ស្រីៗសម្គាល់មើលតែ ៣ យ៉ាងនេះ ដឹងច្បាស់ដូចថ្ងៃថាមនុស្សប្រុសស្រឡាញ់ស្មោះ ឬ ស្រឡាញ់បោក?
ជាដៃគូស្នេហានឹងគ្នា យល់ព្រមចាប់ដៃគ្នាទៅហើយ មិត្តនារីមួយចំនួនប្រហែលជាពុំចាប់អារម្មណ៍នោះទេ ថាដៃគូស្នេហារបស់ខ្លួន ពិតជាស្រឡាញ់អ្នកពិតប្រាកដ ឬ ក៏គ្រាន់តែទុកអ្នកលេងសើចកំដរអារម្មណ៍របស់គេ ។ ដូច្នេះដើម្បីឱ្យដឹងកាន់តែច្បាស់ អ្នកត្រូវតែតាមដានដៃគូឱ្យជាប់ បើគេមានចំណុច ៣ យ៉ាងនេះ បានន័យថាគេពុំបានស្រឡាញ់អ្នកច្បាស់លាស់ ហើយអ្នកចាំបាច់ត្រូវកាត់ចិត្ត ហើយដើរចេញឱ្យលឿនបំផុត ។ សញ្ញាទាំង ៣ យ៉ាងនោះមានដូចជា ៖
១. គេជាបុរសដែលមិនខ្វាយខ្វល់នឹងអារម្មណ៍របស់អ្នក
នៅពេលដែលបុរសណាម្នាក់ស្រឡាញ់អ្នកខ្លាំងបំផុត គេតែងតែខ្វាយខ្វល់ពីអារម្មណ៍មនុស្សជាទីស្រឡាញ់របស់គេ ហើយតែងតែរិះរកគ្រប់វិធីដើម្បីឱ្យនាងញញឹម ចាកផុតពីសេចក្ដីក្រៀមក្រំ និង ដឹងពីអារម្មណ៍របស់ដៃគូគ្រប់ពេលវេលា ។ បើសិនជាដៃគូដែលអ្នកស្រឡាញ់ជាបុគ្គលដែលមិនខ្វល់ថាអ្នកពិបាកចិត្ត ឬ ក៏សប្បាយចិត្ត ដោយគិតតែពីអារម្មណ៍ខ្លួនឯង នោះបានន័យថា គេពុំបានស្រឡាញ់អ្នកឡើយ ដូច្នេះអ្នកត្រូវដើរចេញជាបន្ទាន់ បើមិនចង់ជួបរឿងឈឺចាប់ជាងនេះ ។
២. ជាបុរសដែលមិនដែលមិនខ្ចីចងចាំអនុស្សាវរីយ៍ល្អរួមគ្នា
ជាការពិតណាស់ នៅពេលដែលស្រឡាញ់នរណាម្នាក់ មនុស្សប្រុសតែងតែគិតគូរ ខ្វាយខ្វល់ និង ចងចាំនូវអនុស្សាវរីយ៍ល្អៗរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួន ដែលមានដូចជា ថ្ងៃកំណើត ថ្ងៃណាត់ជួបគ្នាដំបូង ថ្ងៃខួបនៃក្ដីស្រឡាញ់ និង ថ្ងៃពិសេសផ្សេងៗទៀត ដែលដៃគូស្នេហាបានសាងរួមគ្នា ។ ដោយឡែក បើសិនជាមនុស្សប្រុសពុំបានចងចាំនូវចំណុចពិសេសដែលបរិយាយខាងលើនេះទេ អ្នកគួរតែត្រៀមចិត្តឱ្យហើយទៅ ព្រោះគេពុំបានយកចិត្តទុកដាក់ និង ស្រឡាញ់អ្នកនោះទេ ។
៣. គេជាបុរសដែលគ្មានពេលវេលាឱ្យអ្នក តែមានពេលវេលាឱ្យអ្នកដទៃ
ជាការពិតណាស់ ក្នុននាមមនុស្សប្រុស បើគេស្រឡាញ់អ្នកណាម្នាក់ហើយ គេច្បាស់ជាចំណាយពេលវេលា និង ឆ្លៀតម៉ោងរបស់គេ មកចំណាយជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួន ព្រោះនេះត្រូវបានមនុស្សទូទៅស្គាល់ថាជាឥទ្ធិពលនៃក្ដីស្រឡាញ់ ។ ដោយឡែកបើសិនជាដៃគូរបស់អ្នក ពុំចេះគ្រប់គ្រងពេលវេលា ពុំចេះចំណាយពេលវេលាឱ្យអ្នក តែឆ្លៀតប្រើប្រាស់ពេលវេលាជាមួយមនុស្សដែលមិនចាំបាច់ នោះបានន័យថា អ្នកពុំមានអ្វីសំខាន់ក្នុងកែវភ្នែករបស់គេនោះទេ ហើយវាក៏ជាពេលដែលអ្នកត្រូវដើរចេញពីគេឱ្យបានឆាប់ផងដែរ ចៀសវាងមានការឈឺចាប់ទៅថ្ងៃក្រោយ ៕