ជួយគាំទ្រទឹកដោះគោស្រស់ ផលិតផលក្នុងស្រុកផង
ក្រុមហ៊ុនក្នុងស្រុកមួយបានចាប់ដៃគូជាមួយបរទេស ដោយបោះទុនវិនិយោគនូវទឹកប្រាក់ចំនួន ១៥ លានដុល្លារ ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយ ដែលមានលក្ខណៈបច្ចេកទេសទំនើប និង ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ មានឈ្មោះ គីរីសួ (Kirisu Farm, Modern Dairy in Cambodia) ដែលមានទីតាំងស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ។ មកដល់ពេលនេះ កសិដ្ឋានចិញ្ចឹមគោគីរីសួ បានដំណើរការ និង ផលិតទឹកដោះគោស្រស់បានរយៈពេលជាង១ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់លើទីផ្សារ ។
លោក គួច សុលី ជានាយកចាត់ការទូទៅ នៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួ បានឱ្យដឹងថា គំនិតផ្តួចផ្តើមដំបូងនៃការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ គឺក្នុងខណ:ពេល ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានអញ្ជើញទៅបំពេញបេសកកម្មជាផ្លូវការនៅប្រទេសអីស្រាអែល នៅក្នុងខែសីហា ឆ្នាំ២០១៧។ ជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្រ្តី ជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មអីស្រាអែល និង នាយកគ្រប់គ្រងនៃទីភ្នាក់ងារជំនួយអន្តរជាតិសម្រាប់ការអភិវឌ្ឍរបស់រដ្ឋាភិបាលអីស្រាអែលនៅពេលនោះបានរកឃើញកម្មវត្ថុសំខាន់មួយដែលមានសក្តានុពលគួរតែធ្វើការវិនិយោគនោះគឺ “ការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ (Dairy Farm)”។ ផ្តើមចេញពីលទ្ធផលនៃជំនួបពិភាក្សានេះ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd បានចាប់ផ្តើមរៀបចំបែបបទទៅតាមនីតិវិធីរដ្ឋបាលបច្ចេកទេស និង ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាគឺបានចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេ ហ៊ុន សែន ឱ្យបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ លើផ្ទៃដីទំហំ ៣០០ហិកតា និង ចុងក្រោយទទួលការអនុម័តជាផ្លូវការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ នេះគឺជាកសិដ្ឋានចិញ្ចឹមគោទឹកដោះទំនើបទាន់សម័យ ធំជាងគេ និង ដំបូងបង្អស់នៅកម្ពុជា ដែលប្រើប្រាស់បច្ចេក វិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែលទាំងការចិញ្ចឹម ការដាំស្មៅជាចំណីលើផ្ទៃដី ២០០ហិកតា រចនាសម្ព័ន្ធស្រោចស្រព (ប្រើប្រព័ន្ធបច្ចេកវិទ្យាកសិកម្មវៃឆ្លាត) ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គីសនី ផ្លូវ រោងចក្រកែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី ឃ្លាំងចំណី កន្លែងថែរក្សា និងសម្លាប់មេរោគ (Pasteurized milk) និង ស្រះស្តុកទឹក (២២ ០០០ម៉ឺនម៉ែត្រគូប)។ល។
បច្ចុប្បន្ន នៅក្នុងកសិដ្ឋាននេះ មានគោចំនួន ៥៦០ក្បាលដែលត្រូវបាននាំចូល ក្នុងនោះគោចំនួន ៣០០ក្បាលចាប់ផ្តើមផ្តល់ទឹកដោះ ដោយគោ១ក្បាលផ្តល់ទឹកដោះបានចំនួន ២០លីត្រក្នុង១ថ្ងៃ ជាមធ្យមកសិដ្ឋានផលិតទឹកដោះបានចំនួន ៦ ០០០លីត្រក្នុង១ថ្ងៃ ។ លោក គួច សុលី បានបន្តទៀតថា នៅបំណាច់ឆ្នាំនេះ សង្ឃឹមថាគោទាំង ៥៦០ក្បាលនឹងផ្តល់ទឹកដោះបានគ្រប់ៗក្បាល ដល់ពេលនោះកសិដ្ឋានអាចផលិតទឹកដោះបានចំនួន ១០ ០០០លីត្រ១ថ្ងៃ។ ចំពោះចំណី (ស្មៅ និងពោត) ដាំខ្លួនឯង ដោយឡែកសណ្តែកសៀង និង កាកស្រាបៀប្រមូលទិញក្នុងស្រុក។ ចំពោះសុខភាពសត្វ រាល់សត្វនីមួយៗត្រូវបានបំពាក់ដោយសេនស័រ និង លេខកូដនៅជើង ហើយភ្ជាប់ទៅប្រព័ន្ធត្រួត ពិនិត្យសុខភាព ក្នុងករណីគោណាមួយមានបញ្ហាសុខភាព វានឹងបង្ហាញប្រាប់ ជាបន្ទាន់គេនឹងចាត់វិធានការត្រួតពិនិត្យតាមលក្ខណ:បច្ចេកទេសច្បាស់លាស់មួយបានទាន់ពេល និង មានប្រសិទ្ធភាព។ បច្ចុប្បន្ន កសិដ្ឋានមានមន្រ្តី បុគ្គលិក និង កម្មករក្នុងស្រុកចំនួន ៦០នាក់ និង មន្រ្តីជំនាញបច្ចេកទេសគ្រប់ផ្នែកចំនួន ៦នាក់ (អីស្រាអែល ៤ និង រុស្សី ២)។
នៅខណៈពេលចុះទៅធ្វើទស្សនកិច្ច និង ត្រួតពិនិត្យមើលកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួកាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មមានប្រសាសន៍ថា ពិតជាមោទនភាពរបស់ប្រទេសយើងខ្លាំងណាស់ ដែលមានក្រុមហ៊ុនក្នុងស្រុកមួយសហការជាមួយបរទេសដាក់ទុន ១៥លានដុល្លារវិនិយោគលើគម្រោងដ៏ធំមួយនេះ។ គម្រោងនេះ ពិតជានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង ផលិតផលទឹកដោះគោស្រស់ និង កែច្នៃសម្រាប់ទីផ្សារក្នុងស្រុក ។ មិនតែប៉ុណ្ណោះ គម្រោងនឹងជួយនាំយកបច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និង ចុងក្រោយ មកប្រើក្នុងការចិញ្ចឹម និង ផលិតទឹកដោះ ធានាគុណភាព និង សុវត្ថិភាព ឈានទៅធានាសុខភាពអ្នកបរិភោគ និង អាហារូបត្ថម្ភសម្រាប់កុមារ។ គម្រោងបានស្រូបយកកំលាំងពលកម្មក្នុងស្រុក និស្សិតបញ្ចប់ការសិក្សា ទទួលបានចំណេះដឹង និង បទពិសោធន៍ គម្រោងបានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ៕
រូបថត៖ក្រសួងកសិកម្ម