ម៉ាច ដាវី ទម្លាយក្ដៅៗមុននេះ ពិតជាមានគេទាក់ទងឱ្យទៅប្រកួតជំនួស ប៊ី សុធារី មែន តែនាងបដិសេធដាច់ខាត
ក្រោយកើតរឿងរ៉ាវលើវិស័យបវរកញ្ញាប៉ុន្មានថ្ងៃនេះ នៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ នេះ កាន់តែក្ដៅគគុក ខណៈអ្នកគ្រប់គ្រងស្ថាប័ន MGC អ្នកស្រី អ៊ឹម សុគន្ធា បានធ្វើការឡាយវីដេអូលើហ្វេសប៊ុកផេករបស់ខ្លួន ដែលបានរៀបរាប់រឿងខ្លះៗទាក់ទងនឹងបញ្ហាកម្មវិធី MGI 2024 និង ទម្លាយរឿងដ៏ភ្ញាក់ផ្អើលមួយ។
ក្នុងនោះ អ្នកស្រី អ៊ឹម សុគន្ធា បានរៀបរាប់រឿងដ៏ភ្ញាក់ផ្អើលទាក់ទងលោក Nawat បានឱ្យដឹងថា ក្រោយពីលោកបានប្រមូលបេក្ខភាពបវរកញ្ញាទាំងអស់ទៅរៀបចំកម្មវិធីប្រកួតនៅប្រទេសថៃវិញ និង បវរកញ្ញា ប៊ី សុធារី បានប្រកាសមិនទៅចូលរួមប្រកួត MGI 2024 ជាមួយបេក្ខភាពប្រទេសដទៃនោះ លោក Nawat ក៏បានទាក់ទងមកកាន់អតីតអ្នកគ្រប់គ្រងកម្មវិធី MGC ចាស់ ដើម្បីរកបវរកញ្ញាថ្មីឱ្យទៅចូលរួមប្រកួតកម្មវិធី MGI 2024 នៅប្រទេសថៃ ជំនួសកញ្ញា ប៊ី សុធារី ។
ដោយឡែក ស្របពេលកំពុងផ្ទុះដំណឹងថាខាងម្ចាស់កម្មវិធី MGI បានទាក់ទងមកកាន់អតីតអ្នកគ្រប់គ្រងកម្មវីធី MGC ចាស់ ឱ្យរកបវរកញ្ញាថ្មីជំនួស ប៊ី សុធារី ទៅប្រកួត MGI 2024 នៅថៃនោះ ស្រាប់តែបានឃើញហ្វេសប៊ុកផេករបស់បវរកញ្ញា ម៉ាច ដាវី លំដាប់រងទី ៣ MGC 2024 បង្ហោះទម្លាយថា នាងត្រូវបានគេទាក់ទងហៅឱ្យទៅប្រកួតជំនួស ប៊ី សុធារី ទៀតផង។
ក្នុងនោះ កញ្ញា ម៉ាច ដាវី បានបង្ហោះឆ្លើយតបវិញមួយឆ្ងាញ់ ដោយបានអះអាងថាទោះមួយជីវិតនេះនាងមិនអាចគ្រងមកុដ និង ឈរលើឆាកអន្តរជាតិបានក៏ដោយ ក៏នាងមិនក្បត់ជាតិទៅប្រកួតដែរ គ្រាន់តែនាងមិនបានបញ្ជាក់ឈ្មោះអ្នកហៅនាងនោះឡើយ។
ម៉ាច ដាវី បានរៀបរាប់ថា ៖ «នាងខ្ញុំមានភាពជាមនុស្ស ដែលមានបេះដូងជាខ្មែរមួយរយភាគរយ គិតអ្វីហៅខ្ញុំទៅតំណាងកម្មវិធីមួយនោះជំនួសប្អូន Bee ? សុំទោសផងចា៎ ទោះមួយជីវិតនេះមិនបានគ្រងមកុដ មិនអាចទៅប្រកួតនៅឆាកអន្តរជាតិបាន ក៏នាងខ្ញុំមិនក្បត់ជាតិ លេងផ្លូវកាត់ ធ្វើរឿងដែលប្រជាជនស្អប់ខ្ពើមបែបនេះដែរ…»៕