ប្រើដើមទុនជិត ៣ ពាន់ដុល្លារលក់ «ទាស្ទីមទឹកឃ្មុំ» ល្បីខ្លាំង រហូតបើកលក់ហ្វ្រេនឆាយ
ដោយសារតែការប្រកបរបរដុតទាលក់ តាមវិធីថ្មីទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនច្រើននោះ យុវជន អ៊ឹង លាងឆេង អតីតជានិស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកប្លង់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមនោះ បានសម្រេចចិត្តប្រកាសលក់ហ្វ្រេនឆាយរបស់ខ្លួន និងកំពុងដំណើរការសុំច្បាប់ឱ្យបានត្រឹមត្រូវ ។
ការចាប់យករបរលក់ទាស្ទីមទឹកឃ្មុំនេះ យុវជន អ៊ឹង លាងឆេង រៀបរាប់ថា ៖ក្រោយពីបញ្ចប់បរិញ្ញាបត្រ ខាងប្លង់នាឆ្នាំ ២០១៦ រូបគេក៏បានចាប់ផ្តើមអាជីវកម្មលក់ទាដុតនេះ ដោយសម្រេចដាក់ឈ្មោះថា «ទាស្ទីមទឹកឃ្មុំ»។ ក្នុងការចាប់អាជីវកម្មនេះ លោកបានប្រើប្រាស់ទុនចំនួន ២៥០០ ដុល្លារ ដែលជាប្រាក់សន្សំ និងបានពីឪពុកម្តាយ ។
ទាស្ទីមទឹកឃ្មុំត្រូវបានដុតតាមវិធីថ្មី ដោយមិនប្រើពាង និងប្រើធ្យូងនោះទេ ពោលគឺប្រើឆ្នាំងអ៊ីណុកធ្វើជាឡព្រមទាំង ហ្កាសដុតទា ព្រោះវាមិនធ្វើឱ្យធំក្លិនឈ្ងៀមផ្សែងភ្លើង,ស្បែកស្រួយ,សាច់ផុយ រសជាតិឆ្ងាញ់ប្លែក គួបផ្សំដោយសារការចេះកែច្នៃផ្សំគ្រឿងបង្កើនរសជាតិសាច់ទាផងនោះបានធ្វើឱ្យទាស្ទីមទឹកឃ្មុំទទួលបានការគាំទ្រច្រើនរហូតដល់សព្វថ្ងៃនេះ ។
ព្រោះតែល្បីមានរសជាតិឆ្ងាញ់ប្លែកពីគេនោះ ទើបពេលនេះរបរលក់ទាដុតរបស់យុវជនរូបនេះហាក់ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយខុសប្លែកពីពេលមុនដែលទើបចាប់ផ្តើមរកស៊ីដំបូងគ្មានអ្នកណាស្គាល់ ហើយក៏លក់មិនសូវដាច់ដែរ ។ តែបច្ចុប្បន្នថែមទាំងអាចពង្រីកសាខាលក់បានដល់ទៅ ៣ កន្លែងនៅខណ្ឌសែនសុខ រួមមាន នៅកែងស្តុប២៤ម៉ោងទៅផ្សារបឹងបៃតង, នៅក្បែរសាលាសង្កាត់ក្រាំងធ្នង់ និង នៅមុខផ្សារឈូកមាស ដោយមួយថ្ងៃលក់ទាបានរាប់រយក្បាល ។
ដោយមានការទាក់ទងពីអ្នករស់នៅតាមខេត្តមួយចំនួនបានទាក់ទងចង់ទិញហ្វ្រេនឆាយទាស្ទីមទឹកឃ្មុំទៅលក់នៅតាមខេត្ត ទើបរូបគេកំពុងរត់ការតាមផ្លូវច្បាប់ដើម្បីដំណើរការលក់ហ្វ្រេនឆាយ នាពេលឆាប់ៗខាងមុខនេះ ។
យុវជន អ៊ឹង លាងឆេង បានបញ្ជាក់ថា ទាស្ទីមទឹកឃ្មុំអាចនិយាយបានថាគ្មានកន្លែងណាធ្វើដូចឡើយ ហើយទាដែលយកមកអាំងលក់នេះគឺជាទាស្រែធម្មជាតិសុទ្ធសាធ នៅពេលដែលអាំងរួច ១ ក្បាលតម្លៃ ២០០០០ រៀលតែប៉ុណ្ណោះ ។ ចំពោះរសជាតិវិញ ពិសេសខុសគេតែម្តង ពោលគឺស្បែកស្រួយ,សាច់ផុយឆ្អិនល្អ ,មិនមានក្លិនសារ ឬត្រលាន់ឡើយ ។ ចំណែកគ្រឿងផ្សំសម្រាប់អាំងទាវិញគឺ ផ្សំដោយការច្នៃប្រឌិតខ្លួនឯងផ្ទាល់តែម្តង ។
ថ្វីបើដាក់រទេះលក់ នៅតាមដងផ្លូវពិតមែន តែទាស្ទីមទឹកឃ្មុំលក់ដាច់ហូរហែចាប់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ៨ យប់គឺលក់ដាច់អស់មិនដែលសល់ទេ ។ ជាមួយការលក់ ទាស្ទីមទឹកឃ្មុំ ក៏មានលក់ទាង៉ាំង៉ូវ ក្នុងមួយក្បាលមានតម្លៃ ២០.០០០ រៀល និង ខជើងទាលាយគ្រឿងក្នុងមួយប្រអប់តម្លៃ ១០.០០០ រៀល ផងដែរ ៕