ជំងឺទឹកនោមផ្អែមគួរឱ្យខ្លាច ចុះបើស្ត្រីកើតជំងឺនេះ តើអាចមានកូនបានដែរឬទេ?
ដូចបានដឹងស្រាប់ ជំងឺទឹកនោមផ្អែមគឺជាជំងឺរុំារ៉ៃមួយដែលពិបាកព្យាបាលបំផុត។ អ្នកកើតជំងឺនេះរមែងតម្រូវជៀសវាងបង្កជាស្នាមរបួស ដំបៅ ឬ មួយការវះកាត់ ដោយហេតុកាលណាមានរបួស វាកម្រនឹងជាសះស្បើយ។ ចុះបើសម្រាប់ស្ត្រីដែលត្រូវមានកូន បើពួកគាត់កើតជំងឺទឹកនោមផ្អែម តើអាចមានផ្ទៃពោះបានឬទេ?
តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ មន្ទីរពេទ្យកាល់ម៉ែត ជាដំណឹងល្អ ស្ត្រីនៅតែអាចមានកូនបាន ប៉ុន្តែគាត់ត្រូវតែរៀបចំខ្លួនឱ្យបានល្អដើម្បីជៀសវាងផលវិបាកទាំងម្តាយ និង ទារក។
ស្រ្តីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ឬក៏ប្រភេទទី ២ នៅពេលដែលប្រាថ្នាចង់បានបុត្រគួរគប្បីរៀបចំខ្លួនដូចខាងក្រោម៖
– ពិនិត្យហើយតាមដានជាតិស្ករឱ្យមានលំនឹងមុននឹងប្រាថ្នាយកបុត្រ (A1C< ៧%)។
– ប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ត្រូវបន្តអាំងស៊ុយលីន។
ចំណែកឯអ្នកជំងឺទឹកនោមផ្អែម ប្រភេទទី ២ ដែលគាត់ប្រើថ្នាំគ្រាប់ក្នុងការព្យាបាល ហើយគាត់ប្រាថ្នាយកបុត្រ គឺគាត់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ដែលជាយថាហេតុអាចប៉ះពាល់ទៅលើទារក ក្នុងករណីចាំបាច់ត្រូវធ្វើការផ្លាស់មកប្រើថ្នាំចាក់ អំាងស៊ុយលីនវិញ។
– អ្នកជំងឺទឹកនោមផ្អែមជាស្រ្តីដែលប្រាថ្នាចង់បានបុត្រគួរគប្បីទៅពិនិត្យភ្នែក ពិនិត្យបេះដូង និងពិនិត្យតម្រងនោម។
– បើកំពុងប្រើថ្នាំបញ្ចុះឈាម ឬថ្នាំបញ្ចុះខ្លាញ់ ត្រូវប្រឹក្សាជាមុនដើម្បីបានការជំនួសឬបញ្ឈប់។
– អ្នកជំងឺគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ ឬក៏អ្នកឯកទេសខាងជំនាញម្ហូបអាហារ។
ស្រ្តីត្រូវថែរក្សាកម្រិតជាតិស្ករឱ្យបានល្អ និងតឹងរឹងបំផុត គឺមុនពេលបាយជាតិស្ករ ៩០-១០០mg/dL និងក្រោយពេលបាយពីរម៉ោងតិចជាង១២០mg/dL (ឬមួយម៉ោងក្រោយបាយតិចជាង១៤០mg/dL)៕