របរចិញ្ចឹមរុយយកពងលក់ចម្លែកបន្តិច តែពេលបានលក់ ១ គីឡូ ថ្លៃ ១០០០ ដុល្លារ
វាជារឿងដែលគេពុំធ្លាប់បានដឹងពីមុនមកថា នៅក្នុងប្រទេសកម្ពុជាមានកសិដ្ឋានចិញ្ចឹមសត្វរុយនោះទេ ស្តាប់ទៅពិតជាចម្លែកខ្លាំងណាស់ ។ យុវជន សៅ សែនសំណាង បានរៀនបញ្ចប់បរិញ្ញាប័ត្រផ្នែកច្បាប់ ដោយសារតែការស្រឡាញ់ផ្នែកវិស័យកសិកម្មនោះ លោកបានបង្កើតកសិដ្ឋានចិញ្ចឹមសត្វរុយមួយ ដើម្បីយកពង និង ដង្កូវរបស់វាលក់ ដែលក្នុងមួយខែៗយុវជនរូបនេះ អាចរកចំណូលបានច្រើនគួរសមពីរបរចិញ្ចឹមសត្វរុយនេះ ។
វាជាប្រភេទសត្វរុយម្យ៉ាង ដែលមានលក្ខណខុសប្លែកពីប្រភេទសត្វរុយយើងធម្មតា ហើយសត្វរុយប្រភេទនេះ ក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងដែរ តែភាគច្រើននៅតំបន់ខ្ពង់រាប ។ កសិដ្ឋានចិញ្ចឹមសត្វរុយរបស់យុវជន សៅ សែនសំណាង មានទីតាំងស្ថិតនៅក្នុងសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។ យុវជនរូបនេះ បានប្រកបរបរ និង បើកកសិដ្ឋានចិញ្ចឹមសត្វរុយនេះ តាំងពីឆ្នាំ ២០១៦មកម្ល៉េះ ។ ការចិញ្ចឹមរុយប្រភេទនេះគឺដើម្បីយកពង និង ដង្កូវរបស់វា សម្រាប់ជាចំណីសត្វមាន់ ទា ត្រី បង្កង សត្វត្រចៀកកាំ និង ប្រភេទត្រីសមុទ្រដទៃទៀត ក៏វាស៊ីចំណីដង្កូវ ដែលកើតចេញពីសត្វរុយនេះដែរ ។
យុវជន សៅ សែនសំណាង បានរៀបរាប់ថា មូលហេតុ ដែលនាំឱ្យរូបខ្ញុំបើកកសិដ្ឋានចិញ្ចឹមសត្វរុយនេះ គឺដោយសារពួកខ្ញុំ ក៏ជាអ្នកចិញ្ចឹមសត្វមាន់ និង ត្រីដែរ ដោយសារតែចំណីបាវ ឬ ចំណីដទៃទៀត វាមានតម្លៃថ្លៃពេក មិនអាចឱ្យការចិញ្ចឹម មាន់ ទា និង ត្រីទទួលបានផលចំណេញច្រើននោះ ទើបយើងរិះរកប្រភេទចំណី ដែលមានតម្លៃថោក ហើយខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវទៅឃើញថា ការចិញ្ចឹមរុយ ដើម្បីយកពង និង ដង្កូវ សម្រាប់ជាចំណីឱ្យសត្វមាន់ ឬ ត្រីស៊ីនោះគឺទទួលបានផលចំណេញច្រើន ខ្ញុំក៏ចាប់ផ្តើមយកការចិញ្ចឹមសត្វរុយនេះតែម្តង ។ ដោយមុនដំបូងខ្ញុំបានរៀនជំនាញបច្ចេកទេសក្នុងការចិញ្ចឹមសត្វរុយពីគ្រូខែ្មរ និង គ្រូជនជាតិបរទេសចំនួន ៣ នាក់ ។ ក្នុងការចិញ្ចឹមសត្វរុយនេះ មុនដំបូងគឺខ្ញុំបានទៅទិញពងរុយមកពីប្រទេសម៉ាឡេស៊ីចំនួន ១គីឡូក្រាមក្នុងតម្លៃ ១០០០ដុល្លារ ដើម្បីយកមកទុកឱ្យវាញាស់ចេញជាដង្កូវ ហើយមិនយូរប៉ុន្មាន សត្វដង្កូវនោះ ក៏វិវត្តន៍ខ្លួនក្លាយទៅជាសត្វរុយ ហើយសត្វរុយទាំងនោះ ក៏ចាប់ផ្តើមពងបន្តទៀត ។
ទីផ្សារដង្កូវ ដែលយុវជន សែន សំណាង លក់រាល់ថ្ងៃនេះ គឺ មានតម្លៃ ១០ ដុល្លារក្នុង ១ គីឡូក្រាម ។ ចំណែកពងរុយវិញគឺលក់តម្លៃ ១០០ ដុល្លារក្នុង ១ ខាំ ហើយក្នុង ១ ខែៗយុវជនរូបនេះ លក់ដង្កូវ និង ពងរុយបានច្រើនគួរសមដែរ ។ ហើយការចិញ្ចឹមសត្វរុយ ដើម្បីយកពង និង ដង្កូវ ឱ្យសត្វមាន់ ឬ ត្រីស៊ីនោះគឺទទួលបានផលចំណេញច្រើនជាងការដាក់ចំណីបាវចន្លោះពី ៥០ ទៅ ៦០ភាគរយ ។
*** បច្ចេកទេសក្នុងការចិញ្ចឹមសត្វរុយ
យុវជន សៅ សែនសំណាង បានប្រាប់ពីបច្ចេកទេសក្នុងការចិញ្ចឹមសត្វរុយនេះថា ដង្កូវ ដែលញាស់ចេញពីពងរុយមានជីវិតរហូតដល់ងាប់គឺមានរយៈពេល 45ថ្ងៃ ។
-បន្ទាប់ពីវាពងបាន 3ថ្ងៃ វាចាប់ផ្តើមញាស់ក្លាយជាង្កូវ ហើយរយៈពេលចាប់ពី 14ថ្ងៃ ដល់ 21ថ្ងៃគឺយើងអាចប្រមូលផលពីវាបាន នៅកំឡុងពេលនេះជាវ័យដែលសំបូរប្រូតេអុីនខ្លាំង ដង្កូវឡេីងពណ៍ខ្មៅ ឬហៅថា Lavae មានអាយុ ចាប់ពី 7ទៅ10ថ្ងៃ(ថ្ងៃទី 24 -35) ។
-រុយមានអាយុពី 13 ទៅ 15ថ្ងៃ ក្រោយពីពងបានបីថ្ងៃ វាបានងាប់ទៅវិញ
-ក្នុង1ម៉ែត្រការ៉េ នៃអាងចិញ្ចឹមយេីងអាចដាក់ចិញ្ចឹមដង្កូវបាន 10kg ហើយក្នុង 2ម៉ែត្រការ៉េដង្កូវ ដែលមានដង្កូវកម្ពស់ 5cm វាសុីចំណី 15kg ក្នុងមួយថ្ងៃ វាសុីអត់ឈប់ទេ ។
-រុយមួយក្បាលអាចពងបានពី 500 ទៅ 1000ពង ហើយវាញាស់ជាដង្កូវបាន 100 kg ហើយពង 100g អាចញាស់បានដង្កូវពី 100kg ទៅ 150kg តិចឬច្រេីន ទៅតាមការចិញ្ចឹម ។
-រុយមិនសុីចំណីទេ តែវាផឹកទឹកជាប្រចាំ វាត្រូវការពន្លឺ និងកំដៅ ដង្កូវខ្មៅ មិនសុីចំណីទេ វានឹងវាចេញពីអាងចិញ្ចឹមភ្លាម ក្រោយពីវាប្រែក្លាយជាពណ៍ខ្មៅ ដេីម្បីត្រៀមខ្លួនក្លាយជារុយ វាត្រូវការទីងងឹត និងកន្លែង ដែលស្ងួត សីតុណ្ហភាពត្រជាក់ ល្មម ។៊
**ប្រភេទចំណី
ប្រភពចំណីរបស់សត្វរុយ BSF មានគ្រប់កន្លែងដែលងាយស្រួលក្នុងការរកបំផុត ហេីយចំណីទាំងនោះ ត្រូវបានប្រែក្លាយជាជីកំប៉ុស នៅពេលដែលដង្កូវវាឈប់សុីជាអាហារ។ ចំណីរបស់វារូមមាន : កាកសណ្តែកសៀង កាកស្រាបៀ កាកសំណល់ផ្ទះបាយ បន្លែផ្លែឈេីគ្រប់ប្រភេទ អាសូឡា លាមកសត្វ មាន់ គោ ជាដេីម ។ ចំណីដែលត្រូវដាក់ ត្រូវកិនរឺហាន់ឱ្យតូចកាន់តែប្រសេីរ ហេីយត្រូវមានសំណេីមចន្លោះ ពី 70% ទៅ 80%។យេីងត្រូវផ្តល់ចំណីដែលសម្បូរប្រូតេអុីនៅរយៈពេលប្រាំថ្ងៃដំបូង បន្ទាប់ពីវាញាស់ បន្ទាប់មកគឺអាចផ្តល់ចំណីបានតាមធម្មតាហេីយ ដូចជាកាកស្រាបៀ កាកសំណល់ផ្ទះបាយ បន្លែផ្លែឈេីគ្រប់ប្រភេទ អាសូឡា លាមកសត្វ ក៏បាន ។ ការប្រមូលផល larvae បន្ទាប់ពីការឱ្យចំណី និងថែទាំហេីយ យេីងអាចប្រមូលផលបានហេីយក្នុងរយៈពេល 14 ថ្ងៃ ព្រោះអាយុនេះគឺសម្បូរប្រូតេអុីនបំផុត ។
**របៀបថែទាំ
យេីងត្រូវផ្តល់ចំណីឱ្យវាស៊ីឱ្យបានទៀតទាត់ដេីម្បីឱ្យការលូតលាស់វាកាន់តែល្អ ដោយ 2ម៉ែត្រការ៉េ ដាក់ចំណីឱ្យវាស៊ី 15kg ។ ត្រូវបាញ់ទឹកជាប្រចាំដេីម្បីផ្តល់សំណេីម (បាញ់ទឹកសាច មិនមែនស្រោចទឹកទេ )។ ការពារដង្កូវពីសត្រូវរបស់វារួមមាន ៖ស្រមោច កន្លាត មាន់ ជ្រូក សត្វចាប កណ្តុរ ជាដេីម ។
ដង្កូវខ្មៅ វាមិនសុីចំណីទៀតទេ វានឹងវាចេញពីអាងចិញ្ចឹមដោយខ្លូនឯង ដែលបានរៀបចំរួចជាស្រេច។ វានឹងធ្វេីការបំលាស់ទៅទី ដែលមានសុវត្តិភាព ។ សីតុណ្ហភាពដែលសាកសមសម្រាប់ការចិញ្ចឹមឱ្យមានគុណភាពល្អ និងបានផលច្រេីននោះគឺចន្លោះពី 22 ទៅ 32 អង្សារសេ ដែលខុសពីរុយត្រូវការពន្លឺ និងកំដៅថ្ងៃខ្លាំង គឺ ចាប់ពីរ 32អង្សារឡេីងទៅ ។
បើចង់ដឹងព័ត៌មានលម្អិតពីការចិញ្ចឹមសត្វរុយនេះ អាចទាក់ទងទៅយុវជន សៅ សែនសំណាង ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ៖០៩៦ ៤៧៨ ៧៦៧៦ ៕