ឆ្ងល់អត់? ម៉េចគូស្នេហ៍ទៅមើលកុន ចូលចិត្តអង្គុយតែកៅអីជួរក្រោយ តាមពិតអាថ៌កំបាំងអ៊ីចឹងសោះ!
តាមធម្មតា ពេលទៅមើលកុនលក្ខណៈមិត្តភក្តិឬគ្រួសារ គេតែងជ្រើសរើសកៅអីអង្គុយនៅជួរកណ្តាល ជួរចំហៀង ឬ ជួរណាមួយដែលផ្តល់ភាពងាយស្រួលទស្សនា និង ចេញចូល។ ដោយឡែក សម្រាប់គូស្នេហ៍វិញ ភាគច្រើនពួកគេចូលចិត្តអង្គុយកៅអីជួរក្រោយបំផុត ដែលមានលក្ខណៈដាច់ដោយឡែកពីគេ។ បើតាមការសិក្សាមួយចំនួន គេបានរកឃើញហេតុផល ៥ យ៉ាង ដែលគូស្នេហ៍និយមអង្គុយកៅអីនៅជួរក្រោយគេនេះ។
១. ឯកជនភាព
អង្គុយកៅអីជួរក្រោយបំផុតមានលក្ខណៈដាច់ដោយឡែក ផ្តល់ឱ្យគូស្នេហ៍ជាមួយទីតាំងផ្ទាល់ខ្លួន។ វាកាត់បន្ថយការស្តាប់ឬមើលមកពីអ្នកដទៃ អនុញ្ញាតឱ្យពួកគេមានអារម្មណ៍ស្រួលចិត្ត និង ផ្តោតលើគ្នាទៅវិញទៅមកបានល្អ។
២. មើលផ្ទាំងបញ្ចាំងបានពេញភ្នែក
អង្គុយជួរក្រោយផ្តល់នូវការទស្សនាអេក្រង់ពេញល្អ ដោយកាត់បន្ថយការងើយឬងាកក ផ្តល់នូវបទពិសោធទស្សនាយ៉ាងរីករាយ។ ម្យ៉ាងជួរក្រោយមិនសូវមានមនុស្ស វាផ្តល់នូវភាពស្ងប់ស្ងាត់ ទស្សនាដោយមិនមានការរំខានពីអ្នកដទៃ។
៣. បរិយាកាសរ៉ូមែនទិក
ពន្លឺភ្លើងដែលជះពីផ្ទាំងបញ្ចាំង និង ចម្ងាយឆ្ងាយអមដោយទិដ្ឋភាពមនុស្សអង្គុយមើលពីមុខ បង្កើតជារូបភាពបែបរ៉ូមែនទិកមួយ នាំឱ្យអារម្មណ៍កក់ក្តៅ និង ស្និទ្ធស្នាល។
៤. សេរីភាព
អង្គុយជួរក្រោយអនុញ្ញាតឱ្យគូស្នេហ៍បានខ្សឹបខ្សៀវនិយាយពាក្យពេចន៍ក្នុងចិត្ត ឬបញ្ចេញប្រតិកម្មជាមួយភាពយន្ត ដោយមិនខ្លាចរំខានដល់អ្នកដទៃ។ សេរីភាពនេះនឹងធ្វើឱ្យពួកគេកាន់តែរីករាយជាមួយការទស្សនា។
៥. ផ្តល់ភាពងាយស្រួល
កៅអីជួរក្រោយជិតទៅនឹងច្រកចេញ ដូច្នេះពួកគេងាយស្រួលក្នុងការចេញចូល ឬចេញភ្លាមៗពេលដែលខ្សែភាពយន្តបញ្ចាំងចប់៕