David Allsop ជាពីឡុតយន្តហោះអាយុ ៥២ ឆ្នាំម្នាក់ ត្រូវបានឃាត់ខ្លួននៅព្រលានយន្តហោះ Savanah/Hilton Head International Airport នារដ្ឋ Georgia សហរដ្ឋអាមេរិកវេលាម៉ោង ៧ ព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់)។
ពីឡុតរូបនេះត្រូវបានចាប់ខ្លួន និង ចោទប្រកាន់ពីបទ «បើកបរទាំងក្នុងស្ដានភាពស្រវឹង» មុនពេលយន្តហោះ Southwest Flight 3772 ត្រូវហោះចេញពី Georgia ទៅកាន់ Chicago។ ក្នុងហេតុការណ៍នេះដែរ បានធ្វើឱ្យជើងហោះហើរមួយនេះត្រូវពន្យារពេលប្រមាណជា ៤ ម៉ោង។
តាមសារព័ត៌មាន CBS បានឱ្យដឹងថា ពីឡុតខាងលើត្រូវបានប៉ូលីសនៅព្រលានទាញចេញពីក្បាលយន្តហោះ មុនយន្តហោះធ្វើការហោះចេញ។ តាមប្រភពបានរៀបរាប់ថា ពីឡុតរូបនេះមានក្លិនស្រាជាប់ខ្លួន និង ថែមទាំងបង្ហាញអាការក្នុងស្ថានភាពស្រវឹងទៀតផង។
គួរឱ្យដឹងផងដែរថា បើតាមរបាយការណ៍ពីខាងប៉ូលិស លោក Allsop បានបង់ប្រាក់ធានាខ្លួនចំនួន ៣៥០០ ដុល្លារ ដោយលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំរង់ចាំការកាត់ក្ដីបន្ត៕