ទាក់ទងគ្នាជិត ៩ ឆ្នាំ Junji ទើបដាច់ចិត្តប្រាប់ត្រង់ៗថា នាងជាអ្នកតាមញ៉ែ Mario មុនទេ
បើនិយាយពីគូស្នេហ៍ក្នុងសង្គមសិល្បៈ ស្នេហារបស់តារាប្រុស Mario និងតារាស្រី Junji ហាក់មិនសូវបង្ហាញភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមដូចគូតារាប្រុសស្រីដទៃនោះទេ ដោយកម្រឃើញណាស់អ្នកទាំងពីរបង្ហោះរូបរួមគ្នា។
យ៉ាងណាមិញ បើទោះបីជាចំណងស្នេហារបស់តារាប្រុសស្រីរូបនេះ បានសាងជិត ៩ ឆ្នាំ ហើយ មិនសូវមានរូបគូក្តី ប៉ុន្តែតារាទាំង ២ បានចេញមុខថាស្នេហាអ្នកទាំងពីរនៅតែល្អដូចដើម មិនមានទំនាស់ទាស់ទែងគ្នានោះឡើយ ហើយអ្នកទាំងពីរក៏មានក្តីសុខផងដែរ។
ថ្មីៗនេះ Junji ក៏បានចេញមុខទម្លាយឱ្យដឹងទៀតថា៖ «បើនិយាយពីប្រវត្តិស្នេហា ខ្ញុំធ្លាប់ជួប Mario តាំងតែខ្ញុំជាអ្នករាំអមឆាកមកម្ល៉េះ ហើយធ្លាប់ទៅរាំនៅកម្មវិធីប្រគំតន្ត្រីរបស់ការសម្ពោធរឿង «Pee Mak» ហើយក៏បានជួបគាត់»។
«ខ្ញុំស្គាល់ Mario តាំងពីមុនពេលនោះទៅទៀត ព្រោះជាអ្នកគាំទ្រម្នាក់របស់គាត់ ហើយពេលជួបគាត់នៅក្រៅខ្ញុំពិតជារំភើបណាស់ ហើយស្រែកហ៊ោសាទរទៀតផង។ ពេលជួប Mario នាពេលនោះ គឺគាត់នៅ Single ហើយខ្ញុំក៏បានជួបរាក់ទាក់គាត់ និង ប្រាប់ថា ខ្ញុំជាអ្នកគាំទ្រគាត់។ បើពេលនោះគាត់មិន Single ក៏ខ្ញុំមិនហ៊ានទៅជួបគាត់ដែរ»។
«ម្យ៉ាងវិញទៀតខ្ញុំសារភាព ខ្ញុំជាអ្នកទៅញ៉ែគាត់មុន ជានារីក្លាហាន តែមុននឹងញ៉ែគឺពួកយើងក៏ធ្វើការស្គាល់គ្នាយូរគួរសមដែរ ទម្រាំមានភាពក្លាហានកើតឡើងមក ព្រោះតែខ្ញុំតាមសង្កេត និងតាមដានគាត់អស់មួយរយៈ ចង់ដឹងថា តើគាត់អូខេជាមួយមនុស្សដូចខ្ញុំទេ ចុះសម្រុងគ្នាឬអត់ តែមិនមែនទៅជេរ រករឿងឈ្លោះដើម្បីដឹងថាគាត់ចេះលួងអត់ទេណា»។
«ហើយពួកយើងជាគូដែលមិនសូវឈ្លោះគ្នា ព្រោះតែ Mario ជាមនុស្សបែបស្ងៀមៗ សប្បាយៗ មិនសូវខ្វល់ខ្វាយច្រើន ពេលខ្លះមានអារម្មណ៍ថាខ្ញុំនិយាយមិនចូលត្រចៀកគាត់ ពេលខ្លះអន់ចិត្តដែរ តែពេលស្គាល់គ្នាយូរទៅគាត់ក៏ជាមនុស្សងាយសុំទោសជាងមុន ដូចពេលដឹងថាគាត់មិនបានយកចិត្តទុកដាក់នឹងខ្ញុំនិយាយ គាត់ក៏មកនិយាយថា សុំទោសណា អ្វីបែបនេះ ហើយក៏ជម្រះរឿងមិនសប្បាយចិត្តគ្រប់យ៉ាងជាមួយគ្នា ហើយចប់ អត់គុំគួនក្នុងចិត្តទៀតទេ ហើយពួកយើងក៏បែបនេះមករហូតជាង ៨ ឆ្នាំនេះ»៕