តាមពិត ការបោះបាយបិណ្ឌមានប្រវត្តិមកពីរឿងរ៉ាវដ៏រំជួលចិត្តមួយ ហើយមានបែបផែនយ៉ាងនេះ
បាយបិណ្ឌ គឺជាបាយដែលគេដាំពីអង្ករដំណើប ហើយពូតលាយជាមួយគ្រាប់ធញ្ញជាតិមាន ល្ង សណ្ដែក ជាដើម ដែលទូទៅប្រជាជន និង វត្តអារាមមួយចំនួន តែងរៀបចំពិធីបោះបាយបិណ្ឌ ពេលព្រលឹមស្រាងៗមុនថ្ងៃរះ ដោយមានព្រះសង្ឃ អាចារ្យ ដឹកនាំក្បួនដើរជុំវិញវិហារ សូត្រធម៌ និង បោះបាយបិណ្ឌលើដី ឬ ទីដែលគេរៀបចំឱ្យបោះបាយបិណ្ឌនោះ ដោយគេមានជំនឿថា ប្រេតមិនអាចឃើញពន្លឺថ្ងៃបាន ហើយក៏មិនអាចទទួលអាហារសំណែន ដាក់នឹងចានត្រឹមត្រូវបានដែរ។
នៅពេលបច្ចុប្បន្ននេះ យើងស្គាល់ប្រេតនៅតាមរូបគំនូរក្នុងទីវត្តអារាម និង តាមជញ្ជាំងនៃព្រះវិហារព្រះពុទ្ធសាសនាប៉ុណ្ណោះ ប៉ុន្តែអ្នកស្រាវជ្រាវវប្បធម៌ខ្មែរនៅអាជ្ញាធរជាតិអប្សរា លោកគ្រូ អាំង ជូលាន បានប្រទះឃើញរូបភាពប្រេត នៅលើចម្លាក់មួយនៅប្រាសាទតានៃ ក្នុងតំបន់អង្គរ ហើយប្រហែលមានតែមួយគត់ដែលចាស់ជាងគេក្នុងសិល្បៈខ្មែរ។
លោក អ៊ឹម សុខរិទ្ធី ដែលជាអ្នកបុរាណវិទូ និង ជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និង ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានលើកបង្ហាញឱ្យឃើញថា យោងតាមគម្ពីរព្រះពុទ្ធសាសនាមហាយាន Kāraṇḍavyūha ដែលបានសរសេរនៅក្នុងតំបន់កាស្មៀនៃប្រទេសឥណ្ឌា តាំងតែពីជាង ៩០០ ឆ្នាំមុន អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ទំនងជាប្រតិបត្តិគម្ពីរព្រះពុទ្ធសាសនាមហាយាន Kāraṇḍavyūha តាំងពីអំឡុងចុងសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ នៃគ្រិស្តសករាជ សម្រាប់ស្រោចស្រង់អ្នកស្លាប់ក្នុងចម្បាំងបង្ហូរឈាមដ៏ធំមួយ ដើម្បីរំដោះរាជធានីអង្គរចេញពីទ័ពចម្ប៉ា។
ព្រះអង្គមានព្រះទ័យជឿថា ព្រះញាតិវង្ស មន្រ្តី រាស្ត្រប្រជា និង កងទ័ពខ្លះ បានសុគត និង ស្លាប់ទាំងនោះ មិនដឹងវិញ្ញាណក្ខន្ធទៅដល់ទីណា ឬ អាចនឹងទៅកើតជាប្រេត ទទួលរងទុក្ខទោសនៅឯឋានប្រេត។ មានតែព្រះអវលោកិតេសូរទេ តាមទំនៀមក្នុងគម្ពីរ Kāraṇḍavyūha មានអំណាច និង លទ្ធភាពជួយសង្គ្រោះពួកប្រេតទាំងនោះឱ្យរួចផុតពីទុក្ខទោស និង ឱ្យវិលមកកើតជាមនុស្សវិញបាន មានកិច្ចពិធីមួយ គឺបោះបាយបិណ្ឌដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន។
លោកបានបន្តឱ្យដឹងថា រឿងរ៉ាវ និង ភស្ដុតាងអំពីប្រេតនេះ បានឆ្លាក់រូបទុកនៅលើហោជាងថ្ម នៃខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ ក្នុងទឹកដីខេត្តសៀមរាប បន្សល់ទុកមកដល់បច្ចុប្បន្ន បើតាមសិលាចារិកថ្នល់បារាយណ៍ លេខសំគាល់ K២៧៩ គឺនិយាយអំពីពិធីបុណ្យមួយតាមព្រហ្មញ្ញសាសនា ដែលភាសាសំស្រ្កឹតហៅថា «ស្រាទ្ធ» គឺជាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតហើយនោះ ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ ហើយការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លានទាំងនោះ បានទទួលទានចម្អែតក្រពះទេ គឺបាយដែលគេពូតចេញពីអង្ករដំណើបដែលស្អិតចំនួន ១៩ ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ ដែលកើតទៅជាប្រេត អាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញបាន។
តាមទំនៀមខ្មែរជឿថា មនុស្សគ្រប់រូប គឺមានធាតុពីរសំខាន់គឺ ទី ១ នាម (ព្រលឹង) ទី ២ គឺរូប (រាងកាយ)។ នៅពេលដែលមនុស្សស្លាប់ទៅនៅសល់តែនាមគឺព្រលឹង ចំណែកឯរូបវិញគឺបានរលាយបាត់ទៅហើយ។ ដោយសារហេតុផលនេះគេជឿថា ដើម្បីឱ្យអ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន គឺទាល់តែធ្វើឱ្យនាម និង រូបបានភ្ជាប់គ្នាឡើងវិញ។ ដូច្នេះហើយបានជាបុព្វបុរសខ្មែរ ប្រារព្វធ្វើពិធីបោះបាយបិណ្ឌ នៅក្នុងពេលភ្ជុំបិណ្ឌនេះឡើង។ ពិធីនេះក៏អាចធ្វើបាន ៤ ដង ក្នុង ១ ឆ្នាំ គឺនៅពេលបុណ្យភ្ជុំបិណ្ឌ នៅពេលព្រឹត្តិការណ៍យប់ និង ថ្ងៃស្មើគ្នា (សមរាត្រី) កើតឡើង ២ ដងក្នុង ១ ឆ្នាំ នៅពេលមានព្រឹត្តិការណ៍យប់វែងជាងថ្ងៃកើតឡើងម្ដងក្នុង ១ ឆ្នាំ និង នៅពេលដែលមានព្រឹត្តិការណ៍ថ្ងៃវែងជាងយប់កើតឡើងម្ដងក្នុង ១ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា នៅស្រុកឥណ្ឌា តាមជំនឿព្រហ្មញ្ញសាសនា ការបោះបាយបិណ្ឌដើម្បីជួយស្រោចស្រង់ ព្រលឹងអ្នកស្លាប់ ដែលបានទៅកើតជាប្រេត ឱ្យវិលត្រឡប់មកកើតជាមនុស្សវិញនោះ គឺគេធ្វើឡើងទៅតាមគ្រួសារតូចៗប៉ុណ្ណោះ។ ទំនៀមនេះ ត្រូវបានព្រះមហាក្សត្រខ្មែរសម័យបុរាណ យកមកធ្វើជាទម្រង់ពិធីធំ និង ទូលំទូលាយរបស់ខ្មែរ សម្រាប់ញាតិសន្តានច្រើនជំនាន់ សាច់សារលោហិត មនុស្សចាស់ ក្មេងៗ អ្នកពុំមានទីពំនាក់ ជាពិសេសគឺដឹងគុណដល់អ្នកសេ្នហាជាតិទាំងឡាយដែលបានស្លាប់ដោយសារការធ្វើចម្បាំងការពារទឹកដី ប្រទេសជាតិ ក៏ទទួលបានការឧទ្ទិសនេះផង ហើយបន្តបន្ទាប់មកទៀត កិច្ចពិធីនេះបានក្លាយទៅជាពិធីបុណ្យធំដុំរហូតដល់ក្លាយជាបុណ្យជាតិ និង ប្រពៃណីដ៏ធំជាងគេតែម្ដង៕
ប្រភព ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ