លោក ឧកញ៉ា នួន រិទ្ធី បង្ហាញគន្លឹះ ៧ ចំណុច ធ្វើឱ្យការរកស៊ីលើវិស័យអចលនៈទ្រព្យទទួលបានជោគជ័យ
លោក ឧកញ៉ា នួន រិទ្ធី ត្រូវបានគេចាត់ទុកថា ជាអ្នកជំនួញវ័យក្មេងដ៏ជោគជ័យមួយរូប ដែលបច្ចុប្បន្នលោកគឺជាម្ចាស់ក្រុមហ៊ុនអចលនៈទ្រព្យដ៏ធំមួយមានឈ្មោះថា Khmer Foundation Appraisal ។ លោកឧកញ៉ាគឺជាក្មេងកំព្រាម្នាក់ ទម្រាំតែបានជោគជ័យដូចសព្វថ្ងៃនេះ លោកធ្លាប់បានឆ្លងកាត់ការតស៊ូ លំបាកគ្រប់បែបយ៉ាង ព្រោះតែជីវភាពក្រីក្រ លោកធ្លាប់បានដើររើសអេតចាយ និង ទៅធ្វើការងារសំណង់ដើម្បីយកប្រាក់កម្រៃមកជួយផ្គត់ផ្គង់ជីវភាពគ្រួសារ និង ឧបត្ថម្ភក្នុងការសិក្សារបស់លោក ។
បន្ទាប់ពីរៀនចប់ និង មុនពេលក្លាយជាម្ចាស់ក្រុមហ៊ុនអចលនៈទ្រព្យដ៏ធំមួយនេះ លោកឧកញ៉ា ធ្លាប់ធ្វើការឱ្យគេលើវិស័យអចលនៈទ្រព្យនេះអស់រយៈពេលជាង ១០ឆ្នាំ ហើយលោកឧកញ៉ាបានចេញមកបង្កើតក្រុមហ៊ុនអចលនៈទ្រព្យដោយខ្លួនឯង នៅក្នុងឆ្នាំ ២០១៥ រហូតមកដល់ពេលនេះមានអាយុកាល៥ឆ្នាំហើយ ហើយក៏កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង លើវិស័យជំនួញអចលនៈទ្រព្យនេះ ។
នៅពេលសួរថា តើមានចំណុចគន្លឹះអ្វីខ្លះ ដែលធ្វើឱ្យការរកស៊ីរបស់លោកឧកញ៉ា លើវិស័យអចលនៈទ្រព្យទទួលបានជោគជ័យរហូតមកដល់សព្វថ្ងៃនេះ ? លោកឧកញ៉ា នួន រិទ្ធី បានឆ្លើយថា គន្លឹះសំខាន់របស់ខ្ញុំ ក្នុងការធ្វើជំនួញលើវិស័យអចលនៈទ្រព្យនេះគឺត្រូវពិនិត្យមើលទៅលើ ៧ចំណុច បើយើងនិយាយពីយុទ្ធសាស្ត្ររបស់យើងនោះគឺចំណុច ទី១ យើងត្រូវពិនិត្យទៅលើគុណវឌ្ឍន៍ផ្ទាល់ខ្លួនរបស់យើង យើងនៅកម្រិតប៉ុណ្ណា បានន័យថា ស្គាល់ខ្លួនយើងឱ្យច្បាស់ ។ ចំណុចទី២ តើយើងចង់ក្លាយជាអ្វី ? យើងចង់រកស៊ីអ្វី ឬ ក៏យើងធ្វើការអ្វី ដូច្នេះយើងត្រូវចាប់ផ្តើមពីដំបូងសិន បានន័យថា យើងតម្រង់ខ្លួនយើង សមត្ថភាពយើងប៉ុណ្ណា យើងត្រូវដឹងខ្លួនឯង ។ ចំណុចទី៣ ត្រូវសម្របនឹងបរិយាកាសការងារ បរិយាកាសរកស៊ី ត្រូវចេះសម្របខ្លួន ។ ចំណុចទី៤ ការសេពគប់ ហើយការសេពគប់នេះសំខាន់ណាស់ ដោយយើងសេពគប់ទៅលើមនុស្សជំពូកអ្វី ដែលយើងគួរតែសេពគប់ ។ ចំណុចទី៥ ត្រូវចេះដាក់ខ្លួនយើងនៅក្នុងសង្គម កុំឱ្យខ្លួនយើងឯកោ កុំឱ្យខ្លួនយើងអស្ចារ្យ គឺយើងត្រូវតែផ្ញើខ្លួនយើងជាមួយសង្គម សង្គមបែបណាមួយ ដែលយើងចង់ចូល យើងត្រូវតែផ្ញើខ្លួននឹងសង្គម ត្រូវតែឱ្យខ្លួនយើងទៅជារបស់សង្គម ទើបយើងមានការអភិវឌ្ឍន៍លឿន ។ ចំណុចទី៦ ត្រូវមានការព្យាយាមខ្ពស់ និង អត់ធ្មត់មែនទែន ពីព្រោះចាប់ពីឆ្នាំ២០២០នេះទៅគឺពុំមានឱកាសច្រើនសម្រាប់អ្នកមិនមានការព្យាយាមនោះទេ ។ បើពុំមានការព្យាយាម ពុំមានការអត់ធ្មត់គឺពុំទទួលបានជោគជ័យឡើយ ដែលវាខុសពីទសវត្សឆ្នាំ ១៩៩០ ដែលពេលខ្លះសំណាងរត់រកមនុស្ស ប៉ុន្តែឥឡូវនេះមនុស្សត្រូវរត់រកសំណាង មនុស្សត្រូវចេះរត់រកឱកាស បង្កើតឱកាស និង ឈោងចាប់យកឱកាសឱ្យបាន ។ ចំណុចទី៧ ពាក់ព័ន្ធទៅនឹងការមានឆន្ទៈ មានការព្យាយាមតស៊ូហើយ ឆន្ទៈរបស់យើងឱ្យមោះមុត ទើបយើងអាចទទួលបានផ្លែផ្កា ទទួលបានការចាប់អារម្មណ៍ពីទីផ្សារ ពីសំណាក់អតិថិជន ។ ជាមួយនឹងចំណុចគន្លឹះទាំងអស់នេះហើយ យើងត្រូវដុសខាតចំណេះដឹងផ្ទាល់ខ្លួនយើង ជារៀងរាល់ថ្ងៃទៀត តាមរយៈការរៀនសូត្រពីបរិយាកាសជុំវិញខ្លួនយើង ។
ជាពិសេសចុងក្រោយនេះ ខ្ញុំសូមផ្តាំផ្ញើរទៅយុវជនជំនាន់ក្រោយ ទៅសហគ្រិនវ័យក្មេងមួយចំនួន ដែលកំពុងចាប់ផ្តើមធ្វើជំនួញគឺត្រូវបង្កើនការគិតគូរទៅលើកត្តា៣ គឺទី ១ កត្តាតារាសាស្ត្រ ទី២កត្តាភូមិសាស្ត្រ និង ទី៣ កត្តាយុទ្ធសាស្ត្រ ។ ដោយតារាសាស្ត្រនោះគឺយើងមើលខ្យល់ ក្នុងបុព្វហេតុនៃការរកស៊ី យើងត្រូវពឹងផ្អែកទៅលើអ្វីខ្លះ? ដោយយើងត្រូវមើលថា នៅលើពិភពលោក វាប៉ះហើយ តើនៅក្នុងស្រុកយើងវាប៉ះ ឬ អត់ ? ,ទី២កត្តា ភូមិសាស្ត្រ បើយើងយកចំណេះជំនាញពីបរទេសទាំងស្រុងមកអនុវត្តជាមួយវប្បធម៌កម្ពុជា គឺយើងមិនអាចរកស៊ីទទួលបានជោគជ័យឡើយ ។ ហើយទី៣ កត្តាយុទ្ធសាស្ត្ររបស់យើងក្នុងការបង្កើតអាជីវកម្មមួយ ត្រូវទាមទារឱ្យមានការរៀបចំទៅលើកត្តាមួយចំនួនទៀតដូចជា៖កត្តាភាពជាអ្នកដឹកនាំ ទោះបីជាការរកស៊ីប៉ុណ្ណាក៏ដោយ ក៏ត្រូវតែមានវិន័យក្នុងការគ្រប់គ្រងទៅលើហិរញ្ញវត្ថុ និង សាច់ប្រាក់ លក់ចាប់ហួយក៏ដោយ ក៏ត្រូវមានវិន័យក្នុងការគ្រប់គ្រងដែរ ដូច្នេះវាមានការពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ,កត្តាធនធានមនុស្ស ,ហិរញ្ញវត្ថុ និង ទីផ្សារ ដែលកត្តាទាំងនេះ មានសារសំខាន់ណាស់ ដែលយើងគិតពីយុទ្ធសាស្ត្ររបស់យើង ដូច្នេះហើយ យើងសូមធ្វើការចែករំលែកថា មកដល់ពេលនេះខ្ញុំក៏មិនទាន់បានទទួលថា ជាអ្នកជោគជ័យនោះទេ គ្រាន់តែជាអ្នករៀបចំ យុទ្ធសាស្ត្របន្ថែមទៀតក្នុងការបំពេញបន្ថែមអ្វីជាការខ្វះខាតនៅលើទីផ្សារ ដែលយើងកំពុងតែបម្រើការជូនអតិថិជន ។ ហើយជាមួយគ្នានេះ ក្នុងការរកស៊ី ឬ ធ្វើជំនួញ យើងត្រូវអនុវត្តនូវគោលការណ៍ រក្សាអតិថិជនចាស់ បង្កើនអតិថិជនថ្មី ហើយយើងក៏ត្រូវបទបែនទៅតាមសម័យកាលផងដែរ ៕