ភរិយាអតីតកីឡាករ ណុប តុលា បង្ហាញការមិនពេញចិត្ត ក្រោយមានអ្នកបង្ហោះថាប្ដីស្ល-ា/.ប់ ខណៈមិនទាន់ទទួលដំណឹងជាក់លាក់
នៅយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថ្មីៗកន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានចែករំលែកបន្តគ្នាព្រោងព្រាត ចំពោះដំណឹងស្វែងរកអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ណុប តុលា ដែលលោកបានចាកចេញពីផ្ទះ ព្រមទាំងបង្ហោះសារលាក្រុមគ្រួសារ ទាំងសោកស្ដាយចំពោះទង្វើដែលលោកបានធ្វើ។
កន្លងទៅរយៈពេល ២ យប់ ៣ ថ្ងៃ គិតត្រឹមយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ គឺមិនទាន់មានដំណឹងជាក់លាក់ណាមួយអំពីអតីតកីឡាករជម្រើសជាតិ ណុប តុលា ឡើយ ខណៈមានផេកមួយចំនួនបែរជាបង្ហោះសារចូលរួមរំលែកទុក្ខព្រោងព្រាតទៅវិញ ដែលធ្វើឱ្យភរិយាកីឡាករ ណុប តុលា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ra Ra បានបង្ហោះសារសុំចិត្តអ្នកបង្ហោះទាំងនោះ កុំឱ្យចែករំលែកអ្វីដែលមិនមានភាពច្បាស់លាស់ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តនាង និង ក្រុមគ្រួសារ។
ពិតណាស់ ភរិយាលោក ណុប តុលា បានរៀបរាប់ថា ៖ «ក្នុងនាមខ្ញុំជាប្រពន្ធ មកត្រឹមម៉ោងនេះ ៥:៣២ នៅមិនទាន់ទទួលបានព័ត៌មានច្បាស់ការ ១០០% នៅឡើយទេ កំពុងរង់ចាំសមត្ថកិច្ចធ្វើការ សុំចិត្តបណ្តារសារព័ត៌មាន កុំយករឿងគ្រួសារខ្ញុំផុសមិនពិត ប៉ះពាល់ដល់អារម្មណ៍គ្រួសារខ្ញុំ»។
ស្របគ្នានេះផងដែរ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ តាមរយៈគណនីកីឡាករ សំអឿន ពិដោរ ដែលជាកីឡាកររៀមច្បងរួមអាជីព ក៏បានបង្ហោះសារឱ្យដឹងផងដែរថា ៖ «មកដល់ពេលនេះពួកយើងមិនទាន់បានទទួលដំណឹងមួយណាដែលច្បាស់ការពីស្ថានភាពរបស់ប្អូនប្រុស តុលា ដូច្នេះពួកយើងគួរតែរង់ចាំព័ត៌មានដែលច្បាស់ការទាំងអស់គ្នា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏មនុស្សយើងម្នាក់ៗមានកិត្តិយសរៀងៗខ្លួនដែរ មិនថាស្ថានភាពបែបណាក៏ពួកយើងជាគ្រួសារព្រះខ័នរាជស្វាយរៀង នៅតែឈរពីក្រោយប្អូនតុលាឆាប់ត្រឡប់មកផ្ទះវិញ»៕