ទិញជ្រូកមកចិញ្ចឹមថានឹងកាប់សាច់លក់ ចុងក្រោយស្រឡាញ់ដូចកូន ឱ្យដេកស៊ីមួយថ្ងៃ ៣ ពេល ហើយដាក់ឈ្មោះ អ៊ូក ឱ្យទៀត
រឿងរ៉ាវមួយកំពុងផ្ទុះល្បីនៅប្រទេសវៀតណាម ដែលជារឿងរបស់ស្ត្រីម្នាក់ខំទិញជ្រូកមួយក្បាលមកចិញ្ចឹម ថានឹងកាប់យកសាច់ តែមានអីចុងក្រោយបែរជាស្រឡាញ់ដូចកូន ឱ្យដេកឱ្យស៊ី ថែរក្សាមួយចប់សព្វគ្រប់។
តាមព័ត៌មានបានឱ្យដឹងថា ស្ត្រីខាងលើជាអ្នករស់នៅ ស្រុក Dingchuan ខេត្ត Dong Nai ប្រទេសវៀតណាម។ កាលពី ២ ឆ្នាំមុន រូបគេបានទិញកូនជ្រូកមួយក្បាលក្នុងតម្លៃ ៥០០ ០០០ ដុង ស្មើប្រហែល ២០ ដុល្លារ យកមកចិញ្ចឹម គិតថានឹងទុកកាប់សាច់ជាអាហារ។
ក្រោយមក នៅពេលវាអាយុបាន ៦ ខែ ស្ត្រីខាងលើបម្រុងនឹងកាប់សាច់វាធ្វើជាអាហារនៅក្នុងបុណ្យគម្រប់ខួបស្លាប់របស់ស្វាមី ហើយថែមទាំងខលប្រាប់សាច់ញាតិ កូនចៅឱ្យមកចាំជួយទិញសាច់របស់វាទៀតផង តែជ្រូកមួយក្បាលនេះតែងតែនៅជិតរូបគាត់មិនទៅណាសោះ វាដើរតាមដូចជាកូនដើរតាមម្តាយ ទើបស្ត្រីខាងលើរំជួលចិត្តអាណិតខ្លាំង ក៏បានសម្រេចចិត្តថាមិនសម្លាប់វាឡើយ។
យ៉ាងណាមិញ ស្ត្រីខាងលើបានតាំងចិត្តចិញ្ចឹមវាបានយ៉ាងល្អ ដោយបានដាក់ឈ្មោះឱ្យវាថា អ៊ូក ព្រមទាំងឱ្យបាយឱ្យទឹកវាស៊ីឆ្អែតៗ ៣ ពេល ងូតទឹកដុះក្អែល ទិញថ្នាំប៉ូវជំនួយវា ពោលគឺស្រឡាញ់វាដូចជាកូនបង្កើត រហូតមកទល់ពេលនេះវាឡើងទម្ងន់រហូតដល់ទៅ ២០០ គីឡូក្រាមទៅហើយ។ ស្ត្រីខាងលើពិតជាមានមនោសញ្ចេតនាជាមួយនឹងជ្រូកមួយក្បាលនេះណាស់ ដោយសរសើរវាមិនដាច់ពីមាត់ ថាជ្រូកឆ្លាតជានិច្ច។ ចុងក្រោយស្ត្រីខាងលើបានឱ្យដឹងថា បើសិនជាវាស្លាប់នឹងយកវាទៅកប់ដោយខ្លួនឯង នឹងមិនហូបសាច់វានោះទេ៕