ភ្នំភ្លើងនៅឥណ្ឌូនេស៊ី ផ្ទុះឡើងទាំងកណ្ដាលអធ្រាត្រ ជះសាចដុំភ្លើងឆេះកម្ទេចផ្ទះពលរដ្ឋកំពុងដេកលក់
នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ភ្នំភ្លើងភ្លោះ Lewotobi Laki-Laki កម្ពស់ជាង ១៧០០ ម៉ែត្រ ដែលមានទីតាំងនៅលើកោះទេសចរណ៍ដ៏ល្បី Flores ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងជះសាចដុំភ្លើងខ្ទាតលើផ្ទះពលរដ្ឋជុំវិញតំបន់នោះបង្កជាការឆាបឆេះខូចខាតផ្ទះសម្បែងអស់ជាច្រើនខ្នង និង ថែមទាំងបណ្ដាលឱ្យមនុស្ស ១០ នាក់បាត់បង់ជីវិតទៀត។
បន្ថែមពីនេះ ភ្នំភ្លើងក៏បានជះបាចសាចផេះគ្របដណ្ដប់តំបន់ក្បែរៗនោះ រហូតខាងអាជ្ញាធរត្រូវបង្ខំជម្លៀសពលរដ្ឋចេញពីភូមិមួយចំនួនផងដែរ។ ការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លានេះ ខាងមន្ត្រីក្នុងតំបន់បានដាក់ការប្រកាសអាសន្នឡើងដល់កម្រិតខ្ពស់បំផុត និង បញ្ជាឱ្យទាំងពលរដ្ឋ និង ភ្ញៀវទេសចរនៅឱ្យឆ្ងាយពីភ្នំភ្លើងក្នុងចម្ងាយ ៧ គីឡូម៉ែត្រ។
គួរឱ្យដឹងថា ភ្នំភ្លើង Lewotobi Laki-Laki ធ្លាប់បានផ្ទុះច្រើនដងដែរកាលពីខែមករាកន្លងទៅ បណ្ដាលឱ្យអាជ្ញាធរត្រូវជម្លៀសពលរដ្ឋយ៉ាងហោចណាស់ ២ ពាន់នាក់ទៅកាន់កន្លែងមានសុវត្ថិភាព។ ដូចដែលប្រិយមិត្តមួយចំនួនបានដឹងរួចមកហើយ ប្រទេសឥណ្ឌូនេស៊ីជាប្រទេសស្ថិតនៅតំបន់ចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក ជាតំបន់ងាយនឹងទទួលរងនូវបន្ទុះភ្នំភ្លើង និង គ្រោះរញ្ជួយដី។ ជាក់ស្ដែង កាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ភ្នំភ្លើង Marapi នៅខេត្ត West Sumatra បានផ្ទុះឡើង បណ្ដាលឱ្យអ្នកឡើងភ្នំយ៉ាងហោចណាស់ ២៤ នាក់បានបាត់បង់ជីវិត៕