ប្រាប់តៗគ្នាផង! សែនឆ្នាំចិនថ្មីនេះ អ្នកគ្រូ ណាលី ប្រាប់ឱ្យប្រើកម្រាល និង សម្លៀកបំពាក់ពណ៌ខៀវ កុំឱ្យឆុង
នៅថ្ងៃទី ១, ២ និង ៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលនឹងឈានមកដល់ខាងមុខនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបងប្អូនប្រជាជនចិន និង វៀតណាម ឬ បងប្អូនខ្មែរដែលជាប់សែស្រឡាយចិន និយមរៀបចំតុបតែងផ្ទះ ត្រៀមខ្លួនយ៉ាងរីករាយ ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ។
ដោយឡែក ចំពោះការរៀបចំសែនព្រេននៅក្នុងឆ្នាំថ្មី ២០២២ នេះ ទៀតសោត បើតាមការបញ្ជាក់ពីអ្នកគ្រូហុងស៊ុយ ណាលី បានបញ្ជាក់ឱ្យបានដឹងថា ចំពោះការរៀបចំពណ៌សែនព្រេននៅក្នុងឆ្នាំនេះ គឺត្រូវប្រើប្រាស់ពណ៌ខៀវ ដែលប្លែកពីរាល់ឆ្នាំ គេនិយមប្រើប្រាស់ពណ៌ក្រហមចំពោះការសែនព្រេនឆ្នាំថ្មី។
ទន្ទឹមនឹងនោះ អ្នកគ្រូ បានបញ្ជាក់ពីមូលហេតុនៃការប្រើប្រាស់ពណ៌ប្លែកបែបនេះ ឱ្យបានដឹងថា ៖ «កន្លងមក តាមក្បួនបុរាណតៗគ្នាមកតែងប្រើពណ៌ក្រហមហើយ ប៉ុន្តែបើសិនជាយើងគិតឱ្យលម្អិតតែម្ដង គឺនៅពេលដែលយើងសែន គឺត្រូវដឹងថាថាមពលធាតុអីចូលមក។ ជាក់ស្ដែងថ្ងៃទី ៣១ ជាថ្ងៃដែលចូលឆ្នាំចិន នេះមានន័យថា ថាមពល ២ ចរចូលមកជាថាមពលពិឃាត ដូច្នេះសម្រាប់អ្នកដែលមានថ្ងៃឆុង ខែឆុង ឆ្នាំឆុង ម៉ោងឆុង នៅពេលដែលសែន បង្ការខ្លួនពីការឆុង ដោយប្រើក្រណាត់ក្រាលសម្រាប់គ្រឿងសែន គឺប្រើពណ៌ទឹកប៊ិច ខណៈខោអាវគឺប្រើពណ៌ទឹកប៊ិចបានដូចគ្នា អាវយឺតក៏បានអីក៏បាន សំខាន់ទឹកប៊ិច ឬ ខ្មៅ ឬ ផ្ទៃមេឃគឺបានដូចគ្នា គឺប្រភេទពណ៌ធាតុទឹក»។
អ្នកគ្រូបានបញ្ជាក់ទៀតថា ពណ៌បែបនេះ ប្រើសម្រាប់បង្ការ វកឆុងខាល ដោយសារថ្ងៃនោះថ្ងៃវក ហើយឆុងជាមួយនឹងឆ្នាំខាលទៀត ដូច្នេះថ្ងៃដែលចូលឆ្នាំចិនដំបូងឡើយ គឺថ្ងៃវក ឆុងនឹងខាល ដែលតម្រូវឱ្យអ្នកមានធាតុខាលប្រុងប្រយ័ត្ន និង គប្បីប្រើប្រាស់សម្លៀកបំពាក់ ពណ៌ខៀវ ឬ ពណ៌ខ្មៅ ដើម្បីកាត់ឆុង៕