តែបើលក់រាយ ១ដើមថ្លៃ ១ម៉ឺនរៀល ,ហើយធាងរបស់វា ១គីឡូក្រាមលក់បាន ៤០០០ រៀល ដូចគ្នា និង ទឹកប្រទាលមួយដបលក់ ២ ៥០០ រៀល ។ ដោយជាមធ្យម ខ្ញុំរកចំណូលបាន ១៥០ដុល្លារ ក្នុងមួយថ្ងៃ ។ បច្ចុប្បន្ននេះទីផ្សារប្រទាលកន្ទុយក្រពើរបស់គាត់ កំពុងតែមានតម្រូវការច្រើន ទាំងភេសជ្ជៈ ទាំងជាឱសថ គ្រឿងសម្អាង និង មានផលប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព ។
ក្រៅពីលក់ធាងប្រទាលកន្ទុយក្រពើ គាត់ក៏បានធ្វើទឹកប្រទាល់កន្ទុយក្រពើលក់ផងដែរ ។ អ៊ុំស្រី ឡុង សុឃីម បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់គ្នាឱ្យជួយគាំទ្រផលិតផលទឹកប្រទាលកន្ទុយក្រពើរបស់ពួកគាត់ ដោយគាត់មិនប្រើជាតិគីមីនាំឱ្យប៉ះពាល់ដល់សុខភាព លើសពីនេះក៏ដូចជាជួយលើកទឹកចិត្តដល់ពួកគាត់ពីរនាក់បងប្អូនឱ្យបន្តការដាំដុះប្រទាលកន្ទុយក្រពើតទៅទៀតដើម្បីធ្វើឱ្យជីវភាពពួកគាត់កាន់តែប្រសើរឡើងថែមទៀត ។
ប្រសិនបើបងប្អូនត្រូវការប្រទាលកន្ទុយក្រពើ ទាំងពូជ ឬ ត្រូវការធាង អាចកម្ម៉ង់ទិញពីអ៊ុំស្រីទាំងពីរនាក់នេះបាន ពីព្រោះអ៊ុំស្រីអាចផ្ញើរទៅបានគ្រប់ខេត្តក្រុង មិនថា ទិញតិច ឬ ច្រើន ក៏អ៊ុំស្រីអាចផ្ញើរទៅបានដែរ ជាពិសេសនោះគឺមានតម្លៃសមរម្យមែនទែនធានាថា មិនខកបំណងឡើយ ។ បើបងប្អូនមានការចាប់អារម្មណ៍ និង ចង់ដឹងពត៌មានបន្ថែមអាចទាក់ទងទៅពួកគាត់ផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ ០៩២ ៥៣ ២១ ១៥ / ០៧៧ ៨១ ៤៦ ៨២ ៕
រូបថតៈ ភោគផលយើង