ត្រឹម ៣ ថ្ងៃ ផ្លែមៀនខ្មែរ លក់បានរហូតដល់ ១៨ តោន នៅលើក្រុមហ៊ុន Alibaba
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ បានបញ្ជាក់ឱ្យបានដឹងថា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី ១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។
តាមរយៈកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ហើយជាលទ្ធផលបឋម ក្រុមការងារបានចូលរួមប្រជុំចំនួនបីលើក ជាមួយក្រុមហ៊ុន Alibaba រហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះ។
ក្នុងនោះ ទន្ទឹមនឹងការត្រៀមចូល eWPT របស់ Alibaba ក្រសួងបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន ជារឿងដ៏គួរឱ្យស្ញើចសរសើរមួយ៕