ហួសចិត្ត! ទៅចោលកូនតាំងពីអាយុ ៣ ខែ ឱ្យឪពុកចិញ្ចឹមម្នាក់ឯង ដល់កូនធំជួបរឿងអកុសលស្ល-ា/ប់ ក៏លេចមុខម្ដាយមកទាមទារលុយសំណង
ថ្មីៗនេះ មានបុរសជនជាតិថៃម្នាក់បានទម្លាយរឿងឈឺចាប់របស់ខ្លួន ដោយខំចិញ្ចឹមកូនប្រុសម្នាក់ឯងតាំងពីអាយុ ៣ ខែគ្មានវត្តមានម្តាយ ដល់ធំឡើងកូនប្រទះឧបទ្ទវហេតុស្លាប់ ស្រាប់តែលេចមុខម្តាយមកទាមទារចំណែកលុយសំណង។
បុរសរូបនេះបានរៀបរាប់ឱ្យដឹងថា គេបានចែកផ្លូវគ្នាជាមួយនឹងប្រពន្ធតាំងពីកូនប្រុសអាយុ ៣ ខែ ហើយក៏សម្រេចចិត្តយកកូនមកចិញ្ចឹមតែម្នាក់ឯង ចំណែកឯប្រពន្ធក៏ចាកចេញទៅប្រើជីវិតថ្មី។ លុះមកដល់អាយុ ១៩ ឆ្នាំ កូនប្រុសក៏បានប្រទះឧបទ្ទវហេតុបណ្តាលឱ្យរបួសធ្ងន់ធ្ងរ និងសង្រ្គោះក្នុងមន្ទីរពេទ្យបានត្រឹមតែ ១០ ថ្ងៃ ក៏បានបាត់បង់ជីវិតទៅ។
បុរសជាឪពុកបន្តទៀតថា ស្រ្តីជាម្តាយមិនដែលផ្ញើលុយមកជួយចិញ្ចឹមកូនឡើយ សូម្បីតែកូននៅក្នុងមន្ទីរពេទ្យក៏មិនជួយមើលថែ តែក្រោយពីដឹងថាកូនបានលុយសំណងចំនួន ២ លានបាត ដែលស្មើប្រមាណជិត ៦ ម៉ឺនដុល្លារ ក៏ស្រាប់តែឱ្យមេធាវីមកចរចាយកលុយសំណងនោះតែម្តង។ បុរសរូបនេះបានឱ្យដឹងថា ខ្លួន និង ប្រពន្ធមិនបានចុះអេតាស៊ីវិលឡើយ ដូច្នេះហើយសិទ្ធិនៃលុយសំណងគឺអាចធ្លាក់ទៅលើម្តាយបាន។ ហើយកាលដែលលោកមកចែករំលែករឿងនេះ គឺចង់រំសាយសេចក្តីទុក្ខ និង សុំយោបល់ខ្លះៗពីមហាជន៕
ប្រភព៖ Khaosod