Bosco Wong ប្រាប់ត្រង់ៗថា នារីណាដែលចង់ធ្វើភរិយាលោក ទាល់តែអាចទទួលយក ៣ ចំណុចនេះ
តារាសម្ដែងប្រុសរូបសង្ហាប្រចាំប៉ុស្តិ៍ TVB លោក Bosco Wong ជាតារាប្រុសហុងកុងសម្បូរប្រជាប្រិយភាពមួយរូប និង មានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ក្នុងរឿងភាគល្បីៗរបស់លោកថតសម្ដែង។
នាពេលកន្លងមក លោក Bosco ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងរ៉ាវជីវិតឯកជនផ្ទាល់ ជាពិសេសក្នុងជីវិតស្នេហារបស់លោក។ ទោះបីជាស្ងប់ស្ងាត់គ្មានដំរួយបង្ហាញចេញ ចាប់តាំងពីលោកបានបែកគ្នាជាមួយនឹងតារាសម្ដែងស្រី Myolie Wu ក្រោយស្រឡាញ់គ្នាបាន ៨ ឆ្នាំ កាលពីឆ្នាំ ២០១២ មកក្តី ប៉ុន្តែតារាប្រុសរូបនេះ ក៏នៅតែគេចាប់បានថាធ្លាប់មានពាក្យចចាមអារ៉ាមស្នេហានឹងតារាសម្ដែងស្រីពីរនាក់ដែរ ក្នុងនោះមាននាង Rose Chan និង Sophia Zhang ។ យ៉ាងណាលោកក៏បានបដិសេធចំពោះទំនាក់ទំនងនេះផងដែរ។
យ៉ាងណាមិញ ចូលដល់វ័យ ៤១ ឆ្នាំ លោក Bosco បានចែករំលែកអំពីជីវិតស្នេហានៅក្នុងបទសម្ភាសមួយ សម្រាប់ដៃគូអនាគតរបស់លោក ត្រូវតែអាចទទួលយក ៣ ចំណុចនេះ។ ដោយក្នុងនោះ ចំណុចទី ១ គឺមិត្តស្រីរបស់លោក ត្រូវតែទទួលស្គាល់ថាមិត្តភក្តិរបស់លោក គឺសំខាន់ជាងនាង។ បើតាមការលើកឡើង លោកក៏ចង់ចំណាយពេលជាមួយមិត្តភក្តិផងដែរ ដូច្នេះមិត្តស្រីមិនអាចមានភាពស្អិតល្មួតរហូតទេ ហើយត្រូវតែយល់ថាគាត់នឹងមិនចំណាយពេលទាំងអស់នៅជាមួយនាងទេ។
ចំណុចទី ២ មិត្ដស្រីរបស់លោក មិនត្រូវសួរនាំពីលោកនៅកន្លែងណានោះទេ និង ចំណុចទី ៣ ចុងក្រោយ នាងត្រូវយល់ថា ការងាររបស់លោកតែងតែមានពាក្យចចាមអារ៉ាម ដូច្នេះនាងមិនត្រូវអន់ចិត្តនឹងអ្វីដែលអ្នកដទៃប្រាប់នាងអំពីលោកឡើយ។
ភ្លាមនោះ បន្ទាប់ពីបទសម្ភាសរបស់តារាប្រុសរូបនេះបានចេញផ្សាយ ស្រាប់តែមានអ្នកនិយមលេងក្នុងបណ្ដាញសង្គមមួយចំនួន បានលើកឡើងជាមតិមិនគាំទ្រចំពោះគំនិតរបស់លោក ព្រោះធ្វើបែបនេះមិនមែនដើម្បីស្វែងរកដៃអនាគតនោះទេ៕
ប្រភព៖ TODAYONLINE