កុំប្រើផ្ដេសផ្ដាស! ប្រព័ន្ធសាកថ្មនៅសាធារណៈខ្លះ អាចលួចទិន្នន័យពីទូរស័ព្ទបាន នេះជាវិធីសាស្ត្រ ៤ ដើម្បីការពារ
កាលពីកន្លងទៅនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការចែករំលែក នូវបទពិសោធខ្លះៗអំពី Juice Jacking ស្តីពីបច្ចេកទេស ដែលអាចលួចទិន្នន័យពីទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នក ពីការប្រើប្រាស់ប្រព័ន្ធសាកថ្ម ឬ ភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ នៅទីសាធារណៈ ឬ គ្មានប្រពភច្បាស់លាស់ ដែលបានរៀបចំប្រព័ន្ធបច្ចេកទេសពីជនអនាមិក។
Juice Jacking គឺជាបច្ចេកទេសមួយដែលជនអនាមិកប្រើប្រាស់ដើម្បីចូលមើល និង លួចទិន្នន័យពីឧបករណ៍អេឡិចត្រូនិក ដោយប្រើប្រាស់ប្រព័ន្ធសាកថ្ម ឬ ភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ក្នុងទីសាធារណៈ ឬ ឧបករណ៍អេឡិចត្រូនិចគ្មានប្រភពច្បាស់លាស់ ដែលអាចអោយជនអាណាមិក ប្រើប្រាស់ការភ្ជាប់នោះដើម្បីចូលទៅក្នុងឧបករណ៍របស់អ្នក ដើម្បីលួចទិន្នន័យពីទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិចរបស់អ្នកបាន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឱ្យបានដឹងថា គោលបំណងនៃការប្រើប្រាស់បច្ចេកទេសនេះមានដូចជា៖
- លួចព័ត៌មានផ្ទាល់ខ្លួន ដូចជាអ៊ីមែល អ៊ីនធឺណិត ឯកសារ រូបភាព និង វីដេអូ។
- លួចព័ត៌មានហិរញ្ញវត្ថុ ដូចជាគណនីធនាគារ ឬ ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ។
- ដំឡើងមេរោគ (Malware) ដើម្បីកាន់តែត្រួតពិនិត្យឧបករណ៍របស់អ្នកនៅពេលក្រោយ។
ចំពោះវិធីសាស្រ្តការពារ លោកអ្នកអាចអនុវត្តវិធានការខ្លះៗដូចខាងក្រោម៖
- ប្រើកន្លែងសាកថ្ម ឬ ការភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលអាចជឿជាក់បាន និងមកពីសាខា ឬ ក្រុមហ៊ុនដែលគេទទួលស្គាល់។
- អនុវត្តការពារ និង ចាក់សោរទៅលើឧបករណ៍ទូរស័ព្ទរបស់អ្នក។
- ចៀសវាងការភ្ជាប់ឧបករណ៍របស់អ្នកទៅនឹងកន្លែងសាកថ្ម ឬ គ្រឿងអេឡិចត្រូនិចផ្សេងៗ នៅទីសាធារណៈ។
- ប្រើតែខ្សែសាកដែលសាកបានតែថ្មតែប៉ុណ្ណោះ (charging-only cable) ដែលមិនអនុញ្ញាតឱ្យផ្ទេរទិន្នន័យ។
ស្របគ្នានេះ នាយកដ្ឋាន បានធ្វើការក្រើនរំលឹកដល់សាធារណជន មេត្តាប្រុងប្រយ័ត្នចំពោះការភ្ជាប់ទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូចនិចរបស់អ្នក នៅតាមទីសាធារណៈ ឬ ភ្ជាប់ទៅនឹងគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលមានប្រភពមិនច្បាស់លាស់ ជៀសវាងការលួច និង គ្រប់គ្រងទិន្នន័យរបស់អស់លោកអ្នកពីជនអនាមិក បណ្តាលអោយមានហនិភ័យផ្សេងៗ៕