ក្រោយធ្លាយរឿងអនាគតកូនកំលោះរបស់ អ៊ីវ៉ា ស្រាប់តែ វីរៈនិច្ច ធ្លោយមាត់បែបនេះភ្លែត
ពិតណាស់ ថ្មីៗនេះ ស្របពេលកំពុងលេចឮដំណឹងថា តារាចម្រៀងស្រី អ៊ីវ៉ា ជិតមានស្វាមី ស្រាប់តែបានឃើញដំរួយមួយដែលធ្វើឱ្យអ្នកគាំទ្រកំពុងសង្ស័យទៅលើបុរសរូបសង្ហាម្នាក់ ដែលមានបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Senghour Ly អាចជាម្ចាស់បេះដូងរបស់តារាចម្រៀងស្រីរូបនេះ និង ជាអនាគតកូនកំលោះរបស់នាងឆាប់ៗនេះ ខណៈបានឃើញលោកបង្ហោះរូបភាពជាមួយ អ៊ីវ៉ា យ៉ាងផ្អែមល្អែមភ្ជាប់ជាមួយសារដ៏មានអត្ថន័យក្នុងនាមជាគូស្នេហ៍។
ក្នុងនោះ លោក Senghour Ly បានបង្ហោះសាររៀបរាប់ថា ៖ «សួរថាហេតុអ្វីខ្ញុំអាចធ្វើរឿងទាំងអស់នេះបាន…? ជាជំនួយការ អ្នកប្រឹក្សា ជាAdmin ជាអ្នកថតរូប ជាអ្នកបើកឡាន ជាអង្គរក្ស ជាអ្នកចាក់ភ្លេង ជាអ្នកបំពេញបំណង ជាអ្នកធ្វើអោយសប្បាយចិត្ត ជាចុងភៅ ជាអ្នកដឹងគ្រប់រឿងទាំងល្អនឹងអាក្រក់ ជាអ្នកឃើញស្នាមញញឹម នឹងទឹកភ្នែក ជាអ្នកផ្តល់យោបល់ ជាអ្នកស្តាប់ឃ្មុំ (រអ៊ូរ) ជាអ្នកទទួលខុសត្រូវ ជាអ្នកមើលថែទាំ …។ ចម្លើយ គឺ ព្រួយបារម្ភ មិនចង់ឱ្យនាង ពិបាក ហត់នឿយ គិតច្រើន ខាតពេលវេលា ក្តៅស្អុះស្អាប់ មិនសប្បាយចិត្ត អ្វីដែលអាចធ្វើបានខ្ញុំនឹងធ្វើ ទោះការធ្វើនោះត្រូវចិត្តខ្លះ មិនត្រូវចិត្តខ្លះ អន់ចិត្តខ្លះ ខឹងខ្លះ ពិបាកចិត្តខ្លះ មិនសមបំណងខ្លះ យំខ្លះ…។ ក៏ដោយតែអ្វីៗសុទ្ធតែជារឿងល្អ ដែលមិនបានក្បត់ មិនកុហក់ មិនលាក់លៀម ធ្វើចេញដោយភាពស្មោះត្រង់…»។
យ៉ាងណាមិញ បើចាប់អារម្មណ៍ទៅលើហ្វេសប៊ុករបស់ លោក Senghour Ly កន្លងមក ក៏បានឃើញលោកបង្ហោះរូបភាពជាមួយកញ្ញា អ៊ីវ៉ា ជាបន្តបន្ទាប់ភ្ជាប់ជាមួយសារដ៏ផ្អែមល្ហែមជាច្រើន ដោយបង្ហាញកាន់តែច្បាស់ឱ្យឃើញថាអ្នកទាំងពីរពិតជាកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែន។
ទន្ទឹមនឹងនោះ ក្រោយពីធ្លាយដំរួយនេះឡើង ឃើញថាមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះចែករំលែកបង្ហាញក្ដីរំភើបអបអរសាទរចំពោះកញ្ញា អ៊ីវ៉ា និង អនាគតកូនកំលោះរបស់នាងផងដែរ។ ក្នុងនោះដែរ គេបានឃើញតារាចម្រៀង វីរៈ និច្ច ក៏បានចែករំលែកការបង្ហោះរបស់លោក Senghour Ly ភ្ជាប់ជាមួយសារនិយាយអបអរទៅកាន់កញ្ញា អ៊ីវ៉ា ថែមទាំងបញ្ជាក់ថានាងជិតមានដំណឹងល្អទៀតផង។ សារនោះ វីរៈ និច្ច សរសេរថា ៖ «Khin Sreyneath អបអរសាទរចែ លាក់ដល់ណាទៀត» និង ខមមិនក្រោយការស៊ែរថែមទៀតថា ៖ «sooon pre wedding»៕