ទិញសាឡាត់មកញ៉ាំ ញុំាជិតអស់ហើយ ស្រាប់តែឃើញសត្វទាកប៉ុនមេដៃ ក្អួតលែងចេញ
នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ នេះ មានរឿងហួសចិត្តមួយ កំពុងផ្ទុះផ្អើលនៅក្នុងបណ្តាញសង្គមថៃទៀតហើយ ដោយមាននារីម្នាក់បានទិញសាឡាត់ពីហាងល្បីមួយកន្លែងមកញ៉ាំ ពេលនោះញុំាជិតអស់ហើយ ស្រាប់តែក្រឡេកឃើញសត្វទាករស់រវើកនៅក្នុងចាន ព្រឺអស់ទាំងខ្លួន លេបមិនទៅខ្ជាក់ក៏មិនចេញ។
ក្នុងនោះ មានប្រភពមួយ បានផុសឱ្យដឹងពីសាររបស់នារីម្នាក់នោះ នៅតាមបណ្តាញសង្គមថា «ជាហាងសាឡាត់មួយដែលល្បីណាស់ ធ្វើរបស់លក់ តែគគ្រិចខ្លាំង បន្លែក៏មិនលាង។ ទិញសាឡាត់ពីហាងនេះ មកញ៉ាំជិតអស់ហើយ ក៏ឃើញអ្វីខ្មៅៗ រៀបនឹងដាក់ចូលមាត់ទៅហើយ ស្រាប់តែនឹកឃើញថា អត់បានប្រាប់គេឱ្យដឹងផ្សិតខ្មៅមកទេ ឆ្កឹះៗមើលទៅ តាមពិតជាសត្វទាក។ សំខាន់ គឺញ៉ាំជិតអស់ហើយ ម៉ួម៉ៅណាស់ តើអាចនឹងឆ្លងមេរោគដែរឬទេ?»។
យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវនេះ ត្រូវបានគេចែកចាយនៅតាមបណ្តាញសង្គម ក៏មានមហាជនជាច្រើនបានចូលមកបញ្ចេញមតិឱ្យដឹងថា ទាកមួយនេះ គឺមានឈ្មោះថា ទាកអណ្តាតឆ្កែ ដែលស៊ីបន្លែ និង ស្លឹកឈើជាអាហារ ហើយគេក៏បានណែនាំទៀតដែរថា មុននឹងយកបន្លែមកបរិភោគ បើអាចសូមយកលាងឱ្យបានស្អាតសិន ដោយប្រុងប្រយ័ត្ន៕