Aum ទ្រាំលែងបាន ទៅរកមេធាវីប្រឹក្សាច្បាប់ភ្លាមៗ ក្រោយក្រុមហ៊ុនមួយលួចយករូបនាងទៅធ្វើអាជីវកម្ម
តារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ Aum Patcharapa ភាគច្រើនមហាជនបានស្គាល់ច្បាស់ថាគឺជានារីស្រស់សោភា ដែលមានទាំងទេពកោសល្យ និង សមត្ថភាពខ្ពស់លើវិស័យសិល្បៈ។ លើសពីនោះ តារាស្រី Aum ក៏ត្រូវបានមហាជនជាច្រើនកោតសរសើរទាក់ទងនឹងកាលថែរក្សាសម្រស់ បើទោះបីជាបច្ចុប្បន្ននេះនាងមានវ័យ ៤៣ ឆ្នាំហើយក្តី តែរូបនាងហាក់នៅក្មេងខ្ចី មិនផ្លាស់ប្តូរសម្រស់ទៅណាឡើយ។
ដោយឡែក បើនិយាយពីទ្រព្យសម្បត្តិវិញ សម្រាប់តារាស្រី Aum គឺជាសេដ្ឋិនីម្នាក់ដែលមានឃ្លាំងទ្រព្យច្រើនសន្ធឹកសន្ធាប់។ ក្នុងនាមជាតារាស្រីហាយសូរ មានលុយ ឡាន ផ្ទះវីឡា មិនចេះខ្វះ ជារឿយៗតារាស្រីរូបនេះ តែងបានបង្ហាញនូវសម្ភារនិយម លើបណ្ដាញសង្គមអ៊ីនស្តាក្រាម និង ហ្វេសប៊ុក ស្ទើរមិនលស់ថ្ងៃឡើយ។
ប្រឡូកក្នុងសិល្បៈអស់រយៈពេល ២៦ ឆ្នាំ តារាស្រីរូបនេះបានក្លាយជាកំពូលតារាប្រចាំប្រទេសថៃ និង ជាតារាស្រីដែលមានតម្លៃខ្លួនខ្ពស់ជាងគេឈរលើលំដាប់ទី ១។ ចាប់តាំងតែក្លាយជាអ្នកសិល្បៈមក គេឃើញថាតារាស្រី Aum ពុំដែលមានរឿងអាស្រូវបាចសាចលើបណ្ដាញសារព័ត៌មានឡើយ ផ្ទុយទៅវិញមានតែព័ត៌មានល្អៗប៉ុណ្ណោះ។
យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែតារាស្រីរូបនេះកើតក្តីមិនពេញចិត្តចំពោះក្រុមហ៊ុនមួយដែលបានយករូបរបស់នាងទៅធ្វើអាជីវីវកម្មទាំងដែលនាង និង ក្រុមហ៊ុនបានបញ្ចប់កុងត្រារួចទៅហើយ។ ទន្ទឹមនឹងទង្វើដ៏គឃ្លើនមិនគោរពកិច្ចសន្យា និង ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកិត្តិយសនេះ បានធ្វើឱ្យតារាស្រី Aum ទ្រាំលែងបានត្រូវចាត់ទៅតាមវិធានការច្បាប់។
តួយ៉ាង គេបានឃើញតារាស្រី Aum ព្រមទាំងអ្នកចាត់ការផ្ទាល់ខ្លួន គឺ A Suppachai បានទៅទទួលការប្រឹក្សាពីមេធាវីល្បី លោក Tum Sittra ដើម្បីដំណើររឿងក្តីទៅតាមនីតិវិធីច្បាប់។ ក្នុងនោះ សម្រាប់រឿងរ៉ាវទៅជាយ៉ាងណា មានតែរង់ចាំតាមដានបន្តទៅទៀត៕