ស្ងាត់ៗ! តារារ៉េបរៀមច្បង ឌីជេ ខេក រៀបចំជប់លៀងសម្ពោធឃ្លាំងរថយន្តក្នុងថ្ងៃកំណើត
បើទោះជាពេលវេលារសាត់ផុតអស់រយៈពេលជាច្រើនឆ្នាំហើយក្តី ប៉ុន្តែរៀមច្បងនៃវិស័យចម្រៀងរ៉េបក្នុងស្រុកខ្មែរ គឺ ឌីជេ ខេក នៅតែបន្តអាជីពលើវិថីសិល្បៈ និង ទទួលបានទីផ្សារមិនខុសពីមុននោះឡើយ។
ក្នុងនោះ បើទោះជាមិនបានចេញចម្រៀងថ្មីដូចពេលកន្លងមក ប៉ុន្តែ ឌីជេ ខេក នៅតែបន្តបង្ហាញវត្តមានក្នុងកម្មវិធីធំៗជាច្រើន ដូចជាការចាក់ភ្លេង និង ធ្វើជា MC។ លើសពីនោះ មកដល់សព្វថ្ងៃ ឌីជេ ខេក ក៏មានឈ្មោះជាថៅកែ រកស៊ីជំនួញមួយចំនួនផងដែរ។
ជាក់ស្តែង នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ដែលជាថ្ងៃកំណើតរបស់ ឌីជេ ខេក អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏បានឃើញការបង្ហោះពីការរៀបចំកម្មវិធីជួបជុំក្រុមគ្រួសារ និង មិត្តភក្តិក្នុងថ្ងៃពិសេសរបស់រៀមច្បងរូបនេះដែរ។
ម្យ៉ាងវិញទៀត អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺនៅថ្ងៃកំណើតឆ្នាំនេះ ឌីជេ ខេក មានលាភធំបានបើកសម្ពោធឃ្លាំងរថយន្តរបស់ខ្លួន ដែលមានយីហោ «Care Cake» និង ទទួលបានការជូនពរជាច្រើនពីសំណាក់មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រ៕