ចិញ្ចឹមបង្គា និង ត្រីបរាជ័យ តែដល់ពេលបើកកសិដ្ឋានចិញ្ចឹមក្តាមថ្ម ជោគជ័យខ្លាំង
បន្ទាប់ពីមានការខាតបង់ក្នុងការចិញ្ចឹមបង្គា និង ត្រីអស់ជាង ២០ម៉ឺនដុល្លារនោះមក អ្នកស្រី អ៊ុង ពុធមុល្លិកា បានផ្លាស់ប្តូរមកបើកកសិដ្ឋានចិញ្ចឹមក្តាមថ្មវិញម្តង ដោយកសិដ្ឋានចិញ្ចឹមក្តាមថ្មរបស់អ្នកស្រីនាពេលបច្ចុប្បន្ននេះ លើផ្ទៃដីទំហំជាង១០ហិកតា ដែលមានស្រះចិញ្ចឹមចំនួន ២០ស្រះ ។ ការប្រកបរបរចិញ្ចឹមក្តាមថ្មរបស់អ្នកស្រីកំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ដែលក្នុងមួយថ្ងៃៗគិតជាមធ្យម អ្នកស្រីបានរកចំណូលពីការលក់ក្តាមថ្មនេះបានចំនួន ៥០០ដុល្្លារ ( មិនទាន់កាត់ថ្លៃដើម) ។
ក្រៅពីការប្រមូលទិញកូនក្តាមធម្មជាតិមកចិញ្ចឹមនោះ នៅក្នុងកសិដ្ឋានរបស់អ្នកស្រី អ៊ុង ពុធមុល្លិកា ក៏មានការភ្ញាស់កូនក្តាមថ្មចិញ្ចឹម ឬ លក់ផងដែរ ។ កសិដ្ឋានចិញ្ចឹមក្តាមថ្មរបស់អ្នកស្រីមានទីតាំងស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ អ្នកស្រី អ៊ុង ពុធមុល្លិកា បានមានប្រសាសន៍ថា បន្ទាប់ពីមានការខាតបង់ក្នុងការចិញ្ចឹមបង្គា និង ចិញ្ចឹមត្រីអស់ជាង ២០ម៉ឺនដុល្លារមកនោះ នៅឆ្នាំ ២០១៣ ខ្ញុំក៏សាកល្បងក្នុងការចិញ្ចឹមក្តាមថ្ម ព្រោះខ្ញុំមានស្រះស្រាប់ ដោយទៅទិញកូនក្តាមថ្មពីប្រជានេសាទយកមកចិញ្ចឹម ហើយវាក៏ចេះតែឱ្យផលល្អ និង ទទួលបានជោគជ័យ ខ្ញុំក៏ចេះតែពង្រីកក្នុងការចិញ្ចឹមក្តាមថ្មនេះ ជាបន្តបន្ទាប់មកទៀត រហូតមកដល់ពេលនេះ នៅក្នុងកសិដ្ឋានចិញ្ចឹមក្តាមធម្មជាតិរបស់ខ្ញុំមានស្រះចិញ្ចឹមចំនួន ២០ស្រះ លើផ្ទៃដីទំហំជាង ១០ហិកតា ។ ប៉ុន្តែនៅក្នុងការចិញ្ចឹមក្តាមមុនដំបូងអត់ទទួលបានផលទេ បានផលតិចតួចបំផុត ដោយសារយើងមិនទាន់មានបទពិសោធ និង បច្ចេកទេស ។ នៅពេលជួបបញ្ហាបែបនេះ ខ្ញុំក៏បានធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង តាមរយៈយូធូប នៅពេលដកពិសោធយូរៗទៅ ខ្ញុំក៏រកឃើញបច្ចេកទេស ដែលនាំឱ្យការចិញ្ចឹមក្តាមទទួលបានជោគជ័យដល់សព្វថ្ងៃនេះ ។ ខ្ញុំក៏ចាប់ផ្តើមផ្សាំកូនក្តាមវិញម្តង ប៉ុន្តែការផ្សាំដោយខ្លួនឯងនេះ ទទួលបានភាគរយតិចណាស់ ព្រោះយើងអត់ទាន់មានឡាបូដើម្បីភ្ញាស់ឱ្យបានត្រឹមត្រូវដូចនៅស្រុកគេនោះទេ ។
បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃខ្ញុំអាចរកចំណូលជាមធ្យមពីការលក់ក្តាមនេះ បានប្រហែល ៥០០ដុល្លារ( មិនទាន់កាត់ថ្លៃដើម) ។ ទៅថ្ងៃអនាគត ខ្ញុំមានគម្រោង ផលិត ឬ ចាប់ក្តាមថ្មឱ្យបានពី ១០០ ទៅ ២០០គីឡូក្រាម ដោយសារតែឥឡូវនេះ ច្រកទ្វារព្រំដែនបានបិទ ធ្វើឱ្យការកម្ម៉ង់ទិញសម្ភារឧបករណ៍យកមកចិញ្ចឹម និង ភ្ញាស់អត់បាន នៅពេលគេបើកវិញ ខ្ញុំនឹងកម្ម៉ង់ទិញឧបករណ៍សម្ភារទាំងនោះយកមកធ្វើ ។
ការចិញ្ចឹមកូនក្តាមធម្មជាតិឆាប់បានប្រមូលផលលឿនជាងការភ្ញាស់កូនក្តាមចិញ្ចឹម ដោយខ្លួនឯង កូនក្តាមធម្មជាតិចិញ្ចឹមតែរយៈពេល៣ខែប៉ុណ្ណោះ គឺយើងអាចប្រមូលផលបានហើយ កូនក្តាមភ្ញាស់ដោយខ្លួនឯងគឺចិញ្ចឹមរយៈពេល ៥ខែ ទើបអាចប្រមូលផលយកទៅលក់បាន ធ្វើឱ្យយើងខាតបង់ពេលវេលាជាង២ខែ ។ ខ្ញុំទិញកូនក្តាមធម្មជាតិ ដែលចំនួន ២០គ្រាប់ទៅ ២២គ្រាប់ក្នុង១គីឡូក្រាម យកមកចិញ្ចឹមរយៈពេល ៣ខែ នៅសល់ ៤ ឬ៥ គ្រាប់ក្តាម ក្នុងមួយគីឡូក្រាម ។ អ៊ីចឹងក្នុងមួយគីឡូកូនក្តាមនេះ ខ្ញុំយកមកចិញ្ចឹមអាចបាន៤ គីឡូក្តាមធំដែរ ។
ទីផ្សារក្តាមរាល់ថ្ងៃនេះ អ្នកស្រីបានលក់បោះឱ្យម៉ូយប្រភេទក្តាមលេខ១ តម្លៃ ៥៥ ០០០ក្នុង១គីឡូក្រាម ,លេខ២ តម្លៃ ៤៥ ០០០រៀលក្នុង ១គីឡូក្រាម និង មេពងតម្លៃ ៧០ ០០០រៀលក្នុង១គីឡូក្រាម ។ ហើយទីផ្សារក្តាមថ្មនាពេលបច្ចុប្បន្ននេះ មានតម្រូវការច្រើនណាស់ កសិដ្ឋានរបស់អ្នកស្រីផលិតក្តាមតាមការកុម្ម៉ង់របស់ភ្ញៀវមិនទាន់នោះទេ ។ ជាមួយគ្នានេះដែរ អ្នកស្រីក៏បានមានប្រសាសន៍ថា ខ្ញុំចង់ឱ្យបងប្អូនមានដីនៅក្បែរទឹកប្រៃ ដែលមានទឹកចិត្តចិញ្ចឹមពិតប្រាកដនោះ ខ្ញុំនឹងជួយគាត់ពីបទពិសោធ និង បច្ចេកទេសក្នុងការចិញ្ចឹម ខ្ញុំនឹងជួយពួកគាត់ ខ្ញុំមិនគិតសេវាថ្លៃនោះទេ ព្រោះអីខ្ញុំចង់ឱ្យនៅក្នុងស្រុកខ្មែរយើងមានការចិញ្ចឹមក្តាមថ្មនេះច្រើនដូចនៅស្រុកគេ ដោយខ្ញុំយកថ្លៃសេវាតិចតួចទៅតាមជិតឬឆ្ងាយប៉ុណ្ណោះ ។
បើបងប្អូនមានការចាប់អារម្មណ៍ ចង់ដឹងពីបទពិសោធក្នុងការចិញ្ចឹមក្តាមថ្មនេះ អាចទាក់ទៅអ្នកស្រី អ៊ុង ពុធមុល្លិកា ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ៖០៩៩៤៩៥៩៩៩ , ០៩៧ ៣៥៣៣ ៨៦៨ ៕