ផ្អើលនៅថៃ មនុស្សម្នានាំគ្នាគគ្រឹកទៅមើលចេតិយគេអះអាងថាមានអាយុ ៧០០ ឆ្នាំ ផុសឡើងកណ្ដាលទន្លេមេគង្គ
ចេតិយ Phra That Klang Nam សាងសង់ឡើងនៅមាត់ទន្លេមេគង្គអំឡុងសតវត្សរ៍ទី ១៥ អាយុកាលប្រមាណ ៧០០ ឆ្នាំមុន ដោយចេតិយមួយនេះ បានលិចបាត់ទៅក្នុងទន្លេតាំងពីឆ្នាំ ១៨៤៧ ប៉ុន្តែថ្មីៗនេះ បែរជាផុសឡើងមកវិញគួរឱ្យភ្ញាក់ផ្អើលបំផុត។
កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ អ្នកទេសចរជាច្រើននាក់បាននាំគ្នាសម្រុកទៅខេត្ត Nong Khai ដើម្បីទៅមើលចេតិយ Phra That Klang Nam ក្រោយចេតិយបុរាណមួយនេះ ផុសឡើងកណ្ដាលទន្លេមេគង្គ ក្រោយទឹកទន្លេបានស្រកចុះ។ អ្នកទេសចរដែលទៅកាន់ទីនោះ មួយចំនួនធំបានឈរសម្លឹងមើលពីខាងលើច្រាំងទៅ ខណៈមួយចំនួនទៀតចង់ឃើញឱ្យជិត ដោយជិះទូកទៅមើលនៅជិតផ្ទាល់។
បើតាមក្រសួងធនធានទឹកប្រចាំប្រទេសថៃ បានឱ្យដឹងថា ចេតិយបុរាណមួយនេះបានផុសឡើង ស្របពេលដែលកម្រិតទឹកទន្លេមេគង្គនៅកន្លែងខ្លះ បានស្រកចុះក្រោម ១ ម៉ែត្រឯណោះ ដោយសារតែបញ្ហារាំងស្ងួត។ ដូច្នេះហើយ ទូកនានាដែលមានបំណងចង់បរក្បែរ ឬ ជុំវិញចេតិយមួយនេះ ខាងក្រសួងព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕