ខ្យល់ព្យុះ Roslyn វាយលុកប្រទេសម៉ិកស៊ិក ធ្វើឱ្យមានទឹកជំនន់ភ្លាមៗ និង រអិលបាក់ដី
សារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ នេះថា ខ្យល់ព្យុះដ៏ខ្លាំងមួយបានបោកបក់នៅភាគខាងលិចប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និង ការរអិលបាក់ដី។
Roslyn ដែលជាព្យុះសង្ឃរាប្រភេទទី ៣ បានមកដល់ឆ្នេរសមុទ្រក្នុងរដ្ឋ Nayarit ជាមួយនឹងខ្យល់អតិបរមា ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង (១២០ ម៉ាយក្នុងមួយម៉ោង)។ ចាប់តាំងពីពេលនោះមកខ្យល់ព្យុះនេះត្រូវបានបន្ទាបកម្រិតទៅជាព្យុះស៊ីក្លូនត្រូពិចវិញ។
រូបភាពក្នុងសារព័ត៌មានបានបង្ហាញពីផលវិបាករបស់វាដូចជាផ្លូវដែលជន់លិច និង រថយន្តដែលក្រឡាប់ក្នុងក្រុង Nayarit ជាមួយនឹងដំបូលបាក់ ហើយផ្ទះដែលរងការខូចខាតនៅក្នុងតំបន់ Tecuala ដែលរងផលប៉ះពាល់ខ្លាំងបំផុត។ ដោយឡែក នៅភាគខាងត្បូងតាមបណ្តោយឆ្នេរសមុទ្រក្នុងទីក្រុង Sayulita ប្រជាជនត្រូវបានគេមើលឃើញថាបានដើរឆ្លងកាត់ និង បោសសម្អាតភក់ចេញពីផ្លូវនៅក្នុងតំបន់នោះ។
បើយោងតាមអភិបាលរដ្ឋបានឱ្យដឹងថា ទឹកជំនន់ភ្លាមៗ និង ការដាច់ចរន្តអគ្គិសនីក៏បានវាយប្រហារទីក្រុង Puerto Vallarta ក្នុងរដ្ឋ Jalisco ដែលនៅជិតខាងដែរ ប៉ុន្តែមានតែការខូចខាតបន្តិចបន្តួចប៉ុណ្ណោះដែលត្រូវបានបង្កឡើង។ លោក Enrique Alfaro Ramirez បាននិយាយថា មនុស្សដែលបានជម្លៀសចេញពីតំបន់នោះបានចាប់ផ្តើមវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយ ហើយជើងហោះហើរក៏បានចាប់ផ្តើមឡើងវិញដែរ តែទោះជាយ៉ាងណា ឆ្នេរសមុទ្រនឹងនៅតែផ្អាកសម្រាប់ពេលនេះ។
មុនពេលខ្យល់ព្យុះបោកបក់នេះ កន្លែងជាច្រើននៅក្រុង Nayarit និង Jalisco បានរៀបចំជម្រកសង្គ្រោះបន្ទាន់សម្រាប់អ្នកដែលត្រូវបានជម្លៀសចេញ។
គួរបញ្ជាក់ដែរថា កាលពីខែឧសភាកន្លងទៅ មានមនុស្សប្រមាណ ១១ នាក់បានស្លាប់ បន្ទាប់ពីព្យុះសង្ឃរា Agatha វាយប្រហាររដ្ឋ Oaxaca ភាគនិរតី៕
ប្រភព៖ BBC