មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃជាង ១,៥ លានដុល្លារ សម្ភោធដាក់ឱ្យដំណើរការហើយ នៅខេត្តព្រះសីហនុ
មជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំមួយនៅខេត្តព្រះសីហនុ ត្រូវបានសម្ភោធដាក់ឱ្យដំណើរការ នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ កន្លងទៅនេះ ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានសាងសង់ឡើងក្នុងទំហំទឹកប្រាក់ចំនួន ១.៥៣២.៨០០ ដុល្លារអាមេរិក ដែលមានតូប និង ស្តង់សម្រាប់ឱ្យអាជីវករលក់ដូរចំនួន ៤០៨ ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម នេះ ។ លោក មុំ តារា តំណាងក្រុមហ៊ុន តារា សុីណា ប្រូឃ័រ បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ បានសាងសង់ឡើងក្នុង រយៈពេល ១២ខែ លើផ្ទៃដីទំហំ ១២.៨៨៦ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដោយចំណាយថវិកាសរុបចំនួន ១.៥៣២.៨០០ ដុល្លារអាមេរិក ។ ដោយនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ មានតូប និង ស្តង់សរុបចំនួន៤០៨ ,ចំណតរថយន្ត ចំនួន២កន្លែង អាចចតរថយន្តបានចំនួន៩០គ្រឿង ,ចំណតទោចក្រយានយន្ត អាចចតទោចក្រយានយន្តបានចំនួន ៣០០គ្រឿង ,បន្ទប់អនាម័យចំនួន ២ មានទំហំ (៦x១៦) មាន២២បន្ទប់ សរុបចំនួន ៤៤បន្ទប់ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត ៕
ប្រភព ៖រដ្ឋបាលខេត្តព្រះសីហនុ