ទម្រាំក្លាយជាតារារ៉េបល្បីនៅជប៉ុន Awich ប្រឹងបោះជំហានយ៉ាងលំបាកឆ្លងកាត់ឧបសគ្គច្រើនរាប់ភ្លេច
កាលពីពេលថ្មីៗនេះ កំពូលតារារ៉េបជប៉ុន Awich បានបង្ហាញមុខនៅក្នុងបទចម្រៀង «6 YEARS IN THE GAME» របស់ វណ្ណដា ដែលជាកំពូលតារារ៉េបដ៏ល្បីប្រចាំប្រទេសកម្ពុជា សម្រាប់បទចម្រៀងរួមគ្នារបស់តារាទាំងពីររូបនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រដែលស្រឡាញ់ពេញចិត្តវិស័យចម្រៀងរ៉េប។
យ៉ាងណាមិញ បើនិយាយអំពីតារារ៉េប Awich វិញ នាងគឺជារាជិនីក្នុងវិស័យចម្រៀងរ៉េបក្នុងប្រទេសជប៉ុន ដែលធ្លាប់ឈ្នះបានពានរង្វាន់ជាតារារ៉េបអន្តរជាតិឆ្នើមក្នុងប្រទេសជប៉ុន នៅឆ្នាំ ២០២២។
ទោះជាយ៉ាងណា មុនទទួលបានជោគជ័យលើវិថី Hip hop នេះ Awich បានឆ្លងកាត់ការលំបាកយ៉ាងច្រើនក្នុងការបោះជំហានរបស់នាង ដើម្បីតតាំងជម្លោះក្នុងវិស័យ Hip hop នៅជប៉ុនតាំងពីឆ្នាំ ២០០៦ រហូតក្លាយជារាជិនីនៃ Hip hop និង តារាស្រី Hip hop ដំបូងនៅជប៉ុនផងដែរ។
កន្លងមក Awich ធ្លាប់បាននិយាយក្នុងបទសម្ភាសថា នាងជក់ចិត្តនឹងវិស័យ Hip hop តាំងពីអាយុ ១៣ឆ្នាំ ដោយចេះតែងនិពន្ធបទចម្រៀងផ្ទាល់ខ្លួន ហើយចេញផ្សាយបទដំបូងកាលនាងមានអាយុ ១៤ឆ្នាំ និងត្រូវបានគេទទួលស្គាល់ពីសមត្ថភាពទាំងវ័យក្មេងរបស់នាង រហូតមកដល់បច្ចុប្បន្ន៕