នេះហើយជាងចម្លាក់ខ្មែរដ៏ល្បី ស្នាដៃឆ្លាក់របស់គាត់មួយៗ ប្រណីតមានក្បាច់ភ្ញីស្អាតភ្លឹងៗ
ក្រៅពីមុខរបរធ្វើស្រែចម្ការ លោកពូ ជា យុទ្ធា គឺជាជាងចម្លាក់ដ៏ល្បីល្បាញមួយរូប ដែលអ្នកចេះជំនាញបែបនេះ មានមិនច្រើនឡើយ នាពេលបច្ចុប្បន្ននេះ ព្រោះការងារនេះទាមទារឱ្យមានទេពកោសល្យ ការព្យាយាម ការតស៊ូ និង អំណត់អត់ធន់ខ្លាំង ទើបអាចធ្វើវាបាន ។ ស្នាដៃក្បាច់ចម្លាក់របស់គាត់ នៅលើវត្ថុនីមួយៗ មើលទៅឡើងផុសអណ្តែត មានការទាក់ទាញយ៉ាងខ្លាំង ។ ការធ្វើចម្លាក់របស់គាត់នាពេលបច្ចុប្បន្ននេះ មានការមមាញឹកយ៉ាងខ្លាំង គឺធ្វើទៅតាមការកម្ម៉ង់របស់ភ្ញៀវ ហើយធ្វើមិនទាន់ឱ្យភ្ញៀវឡើយ ។
លោកពូ ជា យុទ្ធា មានអាយុ ៦៦ឆ្នាំហើយ ជំនាញជាងចម្លាក់នេះ លោកពូ បានសិក្សារៀនសូត្រពីអ៊ំប្រុសបង្កើត ដែលបានរៀននៅសាលារចនា ។ លោកពូ បានចាប់យកមុខរបរជាជាងចម្លាក់នេះតាំងពីឆ្នាំ ១៩៦៦-៦៧ មកម្ល៉េះ ប៉ុន្តែបានខកខានមិនបានធ្វើនៅក្នុងសម័យរបបខ្មែរក្រហម ។ លុះមកដល់ឆ្នាំ ១៩៨៨-៨៩ លោកពូបានចាប់ផ្តើមប្រកបរបរជាជាងចម្លាក់នេះឡើងវិញ ។ លោក ជា យុទ្ធា បានរៀបរាប់ថា ការចាប់មុខរបរចម្លាក់នេះឡើងវិញ មុនដំបូងមិនសូវមានការគាំទ្រច្រើននោះទេ ដល់ពេលមានការគាំទ្រស្នាដៃខ្ញុំច្រើនគឺទើបតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ នៅពេលដែលមានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកគេប្រើប្រាស់ទូលាំងទូលាយ ទើបមានការគាំទ្រស្នាដៃរបស់ខ្ញុំច្រើន ។ បច្ចុប្បន្ននេះ រកតែពេលធ្វើឱ្យភ្ញៀវមិនបានផងគឺមានភ្ញៀវកុម្ម៉ង់ឱ្យធ្វើច្រើនមែនទែន ។ ការចាប់យកមុខរបរជាជាងចម្លាក់នេ បានធ្វើឱ្យគ្រួសារមានជីវភាពរស់នៅបានសមរម្យ ។ រាល់ថ្ងៃនេះ ខ្ញុំបានបង្ហាត់កូន ក្មួយ និង ចៅ ដើម្បីឱ្យចេះ និង បន្តវេនពីខ្ញុំ ព្រោះរូបខ្ញុំ ក៏កាន់តែមានវ័យចំណាស់ទៅហើយ កូនរបស់ខ្ញុំក៏បានចេះយ៉ាងស្ទាត់ពីជំនាញចម្លាក់នេះគឺចេះប្រហែលខ្ញុំដែរ ។ រូបចម្លាក់ទាំងអស់នោះធ្វើពីលោកហៈធាតុក្រហម និង លឿង ។
លោកពូ ជា យុទ្ធា មានប្រសាសន៍បន្តទៀតថា ការធ្វើរូបចម្លាក់នីមួយៗប្រើរយៈពេលយូរណាស់ យ៉ាងហោចណាស់ក៏មួយសប្តាហ៍ ទៅ រាប់ខែ ទៅតាមវត្ថុចម្លាក់នីមួយៗ ។ ក្បាច់ដែលខ្ញុំឆ្លាក់រាល់ថ្ងៃនេះ ជាក្បាច់សម័យអង្គរ ហើយក្បាច់ភ្ញីទេពសម័យបារាំងខ្ញុំអត់ឆ្លាក់នោះទេ ហើយម្យ៉ាងវិញទៀត ពីបុរមបុរាណយើងមកអត់មានទេ ។ ខ្ញុំឆ្លាក់តែក្បាច់សម័យអង្គរតែប៉ុណ្ណោះ ជាមធ្យមសម្រាប់ក្បាច់ចម្លាក់លើវត្ថុនីមួយៗប្រើរយៈពេលមួយសប្តាហ៍ រហូតដល់ទៅរាប់ខែ រាល់ថ្ងៃនេះខ្ញុំឆ្លាក់ពីរនាក់កូន ទើបលឿន បើតែឯងវិញ កាន់តែយូរទៀត ។ វត្ថុចម្លាក់នីមួយៗមានតម្លៃចាប់ពីជាង១០០ដុល្លាររហូតដល់ទៅជាង ៧០០០ដុល្លារក៏មានដែរ ។ វត្ថុទាំងអស់នេះ យើងយកលោហធាតុពណ៌លឿង ឬ ក្រហមយកមកធ្វើ ។ ការងារ ឬ ចំណូលជាជាងចម្លាក់នេះ វាអត់ទៀងទាត់នោះទេ ទៅតាមការធ្វើលឿន ឬ យឺត ប៉ុន្តែមុខរបរនេះអាចធ្វើឱ្យយើងរស់នៅយ៉ាងស្រួល និង សមរម្យ ។
បច្ចុប្បន្ននេះ លោកពូ ជា យុទ្ធា មានទីលំនៅ នៅភូមិសាលាកាត់សក់ ឃុំ វិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល លោកពូបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសកុលបុត្រខ្មែរជំនាន់ក្រោយស្គាល់ពីតម្លៃសម្បត្តិបេតិកភណ្ឌខ្មែរ និងស្នាដៃដូនតាបានបន្សល់ទុកឱ្យ ហើយជួយគាំទ្រនូវអ្វីជារបស់ខ្មែរយើងផង ដើម្បីឱ្យគ្នាមានទឹកចិត្តតស៊ូធ្វើបន្តទៀត ។
បើចង់រៀន ឬ ចង់ដឹងពីស្នាដៃចម្លាក់របស់លោកពូ ជា យុទ្ធា អាចទាក់ទងទៅគាត់ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ៖ ០៩២ ៦៧ ០០ ៣៨ ៕